ជាតិ
សង្គមជាតិ
មិនទាន់មានដំណោះស្រាយឡើយ ក្រោយក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប
03, Jan 2024 , 8:59 pm        
រូបភាព
ក្រុមអ្នករត់តាក់ស៊ី ប្រមូលផ្ដុំគ្នា នៅមុខរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមករា មុនចូលទៅជួបជាមួយអភិបាលរងខេត្តសៀមរាប។
ក្រុមអ្នករត់តាក់ស៊ី ប្រមូលផ្ដុំគ្នា នៅមុខរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែមករា មុនចូលទៅជួបជាមួយអភិបាលរងខេត្តសៀមរាប។
សៀមរាប៖ ក្រោយជួបពិភាក្សាគ្នាជាង២ម៉ោង នាព្រឹកថ្ងៃទី៣ មករា រវាងក្រុមអ្នករត់តាក់ស៊ី ជួបអាជ្ញាធរខេត្តសៀមរាប នោះមិនទាន់មានដំណោះស្រាយអ្វីឡើយ។ អ្នករត់តាក់ស៊ីម្នាក់ អះអាងថា អាជ្ញាធរនឹងយកសំណើរពួកគេ ទៅជួបពិភាក្សាជាមួយភាគីក្រុមហ៊ុនចិន ដែលជាអ្នកគ្រប់គ្រងអាកាសយានដ្ឋាន។



ក្រុមអ្នករត់តាក់ស៊ី ឬអ្នកប្រកបរបរដឹកជញ្ជូនខេត្តសៀមរាប ប្រមាណ៧០នាក់ បានប្រមូលផ្ដុំគ្នានៅមុខរដ្ឋបាលខេត្តសៀមរាប ដើម្បីឱ្យអាជ្ញាធរដោះស្រាយបញ្ហា ដែលក្រុមហ៊ុនចិន គ្រប់គ្រងព្រលានយកថ្លៃផ្លូវ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៦ និងព្រលានយន្តហោះ។ ឯសំណើមួយទៀត គឺការរៀបចំចំណតរង់ចាំយកភ្ញៀវ សម្រាប់ពួកគេ។ 
 
បន្ទាប់ពីជួបពិភាក្សាជាមួយអភិរងខេត្តសៀមរាប អស់រយៈពេលប្រមាណ២ម៉ោង នៅរដ្ឋបាលខេត្តរួចមក លោក តារ៉ា អះអាងថា អាជ្ញាធរនឹងយកសំណើរបស់ពួកគេ ទៅជួបជាភាគីចិនបន្តទៀត។ អ្នករត់កង់បីឥណ្ឌារូបនេះ មិនដឹងឡើយថា តើពួកគេត្រូវរង់ចាំរយៈពេលណា? ប៉ុន្តែពួកគេនឹងបន្តរង់ចាំការសម្រេចបន្ទាប់ទៀត ក្រោយអាជ្ញាធរបានជួបនឹងភាគីចិន។ 
  


លោក តារ៉ា រៀបរាប់ប្រាប់អ្នកសារព័ត៌មានថ្មីៗ តាមរយៈខ្សែទូរស័ព្ទដូច្នេះ៖ «ពេលយើងចូលក្នុងហ្នឹង (ព្រលាន)យើងអស់លុយច្រើន យើងដឹកភ្ញៀវមិនសូវបានច្រើនទេ ហើយគិតចំណាយលើប្រេងផង ចម្ងាយឆ្ងាយផង អ៊ីចឹងយើងសល់លុយចំណេញតិចបំផុត»។ លោកបន្ត៖«យើងមិនទាន់ដឹង(លទ្ធផល)បែបណាទេ! ហើយបើសង្ឃឹមគឺហាសិប ហាសិប ទេ»។ 
 
ជុំវិញករណីខាងលើនេះ សារព័ត៌មានថ្មីៗមិនទាន់អាចសុំការអធិប្បាយបន្ថែមបាន ពីអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប លោក លី វណ្ណៈ នៅឡើយទេ ដោយទូរស័ព្ទទៅលោក តែគ្មានអ្នកលើក។ ឯទំនាក់ទំនងតាមតេឡេក្រាមទៅមានអ្នកចូលមើល តែមិនមានការឆ្លើយតបឡើយ គិតត្រឹមរសៀលថ្ងៃទី៣ មករានេះ។ 

យ៉ាងណាកាលពីថ្ងៃទី២៩ធ្នូ ឆ្នាំ២០២៣កន្លងទៅ សារព័ត៌មានថ្មីៗ ធ្លាប់បានសម្ភាសន៍លោក លី វណ្ណៈ ពីករណីក្រុមហ៊ុនចិនគ្រប់គ្រងអាកាសយានដ្ឋានសៀមរាប អង្គរ យកថ្លៃផ្លូវនេះ ដោយពេលនោះលោកបានបញ្ចាក់ថា រដ្ឋបាលខេត្តកំពុងសិក្សា និងរិះរកមធ្យោបាយ ដើម្បីចរចាជាមួយក្រុមហ៊ុនចិនសិន ដ្បិតផ្លូវនេះ ស្ថិតក្រោមផែនការវិនិយោគច្បាស់លាស់របស់ក្រុមហ៊ុនចិន។ 
  

 
បើតាមការជូនដំណឹងរបស់ក្រុមហ៊ុនវិនិយោគព្រលានយន្តហោះរបស់ចិន ការយកសេវារថយន្ត បើកកាត់ផ្លូវកៅស៊ូទៅព្រលានយន្តហោះសៀមរាបអង្គរ (SIA) បានចាប់ផ្តើមអនុវត្តន៍ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ សេវាទាំងនោះបែងចែកជា៤ផ្នែកតាមប្រភេទរថយន្ត ដែលតម្លៃសម្រាប់រថយន្តលក្ខណៈគ្រួសារ និងរថយន្តដឹកទំនិញធុនតូច តម្លៃ៣ដុល្លារ, រថយន្តដឹកអ្នកដំណើរក្រោម១៩កៅអី និងរថយន្តដឹកទំនិញក្រោម៩តោន តម្លៃ៦ដុល្លារ, រថយន្តដឹកអ្នកដំណើរចាប់ពី២០កៅអីឡើង និងរថយន្តដឹកទំនិញចាប់ពី៩ដល់១០តោន តម្លៃ៩ដុល្លារ និងរថយន្តដឹកទំនិញទម្ងន់ពី១០ទៅ២០តោន តម្លៃ១២ដុល្លារ។ តម្លៃនេះមិនរាប់បញ្ចូលពីថេរវេលា ដែលចូលចត ក្នុងចំណោតរបស់ព្រលានយន្តហោះឡើយ។ 
 
គួរជម្រាបផងដែរថា អាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ (SIA) បានដាក់ឱ្យដំណើរការនៅថ្ងៃទី១៦ តុលា និងសម្ពោធជាផ្លូវការនៅថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២៣។ ព្រលាននេះវិនិយោគដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក ដែលជាការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ។ ព្រលាននេះចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ជាព្រលានលំដាប់ថ្នាក់ 4E ដែលអាចទទួលយន្តហោះខ្នាតធំៗឱ្យចុះចតបាន៕ 



Tag:
 thmeythmey
  ព្រលា​នថ្មី
  សៀមរាប
  យកថ្លៃផ្លូវ
  អ្នករត់តាកស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com