សម្រាប់ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា(NBC) បានធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្តូរប្រាក់ ដោយបញ្ចេញប្រាក់ដុល្លារអាម៉េរិកអស់១៤០លានដុល្លារ ដើម្បីរក្សាស្ថិរភាពតម្លៃប្រាក់រៀលក្នុងទីផ្សារ។ ប្រាក់ដុល្លារទាំងនេះ ត្រូវបានធនាគារជាតិបញ្ចេញជាដំណាក់កាលតាមរយៈការដាក់ឱ្យដេញថ្លៃជាមួយ គ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ទាំងអស់នៅកម្ពុជា។
ប្រាក់ដុល្លារអាម៉េរិក ដែលធនាគារជាតិនៃកម្ពុជាដាក់ឱ្យដេញថ្លៃប្រចាំឆ្នាំ២០២៣ គឺមានចំនួន១២លើក។ ក្នុងនោះមាន៖
១. នៅថ្ងៃទី៦កញ្ញា ធនាគារជាតិបានបញ្ចេញប្រាក់១០លានដុល្លារ ដោយមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចំនួន ៦ ចូលរួមដេញថ្លៃ។ អត្រាទាបដែលដេញថ្លៃឈ្នះ ៤ ១៥០រៀលក្នុងមួយដុល្លារ។
២. ថ្ងៃទី៨កញ្ញា ធនាគារជាតិបញ្ចេញប្រាក់៤,១លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចំនួន ៥ ចូលរួមដែញថ្លៃ ក្នុងអត្រាអប្បបរិមាដេញថ្លៃឈ្នះ ៤ ១៣៥រៀលក្នុងមួយដុល្លារ។
៣. ថ្ងៃទី១៣ កញ្ញា ធនាគារជាតិ បានបញ្ចេញប្រាក់១០លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចំនួន ៨ ចូលរួមដេញថ្លៃ ក្នុងអត្រាអប្បបរិមាដេញថ្លៃឈ្នះ ៤ ១០០រៀលក្នុងមួយដុល្លារ។
៤. ថ្ងៃទី១៥កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ២៥លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៣ ចូលរួមដេញថ្លៃ។ ដេញថ្លៃឈ្នះទាបបំផុតក្នុងអត្រា ៤ ១១៣រៀលក្នុងមួយដុល្លារ។
៥. ថ្ងៃទី២០កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៤ ចូលរួមដេញថ្លៃ។ ដេញថ្លៃឈ្នះទាបបំផុតក្នុងអត្រា ៤ ១១៣រៀលក្នុងមួយដុល្លារ។
៦. ថ្ងៃទី២២កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៥ ចូលរួមដេញថ្លៃ។ ដេញថ្លៃឈ្នះទាបបំផុតក្នុងអត្រា ៤ ១១៦រៀលក្នុងមួយដុល្លារ។
៧. ថ្ងៃទី២៧កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១៥លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៤ ចូលរួមដេញថ្លៃ។ អត្រាដេញថ្លៃឈ្នះទាបបំផុត គឺ ៤ ១១៨រៀលក្នុងមួយដុល្លារ។
៨. ថ្ងៃទី២៩កញ្ញា ធនាគារជាតិ បញ្ចេញប្រាក់ ១៥លានដុល្លារ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១២ ចូលរួមដេញថ្លៃ។ អត្រាដែលដេញថ្លៃឈ្នះទាបបំផុត គឺ ៤ ១២៣រៀលក្នុងមួយដុល្លារ។
៩. ថ្ងៃទី៤តុលា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ ដែលមានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១១ ចូលរួមដេញថ្លៃ។ អត្រាដេញថ្លៃឈ្នះទាបបំផុត គឺ ៤ ១២៧រៀលក្នុងមួយដុល្លារ។
១០. ថ្ងៃទី៦តុលា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ។ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១២ ចូលរួមដេញថ្លៃ ហើយអត្រាដែលដេញថ្លៃឈ្នះទាបបំផុត នោះគឺ ៤ ១៣០រៀលក្នុងមួយដុល្លារ។
១១. ថ្ងៃទី១០តុលា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ។ មានគ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ ចំនួន១៣ ចូលរួមដេញថ្លៃ ហើយអត្រាដែលដេញថ្លៃឈ្នះទាបបំផុត នោះគឺ ៤ ១៣១រៀលក្នុងមួយដុល្លារ។
១២. ថ្ងៃទី១២តុលា ធនាគារជាតិ បញ្ចេញប្រាក់ ១០លានដុល្លារ។ មាន ៩គ្រឹះស្ថាន និងអាជីវករប្តូរប្រាក់ចូលរួមដេញថ្លៃ ហើយអត្រាដែលដេញថ្លៃឈ្នះទាបបំផុត នោះគឺ ៤ ១៣១រៀលក្នុងមួយដុល្លារ។
ការបញ្ចេញសាច់ប្រាក់ទាំងនេះ ជាវិធានការមួយក្នុងចំណោមវិធានការឯទៀត របស់ធនាគារជាតិ ក្នុងការអនុវត្តនូវគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាតុល្យភាពអត្រាប្តូរប្រាក់នៅកម្ពុជា។ គ្រានោះ ធនាគារជាតិសម្រេចអនុវត្តវិធាននេះ ក៏ព្រោះតែប្រាក់រៀលបានធ្លាក់ថ្លៃ ជាបន្តបន្ទាប់ ដោយសារកត្តារដូវកាល និងសម្ពាធនៃការកើនឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក នៅលើទីផ្សារអន្តរជាតិ។ ដូច្នេះហើយ បានជាធនាគារជាតិ សម្រេចធ្វើអន្តរាគមន៍លើទីផ្សារអត្រាប្រាក់ ដោយធ្វើយ៉ាងណារក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។
ធនាគារជាតិ តែងតែអនុវត្តជាប្រចាំនូវវិធានខាងលើ នៅពេលដែលពិនិត្យឃើញស្ថានភាពទីផ្សារអត្រាប្តូរប្រាក់បញ្ហា(ប្រាក់រៀលធ្លាក់ថ្លៃ ធៀបនឹងរូបិយប័ណ្ណបរទេស ជាពិសេសគឺប្រាក់ដុល្លារអាម៉េរិក)។ តួយ៉ាង កាលឆ្នាំ២០២១ ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ចំនួន ៥៥៤,២លានដុល្លារ ដើម្បីប្រមូលទិញប្រាក់រៀលពីទីផ្សារអត្រាប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀលនៅលើទីផ្សារ។ ដោយឡែក ក្នុងឆ្នាំ២០២២ ធនាគារជាតិ មិនបានបញ្ចេញប្រាក់ដុល្លារ ឬធ្វើអន្តាគមន៍ក្នុងទីផ្សារប្តូរប្រាក់ឡើយ។
រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៣ ទើបធនាគារជាតិ ធ្វើអន្តាគមន៍ក្នុងទីផ្សារនេះ ព្រោះតែប្រាក់ដុល្លារអាម៉េរិក បន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាម៉េរិក បន្តដំឡើងអត្រាការប្រាក់គោល។ ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាម៉េរិកនេះ បានទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាម៉េរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាម៉េរិក លើទីផ្សារអន្តរជាតិ៕