ជាតិ
ផ្តល់គុណតម្លៃមនុស្ស និង​សត្វ លោក សៅ សុខា គ្រោងសង់​រូបចម្លាក់លោក បេអាតរឺចឆ្ន័រ និងដំរីសំបូរ
26, Dec 2023 , 3:49 pm        
រូបភាព
លោក សៅ សុខា គ្រោងស្ថាបនារូបចម្លាក់លោក បេអាតរឺចឆ្ន័រ និងដំរីសំបូរ
លោក សៅ សុខា គ្រោងស្ថាបនារូបចម្លាក់លោក បេអាតរឺចឆ្ន័រ និងដំរីសំបូរ
ដោយ: រួបរួម
លោក សៅ សុខា តាមរយៈហ្វេសប៊ុក​ផ្លូវការ (G Sao Sokha) ​របស់ខ្លួន កាលពីថ្ងៃទី​២៥ ខែ​ធ្នូ បាន​បង្ហើបពីគំនិត​ចង់​ស្ថាបនា​រូប​ចម្លាក់តួអង្គ​ទាំងពីរ​នៅ​រមណីយដ្ឋានភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។


តើជានរណា? ជាអ្វី? អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ​មិន​បាន​សរសេរបញ្ជាក់នោះឡើយ ប៉ុន្តែ​សំណេរ​របស់​លោក​បាន​ភ្ជាប់ជាមួយ​រូបថត​ លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និងអតីតដំរីវត្តភ្នំដ៏ល្បីល្បាញ ឈ្មោះ សំបូរ។ លោក​ សៅ សុខា បាន​បញ្ជាក់​បន្ថែម​ពី​លើគំនិត​របស់​លោកថា៖ «ខ្ញុំកំពុងដឹកនាំកសាងក្នុងន័យផ្តល់គុណតម្លៃមនុស្ស និងសត្វដែលបានប្រើប្រាស់ជីវិតដើម្បីបម្រើមនុស្សជាតិទុកជាអនុស្សាវរីយ៍ផង និងជាការរួមចំណែកអប់រំដើម្បីការការពារបរិស្ថានផង។
 
«តើបងប្អូនគាំទ្រ និងចូលរួមជាមួយខ្ញុំដែរឬទេ?»។ មិនឃើញ​មាន​ចម្លើយ​បដិសេធ​នោះឡើយ ដោយមិត្ត​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ភាគច្រើន​បង្ហាញពីសញ្ញា និង​មតិគាំទ្រ ចំពោះគំនិត​ផ្តួចផ្តើម​នៃ​ការ​សាងសង់​រូបចម្លាក់​លោកវេជ្ជបណ្ឌិត បេអាត រិចឆ្នឺរ និងដំរី សំបូរ។
 
លោក បេអាត រិចឆ្នឺរ ជា​ស្ថាបនិក​មន្ទីរពេទ្យគន្ធបុប្ផា ដែលបានស្រោចស្រង់​​ជីវិតកុមារខ្មែរ​រាប់លាននាក់ចាប់តាំងពីឆ្នា​១៩៩១មក។ បុរសជនជាតិស្វីស​រូបនេះ បានទទួលមរណភាព​ក្នុងអាយុ​៧១​ឆ្នាំ​ កាលពីថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាការ​បាត់បង់ជន​ដ៏មហិមា​មួយ​រូប​របស់ពលរដ្ឋខ្មែរ ជាពិសេសកុមារ និងស្ត្រី។
 
រីឯ សំបូរ ដែលគេស្គាល់ថា «ដំរីវត្តភ្នំ» បាន​ស្លាប់ក្នុងអាយុ៦៣ឆ្នាំ កាលពីថ្ងៃទី​១៩ ខែតុលា។ កាលពីជាង​១០ទៅ​២០​ឆ្នាំមុន សំបូរ មានឈ្មោះ​ល្បីល្បាញយ៉ាងខ្លាំង តាមរយៈការផ្តល់​សេវាកម្ម​ទេសចរណ៍នៅ​រមណីយដ្ឋាន​វត្តភ្នំរហូតដល់​ឆ្នាំ២០១៤ ហើយ​​ចូលនិវត្តន៍ និង​ទៅរស់នៅខេត្តមណ្ឌលគិរី។
 
រមណីយដ្ឋានភ្នំជុំសែនរីករាយ ដែល​លោក សៅ សុខា គ្រោង​សាងសង់​រូប​ចម្លាក់​ លោក បេអាត រិចឆ្នឺរ និង​ដំរី សំបូរ ស្ថិតនៅភូមិ​សាស្ត្រ ភូមិ​ច្រកកូវ ឃុំពាម ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ពោល​គឺ​នៅ​តំបន់នៃមជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជ​អាវុធហត្ថ៕
 

Tag:
 សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com