RFI
អន្តរជាតិ
ឥណ្ឌូណេស៊ី​ប្រកាស​ផែនការ​ថាមពល​ថ្មី​ដើម្បី​ទាញ​យក​កញ្ចប់​ជំនួយ​អន្តរជាតិ ២០ពាន់លានដុល្លារ
25, Dec 2023 , 2:09 pm        
រូបភាព
កម្មករដើរនៅកំពង់ផែនាំចេញធ្យូងថ្មឥណ្ឌូណេស៊ីនៅកោះស៊ូម៉ាត្រា ឆ្នាំ ២០២២ ។ REUTERS
កម្មករដើរនៅកំពង់ផែនាំចេញធ្យូងថ្មឥណ្ឌូណេស៊ីនៅកោះស៊ូម៉ាត្រា ឆ្នាំ ២០២២ ។ REUTERS
ដោយ៖ឈាង បុប្ផា
រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នៅថ្ងៃអង្គារ​ទី ២១​វិច្ឆិកា ចាប់ផ្តើម​ផែនការវិនិយោគ​សំដៅកាត់បន្ថយ​ការពឹងផ្អែក​លើ​ថាមពល​បាន​មក​ពី​ធ្យូងថ្ម ជាថ្នូរ​នឹង​ការទទួលបានកញ្ចប់ថវិកា​ពីក្រុមប្រទេស​អ្នកមាន។ ជាប្រទេស​ដែលពឹងផ្អែកខ្លាំង​លើ​ថាមពលធ្យូងថ្ម ដែល​ជាប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឥណ្ឌូណេស៊ី​បាន​ចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមប្រទេសលោកខាងលិច ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​ការបញ្ចេញឧស្ម័នកាបូនិក​ឲ្យ​បាន​៤០លាន​តោន នៅ​ឆ្នាំ ២០៣០។

ដើម្បី​ទាក់ទាញបាន​ថវិកា​២០ពាន់​លាន​ដុល្លារ ពី​ក្រុមប្រទេស​អ្នកមាន ដែល​បាន​សន្យា​ជួយក្រុមប្រទេសកំពុងអភិវឌ្ឍ​ក្នុង​ការងាកទៅប្រើថាមពល​ស្អាតស្អំ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ប្រកាស​ផែនការ​វិនិយោគ ដែលមាន​គោលដៅ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក នៅក្នុង​វិស័យ​ផ្គត់ផ្គង់​អគ្គិសនី។
 
ទៅ​តាម​ការប្រកាស​របស់​ក្រសួងដែនសមុទ្រ និងការវិនិយោគ​ឥណ្ឌូណេស៊ី ផែនការ​គោលនយោបាយ និងការវិនិយោគ ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ប្រកាស​ចាប់ផ្តើម នៅថ្ងៃអង្គារ មានចែង​ពីការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក នៅក្នុងវិស័យផ្គត់ផ្គង់អគ្គិសនី ឲ្យ​មកនៅ​សល់​ត្រឹម ២៥០លានតោន នៅ​ឆ្នាំ ២០៣០។ ជា​ប្រទេស​ដែលពឹងផ្អែក​ខ្លាំង​ទៅលើ​ថាមពល​ធ្យូងថ្ម និង​ប្រេង សម្រាប់រោងចក្រ​ផលិតអគ្គិសនី ឥណ្ឌូណេស៊ី​ធ្លាប់​បាន​សន្យា​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នកាបូនិក មកនៅត្រឹម ២៩០លានតោន នៅឆ្នាំ ២០៣០។
 
សម្រាប់​រដ្ឋមន្រ្តីក្រសួង​ដែនសមុទ្រ​និងការវិនិយោគ​ឥណ្ឌូណេស៊ី ដើម្បី​សម្រេច​កម្មវត្ថុ ក្នុងការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័នផ្ទះកញ្ចក់ ឥណ្ឌូណេស៊ី​ត្រូវការ​ថវិកា យ៉ាងហោច ៩៧​ពាន់លាន​ដុល្លារ​សម្រាប់​វិនិយោគ​ទៅលើ​ថាមពល​ស្អាតស្អំ ដូចជា​ផ្ទាំងសូឡា ជាដើម ដើម្បីផលិតផ្គត់ផ្គង់អគ្គិសនី​នៅក្នុង​ប្រទេស។ តម្រូវការចង់បាន​របស់​ឥណ្ឌូណេស៊ី ចំនួន ៩៧​ពាន់លាន​ដុល្លារ គឺ​ស្មើ​៥ដង​នៃ​កញ្ចប់​ជំនួយ​ដែល​សន្យា​ដោយ​ក្រុមប្រទេស​លោក​ខាងលិច។
 
ស្ថិតក្នុងចំណោមប្រទេស​ដែល​នាំចេញធ្យូងថ្ម​ច្រើនជាងគេ នៅក្នុង​លោក ហើយក៏ជាអ្នកប្រើថាមពលធ្យូងថ្មច្រើន​សម្រាប់​ផលិត​អគ្គិសនី ឥណ្ឌូណេស៊ី​បាន​ចុះ​ហត្ថលេខា​ជាមួយ​អាមេរិក ជប៉ុន កាណាដា និង​ប្រទេស​អឺរ៉ុប​ចំនួន​៦ ដែល​បាន​សន្យា​ជួយឥណ្ឌូណេស៊ី​ឲ្យដើរងាកចេញពីការពឹងផ្អែកទៅលើធ្យូងថ្ម ដែល​ជាប្រភពបញ្ចេញឧស្ម័នកាបូនិក។
 
ឥណ្ឌូណេស៊ី ជាប្រទេស​ទី​៤ បន្ទាប់ពី​អាហ្វ្រិកខាងត្បូង វៀតណាម និង​សេណេហ្កាល់​ដែលបានទទួល​ប្រយោជន៍​ពី​កញ្ចប់ជំនួយ​របស់​ប្រទេស​លោកខាងលិច សម្រាប់​ការវិនិយោគ​លើ​ថាមពល​ស្អាតស្អំ។
 
ដើម្បី​ឈាន​ទៅដល់​ការអនុវត្ត​អព្យាក្រឹត្យ​កាបូន ក្នុង​វិស័យ​អគ្គិសនី នៅ​ឆ្នាំ ២០៥០ និងម្យ៉ាង​ដោយសារ​ខ្យល់បំពុលបរិយាកាស រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ធ្លាប់​សន្យា​លែង​សាងសង់​រោងចក្រ​អគ្គិសនីថ្មី ដែលដើរដោយថាមពល​ធ្យូងថ្ម និង​ចង់ទាញយកប្រយោជន៍ពី​រ៉ែ​នីកែល ដែលគេត្រូវការចាំបាច់សម្រាប់ផលិតអាគុយរថយន្ត​អគ្គិសនី។ ប៉ុន្តែ បញ្ហានៅត្រង់ថា រោងចក្រ​ចម្រាញ់​រ៉ែនីកែលទាំងអស់សុទ្ធតែប្រើ​ថាមពលធ្យូងថ្ម។ ម្យ៉ាង​បើតាម​សកម្មជន​ការពារ​បរិស្ថាន​ រដ្ឋាភិបាល​មិនបាន​ធ្វើតាម​ការសន្យា ដោយនៅតែ​បន្ត​គម្រោង​សាងសង់​រោងចក្រ​ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កន្លងមក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com