ជាតិ
សាសនា / ធម៌
សម្តេចសង្ឃ ឈឹង ប៊ុនឈា៖ ធម្មកថិកខ្លះ គ្រាន់តែគេរកថ្ងៃខែការ ក៏លើកយកមកវាយប្រហារដែរ
28, Dec 2023 , 10:26 am        
រូបភាព
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាសង្ឃកម្ពុជា
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាសង្ឃកម្ពុជា
ដោយ: រួបរួម
សម្តេចព្រះឧត្តមចរិយា បណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភាសង្ឃកម្ពុជា បានមានសង្ឃដីកាថា ព្រះពុទ្ធសាសនាគឺជាឃ្លាំងគ្រឹះ ជាសាច់ ជាឈាមនៃវប្បធម៌ អត្តសញ្ញាណខ្មែរ ដូច្នេះធម្មកថិកមួយចំនួន ដែលចេះព្រះអភិធម្មបន្តិចបន្តួច មិនគួរវាយប្រហារនូវអ្វីដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរនោះឡើយ។



និមន្តជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ធម្មិកាល័យ ក្នុងវត្តសិរីចំប៉ា ស្រុកបាយបាយខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែធ្នូ សម្តេចសង្ឃ ឈឹង ប៊ុនឈា  ដែលជាអគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជះ (ស្រះចក) ផងដែរនោះ បានកោតសរសើរធម្មកថិកដែលសម្តែងល្អ គួរឱ្យគោរព គួរឱ្យស្រឡាញ់ និងលើកទឹកចិត្តបន្តទៅទៀត ប៉ុន្តែធម្មកថិកខ្លះ ដែលបានចេះអភិធម្មបន្តិចបន្តួច បែរជាវាយប្រហារប្រពៃណីទំនៀមទម្លាប់ទៅវិញ។

«គ្រាន់តែរកថ្ងៃខែឆ្នាំការ ក៏លោក [ធម្មកថិកខ្លះ] វាយ [ប្រហារ] ខ្ទេចដែរ វាយ៉ាងម៉េច គ្រាន់តែគេរកថ្ងៃខែឆ្នាំការ គេបង្កើតរាប់ពាន់ឆ្នាំទៅហើយ ។ ខ្មែរយើងកាន់ខេមរពុទ្ធសាសនា ពុទ្ធសាសនាបែបខ្មែរ អត់មានបែបប្រទេសណាទេ បែបខ្មែរ បើអ៊ីចឹង ត្រូវច្របាច់បញ្ចូលជាមួយគ្នា ជាមួយប្រពៃណីទំនៀមទម្លាប់»។ នេះជាការលើកឡើងរបស់សម្តេចសង្ឃ ឈឹង ប៊ុនឈា។

ព្រះអនុប្រធានថេរសភាសង្ឃកម្ពុជា បានបន្ថែមថា បើធម្មកថិកទាំងនោះ ចង់បរិសុទ្ធ គួរបន្តប្រតិបត្តិដោយបរិសុទ្ធតែម្នាក់ឯង ដោយមិនត្រូវព្យាយាមរកចំណុចនានាក្នុងន័យបំផ្លាញប្រពៃណីទំនៀមទម្លាប់នោះឡើយ។ «ជាតិសាសន៍មួយត្រូវមានប្រពៃណីទំនៀមទម្លាប់ហ្នឹងហើយ អត្តសញ្ញាណហ្នឹងហើយ ចុះវាបាត់បង់អស់ វាយ៉ាងម៉េចអាហ្នឹង? វាទៅណា? មកណា? បើជាតិសាសន៍មួយអស់ប្រពៃណីទំនៀមទម្លាប់»។

សម្តេចសង្ឃ ក៏បានលើកយកមកប្រៀបធៀបផងដែរ ទាក់ទងនឹងការប្រារព្ធពិធីបុណ្យ Halloween ដែលមានការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងមួយឆ្នាំៗ។ សហរដ្ឋអាម៉េរិក ដែលសម្តេចចាត់ទុកថា ជាបិតាវិទ្យាសាស្ត្រ តែងតែប្រារព្ធប្រពៃណីទំនៀមទម្លាប់បែបនេះ។ «ម៉េចមិនថា អាម៉េរិកកាំងឆ្កួតផង ម៉េចក៏ថា តែខ្មែរ?»។ ព្រះអង្គចោទជាសំណួរពាក់ព័ន្ធនឹងជំនឿខ្មោចល្ពៅ ដែលនាំឱ្យមានការចំណាយផ្សេងៗ។

ព្រះអង្គ ឈឹង ប៊ុនឈា បានស្នើដល់អ្នកចេះស៊ីជម្រៅផ្នែកអភិធម្មគប្បីមានការអធ្យាស្រ័យនៅក្នុងការសម្តែង ការបង្ហាត់បង្រៀនឱ្យគេយល់ពីតម្លៃវប្បធម៌ តម្លៃអត្តសញ្ញាណជាតិ ព្រោះព្រះពុទ្ធសាសនាជាឃ្លាំងជាគ្រឹះនៃវប្បធម៌ខ្មែរ ទៅជាសាច់ជាឈាមទៅហើយ។

«សូមងាកមកវិញ ពិចារណាឡើងវិញ កុំនាំគេទៅខុស លើផ្លូវមួយដែលយើងយល់ថា ត្រូវតែម្នាក់ឯង។ បើសិនជាយើងយល់ថា រឿងហ្នឹងសៅហ្មង មិនបរិសុទ្ធ យើងប្រតិបត្តិម្នាក់ឯងឱ្យអស់សៅហ្មងទៅ»។ នេះជាការក្រើនរំលឹករបស់សម្តេចសង្ឃ ឈឹង ប៊ុនឈា ដោយមិនចង់ឃើញការប្រើប្រាស់វេទិកាហ្វេសប៊ុកដើម្បីវាយកម្ទេចប្រពៃណីទំនៀមទម្លាប់ អត្តសញ្ញាណជាតិខ្លួនឯងនោះឡើយ។

សម្តេចបានបញ្ជាក់ថា សង្ឃប្រកាស ក៏បានលើកឡើងផងដែរអំពីការដាក់បញ្ញត្តិឱ្យព្រះសង្ឃមានសតិស្មារតី លើអ្វីដែលគួរធ្វើ អ្វីដែលគួរនិយាយ អ្វីដែលមិនគួរធ្វើ អ្វីដែលមិនគួរនិយាយ។ «អ្វីដែលសំខាន់ យើងដើរឆ្ពោះទៅរកភាពរីកចម្រើន វឌ្ឍនភាពនៃសង្គមទាំងសម្ភារ និងស្មារតី។ ស្មារតីពុទ្ធចក្រ នេះជារឿងសំខាន់ដែលត្រូវអភិវឌ្ឍសីលធម៌សង្គម លើកកម្ពស់គុណធម៌កូនខ្មែរទាំងអស់គ្នាឱ្យបានខ្ពង់ខ្ពស់»៕


© រក្សាសិទ្ធិដោយ thmeythmey.com