ជាតិ
សេដ្ឋកិច្ច
អង្គភាពសេដ្ឋកិច្ចជាង៧៥ម៉ឺន មានម្ចាស់ជាជនជាតិខ្មែរជាង៩៩%, ម្ចាស់ជា​បរទេស​ក្រោម១%
27, Dec 2023 , 11:13 am        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រីក្រសួងផែនការលោក ប៊ិន ត្រឈៃ នាពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ កាលពីថ្ងៃទី២៦ ខែធ្នូ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រីក្រសួងផែនការលោក ប៊ិន ត្រឈៃ នាពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ កាលពីថ្ងៃទី២៦ ខែធ្នូ
ដោយ: រួបរួម
កម្ពុជាមានអង្គភាពសេដ្ឋកិច្ចមានជាង៧៥ម៉ឺនអង្គភាព ដែលគ្រប់គ្រងដោយជនជាតិខ្មែរស្ទើរតែទាំងស្រុង។ នេះបើតាមរបាយការណ៍អំពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ច នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២២ ដែលផ្សព្វផ្សាយផ្លូវការដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កាលពីថ្ងៃទី២៦ ខែធ្នូ។



របាយការណ៍ដែលកំណត់យកថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ជាកាលបរិច្ឆេទយោង បានបង្ហាញថា អង្គភាពសេដ្ឋកិច្ចដែលមានទីតាំងជាក់លាក់អចិន្ត្រៃយ៍ទាំងអស់នៅកម្ពុជា មាន ៧៥៣ ៦៧០អង្គភាព ដោយចំនួនអ្នកចូលរួមការងារនៅក្នុងអង្គភាពសេដ្ឋកិច្ចមានចំនួន ២.៩៨០.៥៦៩នាក់ ក្នុងនោះ បុរសមាន ១.១៣៩.២០៧ នាក់ ស្មើនឹង ៣៨,២% និងស្ត្រីមាន ១.៨៤១.៣៦២នាក់ ស្មើនឹង ៦១,៨% ។ ប្រសិនបើករណីមិនរាប់បញ្ចូលអង្គភាព សេដ្ឋកិច្ចតាមចិញ្ចើមផ្លូវទេនោះ ចំនួនអង្គភាពសេដ្ឋកិច្ចទាំងអស់មានចំនួន ៦៧៦.៥៩៧ សហគ្រាស និងមានអ្នកចូលរួមការងារសរុបនៅក្នុងអង្គភាពសេដ្ឋកិច្ចចំនួន ២.៨៦៤.២៥៦ នាក់។

ក្នុងចំណោមអង្គភាពសេដ្ឋកិច្ចជាង៧៥ម៉ឺនក្នុងឆ្នាំ២០២២ ម្ចាស់ជនជាតិកម្ពុជា មានដល់ទៅ៩៩,១ភាគរយ ពោលគឺគ្រប់គ្រងប្រមាណ ៧៤៧.០១០ សហគ្រាស ហើយនិងអង្គភាពសេដ្ឋកិច្ចដែលមាន ម្ចាស់ជាជនជាតិចិនមាន ២.៦០៨ សហគ្រាស (០,៣%) ម្ចាស់ជាជនជាតិវៀតណាមមាន ១.៥៨១ សហគ្រាស (០,២%) ម្ចាស់ជាជនជាតិអាស៊ីផ្សេងៗទៀតមាន ១.១៩៨ សហគ្រាស (០,២%) និងជនជាតិកូរ៉េខាងត្បូងមាន ៤៣៩ សហគ្រាស (០,១%)។

តាមរបាយការណ៍ដដែល អង្គភាពសេដ្ឋកិច្ចដែលម្ចាស់បរទេសមានភាគហ៊ុនជាមួយកម្ពុជា គឺមានតិចជាង ១% នៅឆ្នាំ២០២២ រីឯចំនួនអង្គភាពសេដ្ឋកិច្ចដែលមានអ្នកចូលរួមការងារ១ ឬ២នាក់ មានចំនួនច្រើនជាង ៨០%, អង្គភាពសេដ្ឋកិច្ចដែលមានអ្នកចូលរួមការងារពី៥នាក់ ឬច្រើនជាង មាន៧,២%, អង្គភាពសេដ្ឋកិច្ចដែលមានអ្នកចូលរួម ការងារ១០នាក់ ឬច្រើនជាង មាន២,៨%, អង្គភាពសេដ្ឋកិច្ចដែលមាន អ្នកចូលរួមការងារ១០០នាក់ ឬច្រើនជាង មាន០,២% និងចំនួនអង្គភាពសេដ្ឋកិច្ចដែល មានអ្នកចូលរួមការងារ១០០០នាក់ ឬច្រើនជាង មានប្រមាណ ២៩៥ សហគ្រាស តែប៉ុណ្ណោះ។ មានន័យថានៅ ប្រទេសកម្ពុជា ចំនួនអង្គភាពសេដ្ឋកិច្ចខ្នាតធំ គឺមានអត្រាសមាមាត្រទាបបំផុតនៃចំនួនអង្គភាពសេដ្ឋកិច្ចសរុប។

ការពន្យល់ពាក្យគន្លឹះបច្ចេកទេសក្នុងរបាយការណ៍ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ អង្គភាពសេដ្ឋកិច្ច គឺសំដៅលើអង្គភាពអាជីវកម្ម ឬសហគ្រាស ដែលកាន់កាប់អគារ បរិវេណ ឬកន្លែងជាក់លាក់ណា មួយសម្រាប់អនុវត្តសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន និងបំពេញតាមលក្ខខណ្ឌតាមគោលការណ៍នានា។

ជាទូទៅ អង្គភាពសេដ្ឋកិច្ចមានបីប្រភេទ គឺអង្គភាពសេដ្ឋកិច្ចដែលមានទីតាំងជាក់លាក់ អង្គភាពសេដ្ឋកិច្ចដែល អាចផ្លាស់ប្តូរទីកន្លែងបាន និងអង្គភាពសេដ្ឋកិច្ចចល័ត។

អង្គភាពសេដ្ឋកិច្ចដែលមានទីតាំងជាក់លាក់ គឺសំដៅលើអង្គ ភាពសេដ្ឋកិច្ចដែលមានសកម្មភាពអាជីវកម្មស្ថិតនៅទីតាំងជាក់លាក់ និងមានអគារ។ អង្គភាពសេដ្ឋកិច្ចដែលផ្លាស់ប្តូរទី កន្លែង សំដៅលើអង្គភាពសេដ្ឋកិច្ចដែលមានដំណើរការសកម្មភាពអាជីវកម្មជាប្រចាំ និងស្ថិតនៅទីតាំងជាក់លាក់មួយ ប៉ុន្តែអង្គភាពសេដ្ឋកិច្ចនោះ អាចធ្វើការផ្លាស់ប្តូរទៅទីកន្លែងផ្សេងបានយ៉ាងស្រួល។ អង្គភាពសេដ្ឋកិច្ចចល័ត គឺសំដៅលើ អង្គភាពសេដ្ឋកិច្ចដែលមានដំណើរការធ្វើសកម្មភាពអាជីវកម្មគ្មានទីតាំងជាក់លាក់(អាជីវកម្មចល័ត)៕


© រក្សាសិទ្ធិដោយ thmeythmey.com