ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត នៅបារាំង! លោក ម៉ាក្រុង អញ្ជើញនាយករដ្ឋមន្ត្រីថ្មី នឹករលឹកនាយករដ្ឋមន្ត្រីចាស់
03, Jan 2024 , 9:39 am        
រូបភាព
ដោយ: រួបរួម
លោកប្រធានាធិបតីបារាំង អេម៉ានុយ ម៉ាក្រុង តាមរយៈលិខិតចុះថ្ងៃទី៣១ ខែធ្នូ បានអញ្ជើញសម្តេច ហ៊ុន ម៉ាណែត សម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅបារាំងពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា។ បន្ថែមពីលើលិខិតនោះ លោកក៏បានបង្ហាញនូវការនឹករលឹកសម្តេច ហ៊ុន សែន ផងដែរ។

 
«ទស្សនកិច្ចលើកដំបូងនៅបារាំងនេះ ចាប់តាំងពីសម្តេចឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នឹងអនុញ្ញាតឱ្យជំរុញទៅមុខ យ៉ាងជាក់ស្តែង នូវវិស័យសំខាន់ៗជាច្រើនដែលជាគ្រឹះនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ជាអាទិ៍ វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភ័ណ្ឌ និងហ្រ្វង់កូហ្វូនី»។ នេះជាការលើកឡើងរបស់លោក អេម៉ានុយអែល ម៉ាក្រុង។
 
ប្រធានាធិបតីបារាំង ក៏បានគូសបញ្ជាក់ផងដែរអំពីព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីអំឡុងខែវិច្ឆិកា ដែលបានរំឭកឡើងវិញនូវថាមពលនៃមិត្តភាពរវាងប្រទេសទាំងពីរ និងរវាងប្រជាជនទាំងពីរ។
 
ចំពោះដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត លោក អេម៉ានុយអែល ម៉ាក្រុង ចាត់ទុកថា ជាការបើកលទ្ធភាពធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅនិងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកលដែលកំពុងប្រឈមមុខ ជាអាទិ៍ ក្នុងវិស័យអន្តរកាលថាមពល។ 
 
សម្រាប់ លោក ម៉ាក្រុង ទស្សនកិច្ចនេះនឹងអនុញ្ញាតឱ្យភាគីទាំងពីរពិនិត្យមើលមធ្យោបាយនានាដែលអាចប្រើប្រាស់រួមគ្នា ដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់ ក្នុងគោលដៅធានាអធិបតេយ្យ និងឯករាជ្យពេញលេញនៃបណ្តារដ្ឋទាំងអស់។
 
«សូមមេត្តាពាំនាំនូវក្តីគោរពនឹករលឹករបស់ខ្ញុំជូនចំពោះលោកឪពុករបស់សម្តេច, មិត្តសំឡាញ់របស់ខ្ញុំ»។ លោកប្រធានាធិបតីបារាំង បានសរសេរដោយផ្ទាល់ដៃ ដោយសម្តៅទៅកាន់សម្តេច ហ៊ុន សែន។ ពាក្យមិត្តដែលលោក ម៉ាក្រុង លើកឡើងនោះ គឺទំនងជាមិត្តដែលធ្លាប់ជាដៃគូសន្ទនានយោបាយ។ 
 
លោក អេម៉ានុយអែល ម៉ាក្រុង និងសម្តេច ហ៊ុន ម៉ាណែត ឈានចូលដល់អាយុ៤៧ឆ្នាំដូចគ្នា ដោយប្រមុខរដ្ឋាភិបាលកម្ពុជា កើតមុនត្រឹម២ខែប៉ុណ្ណោះ។
 
ក្នុងតំណែងជានាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានអញ្ជើញធ្វើទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ដែលនៅពេលនោះ សម្តេច និងលោក ម៉ាក្រុង ក៏បានធ្វើសន្និសីទរួមគ្នានៅវិមានអេលីហ្សេផងដែរ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com