ជាតិ
វត្តតាសុត មិនឱ្យនិមន្តព្រះសង្ឃ ចន្ទមុនី ដោយសារបរិស័ទខ្លះ បង្កឱ្យមានភាពអសណ្ដាប់ធ្នាប់
24, Dec 2023 , 4:00 pm        
រូបភាព
ភ្នំពេញ៖ វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានសេចក្ដីជូនដំណឹងឱ្យផ្អាកនិមន្តព្រះសង្ឃ ចន្ទមុនី ទៅតាមបណ្ដារាជធានី-ខេត្ត ក្រោមមូលហេតុ បរិស័ទមួយចំនួន បានបង្កឱ្យមានភាពអសណ្ដាប់ធ្នាប់ និងភាពមិនសមរម្យ ក្នុងវត្តអារាម និងបណ្ដារាជធានីខេត្ត។

 
ព្រះសង្ឃ អាចារ្យ គណៈកម្មការ វត្តតាសុត បានសម្រេចផ្អាកការនិមន្តព្រះសង្ឃ ចន្ទមុនី ជាបណ្ដោះអាសន្ន។ ការផ្អាកនេះ វត្តតាសុត បានសង្កេតឃើញពីការការគោរពប្រតិបត្តិសាសនា មិនត្រឹមត្រូវ ពីអ្នកមានជំនឿមួយចំនួន។ វត្តតាសុត យល់ថា ព្រះសង្ឃ ចន្ទមុនី មានភាពនឿយហត់ មិនបានសម្រាកត្រឹមត្រូវ ដោយសារពុទ្ធបរិស័ទ ប្រជែងគ្នាចង់ជួបព្រះសង្ឃ ចន្ទមុនី។ 
 
«សូមសម្រេច រំសាយរាល់នូវការជួបជុំធំៗ តាមបណ្ដារាជធានីខេត្ត វត្តអារាមនានា និងនៅក្នុងវត្តចន្ទប្បជោត្តនារាម ផ្ទាល់ផង ដែលមានមនុស្សចូលរួមច្រើន រហូតគ្រប់គ្រងអនាម័យ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋមិនបានល្អ រហូតមានរូបភាពមិនល្អក្នុងសង្គម។» នេះបើតាមសេចក្ដីជូនដំណឹងរបស់វត្តតាសុត កាលពីថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២៣ នេះ។ 
 
ពលរដ្ឋកម្ពុជាមួយចំនួន បានយល់ថា ការផ្អាកនេះ ធ្វើឡើងភ្លាម ក្រោយ សម្ដេច ហ៊ុន ម៉ាណែត បានណែនាំ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ឱ្យពិនិត្យលើការប្រណិប័តន៍ផ្នែកជំនឿ និងសាសនានៅកម្ពុជា កាលពីថ្ងៃទី២១ ខែឆ្នូ ឆ្នាំ២០២៣។ 
 
នាថ្ងៃទី២៤ ខែឆ្នូ នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សម្ដេច ហ៊ុន ម៉ាណែត មិនបានសំដៅ ទៅកាន់ព្រះសង្ឃ ចន្ទមុនី នោះឡើយ។ អង្គភាពនេះ រម្លឹកថា សម្ដេច ហ៊ុន ម៉ាណែត សំដៅទៅលើគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ។ សម្ដេច ហ៊ុន ម៉ាណែត ណែនាំរដ្ឋមន្រ្តីសាសនា ឱ្យពិនិត្យសកម្មភាពគ្រូបារមីចូលរូប ដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងឱ្យប៉ះពាល់ដល់សង្គម និងតម្លៃសាសនា៕ 

Tag:
 (សាសនា
  ចន្ទមុនី)
© រក្សាសិទ្ធិដោយ thmeythmey.com