ជាតិ
មន្ទីរអប់រំ៖ ក្រសួងមិនមានគោលការណ៍បន្តកិច្ចសន្យា «គ្រូបង្រៀនកិច្ចសន្យា» អាយុលើស៤០ឆ្នាំ
25, Dec 2023 , 9:04 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី អឿ មុន្នី មិនអាចបន្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត បានទៀតទេ ក្រោមហេតុផលលើសអាយុ។ នេះជាការបំភ្លឺរបស់ មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បន្ទាប់ពី អ្នកស្រី អឿន មុន្នី បង្ហោះសាររិះគន់មន្ទីរករណីមិនបន្តកិច្ចសន្យា។

 
គណនីហ្វេសប៊ុកមួយ ឈ្មោះ អឿន មុន្នី បានផ្សាយអំពីការមិនពេញចិត្ត ជុំវិញករណីមិនបានបន្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពាក់ព័ន្ធរឿងនេះ មន្ទីរអប់រំយុវជន បានបំភ្លឺថា ការមិនបន្តឱ្យធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យាទៀត ដោយសារអ្នកស្រី អឿ មុន្នី មានវ័យចំណាស់រហូតដល់៥៧ឆ្នាំ។ 
 
បើតាមការបញ្ជាក់របស់មន្ទីរ ក្រសួងអប់រំ មិនមានគោលការណ៍បន្តកិច្ចសន្យាដល់បុគ្គលិកកិច្ចសន្យាអាយុលើស៤០ឆ្នាំនោះទេ។ «គោលការណ៍បានកំណត់ដោយក្រសួង និងមន្ទីរអប់រំ យុវជ និងកីឡា គឺជាបេក្ខជន ឬជាប្រជាពលរដ្ឋ ដែលត្រូវមានអាយុចាប់ពី១៨ឆ្នាំ ដល់៤០ឆ្នាំប៉ុណ្ណោះ។»
 
កាលពីឆ្នាំ២០២២ កន្លងមក អ្នកស្រី អឿ មុន្នី បានទទូចស្នើសុំប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងប៉ោយប៉ែត ជួយសម្របសម្រួល ឱ្យបានធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យារយៈពេលមួយឆ្នាំគត់ ដោយមិនសុំបន្តឆ្នាំក្រោយទៀតទេ។ 
 
អ្នកស្រី អឿ មុន្នី ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បញ្ចប់កិច្ចសន្យាបង្រៀននៅក្នុងបឋមសិក្សាសុខសាន្ត សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែវិច្ឆិកា។ 
 
ស្រ្តីរូបនេះ ចាប់ផ្ដើមធ្វើជាគ្រូជាប់កិច្ចសន្យានៅសាលាបឋមសុខសាន្តតាំងពីឆ្នាំ ២០០៦មក រហូតមកទល់ពេលមានរយៈពេល១៦ឆ្នាំ។ កាលនោះ អ្នកស្រី ទទួលបានប្រាក់ខែតែ១៣ម៉ឺនរៀលប៉ុណ្ណោះ រហូតមកឆ្នាំ ២០២៣នេះ ទើបអ្នកស្រីទទួលបានប្រាក់ខែ ១ ១២០ ០០០រៀល។ នេះបើតាមទំព័រហ្វេសប៊ុក របស់ អ្នកស្រី អឿ មុន្នី៕   
 

Tag:
 អប់រំ
  អឿ មុន្នី
  ក្រសួងអប់រំ
  សាលាបឋមសិក្សាសុខសាន្
© រក្សាសិទ្ធិដោយ thmeythmey.com