ជាតិ
សេដ្ឋកិច្ច
ការប្រមូលចំណូលពន្ធគយ សម្រេចក្រោមផែនការជិត២០ភាគរយ ក្នុងឆ្នាំនេះ
26, Dec 2023 , 9:29 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រូបថត៖ ពីទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ រូបថត៖ ពីទំព័រហ្វេសប៊ុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា
ចាប់ពីឆ្នាំ២០២០មក គយមិនអាចរកចំណូលឱ្យគ្រប់តាមផែនការប្រចាំឆ្នាំបានឡើយ ព្រោះតែរងឥទ្ធិពលនៃជំងឺឆ្លងកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសាកល។ សម្រាប់ការកចំណូលឱ្យជាតិក្នុងឆ្នាំ២០២៣ គឺគយសម្រេចបានទាបជាងផែនការដល់ជិត២០ភាគរយ។ នេះជាការលើកឡើងរបស់លោក គុណ ញឹម ដោយបានអះអាងថា ការធ្លាក់ចុះនៃចំណូលនេះ ដោយសារការធ្វើកំណែទម្រង់បន្ធូរបន្ថយកម្រិតអត្រាបន្ទាត់ពន្ធ ទៅលើមុខទំនិញសំខាន់ៗ ការថយចុះលំហូរនាំចូលទំនិញពីក្រៅប្រទេស រួមនឹងការអនុវត្តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ ទាំងទ្វេភាគី និងពហុភាគី។



ក្នុងវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនស​មត្ថកិច្ចគយ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ លោក គុណ ញឹម អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មសេរីជាមួយប្រទេសជាដៃគូ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលពន្ធប្រមាណ ៤០០លានដុល្លារក្នុងមួយឆ្នាំ។ ការបាត់ចំណូលនេះ ក៏ព្រោះតែកម្ពុជាបានលើកលែង និងបន្ថយអត្រាពន្ធលើប្រភេទមុខទំនិញនាំចូលខ្លះពីប្រទេសជាដៃគូ ខណៈកម្ពុជាវិញ ក៏ទទួលបានការលើកលែងពន្ធនាំចូលទៅប្រទេសទាំងនោះដូចគ្នា។
 
ទោះជាយ៉ាងនេះក្តី  លោក គុណ ញឹម បានអះអាងថា ការថយចុះនៃចំណូលពន្ធគយឆ្នាំ២០២៣នេះ គឺមិនបានបង្កផលប៉ះពាល់ដល់ភាពរីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ឬផ្តល់ផលប្រ​ឈមណាមួយ ចំពោះអគ្គនាយកដ្ឋានគយឡើយ។ ផ្ទុយទៅវិញមេគយរូបនេះ វាយតម្លៃថា ការថយចំណូលពន្ធគយនេះ បង្ហាញឱ្យឃើញពីកម្ពុជា បានកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេសច្រើន តាមរយៈពង្រីកសមត្ថភាពផលិតនៅក្នុងស្រុក ដើម្បីឆ្លើយតបតម្រូវការទីផ្សារក្នុង និងក្រៅប្រទេសទៅវិញ។
 
សូមរំឭកថា​ កាលឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រកចំណូលចូលជាតិ បានជាង ២ ៦០០លានដុល្លារ ដែលកើន ១៨,៣ ភាគរយ បើធៀបនឹងចំណូលប្រចាំឆ្នាំ២០២១។ បើតាមអគ្គនាយកដ្ឋានគយ ក្នុងនោះចំណូលដែលរដ្ឋទទួលបានពីអាករលើតម្លៃ មាន ៣៧,៩ ភាគរយ​នៃចំណូលសរុប, អាករពិសេស ៣៧.៧ ភាគរយ, ពន្ធគយមានចំនួន ១៩ ភាគរយ, អាករបន្ថែមលើផលិតផលប្រេងឥន្ធនៈមានចំនួន ៣,៣ ភាគរយ និងអាករនាំចេញនិងកម្រៃផ្សេង មានចំនួន ២,​១ ភាគរយ៕
 

Tag:
 ពន្ធគយ
  លោក គុណ ញឹម
© រក្សាសិទ្ធិដោយ thmeythmey.com