ជាតិ
ទូតជប៉ុន៖ ស្ថានីយ៍ប្រព្រឹត្តកម្មជើងឯក មានគុណភាពខ្ពស់ដោយប្រើបច្ចេកវិទ្យាផ្ទាល់ពីជប៉ុន
27, Dec 2023 , 9:53 am        
រូបភាព
ដោយ: រួបរួម
«សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ជើងឯក» ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនាព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបញ្ជាក់ថា ស្ថានីយ៍ប្រព្រឹត្តកម្មជើងឯកនេះ ផ្តល់គុណភាពខ្ពស់ដំបូងគេនៅកម្ពុជា ដែលប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ពីជប៉ុន។



ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់រាជធានីភ្នំពេញ» ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយប្រើប្រាស់ថវិកាសរុបប្រមាណ២៤លានដុល្លារអាម៉េរិក។

សមិទ្ធផលក្នុងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញនេះ រួមមាន សំណង់ស្ទាក់បូមបញ្ជូនទឹកកខ្វក់ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដើម្បីចម្រោះទឹកកខ្វក់ និងកែលម្អបរិស្ថានទឹកក្នុងបឹងជើងឯកមុននឹងបង្ហូរចូលទន្លេបាសាក់ ដោយផ្អែកលើកម្មវិធីរយៈពេលខ្លី ក្នុងការអនុវត្តជាដំណាក់កាលនៅក្នុងគម្រោងមេ។ នេះគឺជាគម្រោងចាប់ផ្តើមដំបូង ហើយនឹងចាំបាច់ត្រូវអនុវត្តជាដំណាក់កាល រហូតដល់ឆ្នាំ២០៤០ ដែលអាចនឹងប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ២៨២.០០០ម៉ែត្រគូប/ថ្ងៃ ទៅតាមផែនការមេ។

ក្រៅពីការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត និងការគ្រប់គ្រងសំរាមផងដែរ ការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ ជាកិច្ចការមួយដែលមិនអាចខ្វះបាន សម្រាប់ទីក្រុងដែលកំពុងអភិវឌ្ឍន៍ និងមានការពង្រីកជាបន្តបន្ទាប់។ នេះជាការលើកឡើងរបស់លោកឯកអគ្គរាជទូតជប៉ុន។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានអះអាងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គឺជាស្ថានីយដែលធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ មានគុណភាពខ្ពស់ដំបូងគេនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាផ្ទាល់ពីជប៉ុន ដែលទើបនឹងបង្កើតថ្មី។ លោកបានបញ្ជាក់ថា ស្ថានីយនេះ មានចំណុចពិសេសជាច្រើន ដូចជាការចំណាយថាមពលអគ្គិសនីតិច រចនាសម្ព័ន្ធសាមញ្ញ និងងាយស្រួលថែទាំ។

បន្ថែមលើការសាងសង់ ភាគីជប៉ុនក៏បានផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេស សម្រាប់រៀបចំអង្គភាពគ្រប់គ្រង តាមរយៈការបញ្ជូនអ្នកជំនាញការជប៉ុនទៅក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកឯកអគ្គរាជទូតជប៉ុន បានបន្ថែមថា រចនាសម្ព័ន្ធមួយអាចដើរទៅបាន ត្រូវមានការរៀបចំច្បាប់ពាក់ព័ន្ធ និងមានអង្គភាពប្រតិបត្តិថែទាំច្បាស់លាស់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជន៕


© រក្សាសិទ្ធិដោយ thmeythmey.com