កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ratcliffe យល់ព្រមទិញភាគហ៊ុន ២៥ភាគរយតម្លៃ ១,៦ពាន់លានដុល្លារ របស់ក្លិប Man Utd
25, Dec 2023 , 10:59 am        
រូបភាព
មហាសេដ្ឋីអង់គ្លេសលោក ​Sir Jim Ratcliffe បានយល់ព្រមលើកិច្ចព្រមព្រៀងទិញភាគហ៊ុនចំនួន ២៥ភាគរយ របស់ក្លិប Manchester United ដោយតម្លៃភាគហ៊ុនមានតម្លៃ ១,២៥ពាន់លានផោន (១,៦ពាន់លានដុល្លារ) ហើយថែមមានសិទ្ធិក្នុងគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិបទាំងមូល។

លោក Ratcliffe ជាប្រធានក្រុមហ៊ុនផ្គត់ផ្គង់សារធាតុគីមីឥន្ធនៈយក្សដែលមានឈ្មោះថា INEOS កំពុងត្រៀមផ្តល់មូលនិធិយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការវិនិយោគទៅលើក្លិបរហស្សនាមបិសាចក្រហម សម្រាប់ពេលអនាគត ព្រមទាំងនៅក្នុងកីឡដ្ឋាន Old Trafford ផ្ទាល់។
 
បើតាមរយៈការប្រកាសរបស់ក្លិប ​Man United លោក Ratcliffe នឹងទទួលបាន ២៥ភាគរយ នៃភាគហ៊ុនទាំងលំដាប់ Class B និង ២៥ភាគរយលើលំដាប់ Class A របស់ក្លិប និងគម្រោងវិនិយោគ ៣០០លានដុល្លារ ទៅលើអនាគតកីឡដ្ឋាន Old Trafford។ ក្លិបយក្សប្រចាំអង់គ្លេសក៏បានអះអាងថា ក្រុមហ៊ុន INEOS បានយល់ព្រមទទួលយកសំណើររបស់ក្រុមប្រឹក្សាភិបាល ក្នុងការផ្ទេរការទទួលខុសត្រូវ សម្រាប់ការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់ក្លិប។
 
បន្ទាប់ពីបានសម្រេចចិត្តទិញយកភាគហ៊ុនក្លិបបិសាចក្រហមរួច មហាសេដ្ឋីលំដាប់កំពូលប្រចាំអង់គ្លេស បាននិយាយថា លោកចង់ឃើញក្លិបម្ចាស់ពានលីគកំពូលអង់គ្លេស ២០សម័យ តស៊ូប្រជែងដើម្បីអាចវិលត្រឡប់ទៅកាន់ការប្រកួតប្រជែងពានរង្វាន់អឺរ៉ុបឡើងវិញ ហើយលោកក៏ប្តេជ្ញាចិត្តជួយជ្រោមជ្រែងរយៈពេលវែងដល់ក្លិប។
 
«ក្នុងនាមជាក្មេងប្រុសដែលរស់នៅក្នុងស្រុកម្នាក់ និងជាអ្នកគាំទ្រដល់ក្លិបមួយនេះតាំងតែពីនៅក្មេងមក ខ្ញុំពិតជារីករាយខ្លាំងដែលយើងបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្រុមប្រឹក្សារបស់ក្លិប Manchester United ដែលប្រគល់ឱ្យពួកយើងនូវការទទួលខុសត្រូវលើការគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិប។ […] យើងនឹងនាំយកចំណេះដឹង ជំនាញ និងភាព​ប៉ិនប្រសប់ជាសកលពីក្រុមហ៊ុន INEOS Sport ដែលកាន់តែទូលំទូឡាយ ដើម្បីជួយជំរុញឱ្យការរីកចម្រើនបន្ថែមទៀតនៅក្នុងក្លិប។»។ លោក Ratcliffe បាននិយាយបែបនេះ បន្ទាប់ពីបានទិញភាគហ៊ុនក្លិប Man United រួច។
 
កាលពីឆ្នាំ ២០២២ ម្ចាស់ក្លិបដែលជាក្រុមគ្រួសារ Glazers បានស្វែងរកយុទ្ធសាស្ត្រជាមួយម្ចាស់ថ្មី ដើម្បីជួយឱ្យក្លិបរីកចម្រើនឡើងវិញ។ សម្រាប់បេក្ខភាពពីដំបូងគឺរវាងលោក Ratcliffe និងម្ចាស់ធនាគារប្រចាំកាតា លោក ​Sheikh Jassim bin Hamad Al Thani បានព្យាយាមប្រជែងគ្នាក្នុងការដាក់សំណើរប្រមាណតម្លៃជាង ៥ពាន់លានផោន (៦,៣ពាន់លានដុល្លារ) ដើម្បីអាចកាន់កាប់ក្លិបទាំងមូល។ តែទោះយ៉ាងណាការព្យាយាមដេញថ្លៃរបស់ភាគីទាំងពីរមិនបានសម្រេច ក្រោយពេលដែលក្រុមគ្រួសារ Glazers ដែលជាម្ចាស់បានសម្រេចចិត្តមិនលក់ក្លិបឡើងវិញ ហើយបង្វែរស្វែងរកដៃគូសហការទៅវិញ។
 
បច្ចុប្បន្នក្លិប Man United កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ក្នុងតារាងក្របខណ្ឌ Premier League បន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេបានរងបរាជ័យក្រោមថ្វីជើងរបស់ក្រុម West Ham United លទ្ធផល ២-០។ ក្រុមបិសាចក្រហមទើបតែធ្លាក់ចេញពីការប្រកួតក្របខណ្ឌកំពូលអឺរ៉ុប UEFA Champions League បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់លេខ ៤ ក្នុងពូល A ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់ក្លិបយក្សមួយនេះ ហើយខកខានទាំងរក្សាកៅអីលេងក្នុងក្របខណ្ឌ Europa League ថែមទៀត៕

Tag:
 Manchester United
  Sir Jim Ratcliffe
© រក្សាសិទ្ធិដោយ thmeythmey.com