អន្តរជាតិ
អាជ្ញាធរវៀតណាមពិន័យអ្នកលេងTikTok ៣០៦ដុល្លារ ដែលចាត់ទុកអង្គរវត្តជារបស់ថៃ
04, Jan 2024 , 3:19 pm        
រូបភាព
រូបភាពនាយកដ្ឋានទំនាក់ទំនង និងព័ត៌មានក្រុងហូជីមិញ
រូបភាពនាយកដ្ឋានទំនាក់ទំនង និងព័ត៌មានក្រុងហូជីមិញ
អ្នកលេងបណ្តាញសង្គម TikTok លោក Hua Quoc Anh នៅក្នុងក្រុងហូជីមិញ ត្រូវបានអាជ្ញាធរវៀតណាមពិន័យក្នុងទំហំទឹកប្រាក់ ៣០៦ដុល្លារ នៅថ្ងៃទី៣ ខែមករា ក្រោយបង្ខូចកេរ្តិ៍ឈ្មោះប្រាសាទអង្គវត្ត ពាក់ព័ន្ធនឹងថៃ។

 
នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ លោក Hua Quoc Anh បានបង្ហោះវីដេអូលើបណ្តាញសង្គម TikTok របស់ខ្លួនដែលមានអ្នកតាមដានរហូតដល់៧០ម៉ឺនគណនី ដោយមានភ្ជាប់ជាមួយវីដេអូស្រ្តីពាក់ឈុតបុរាណថៃដើរនៅជុំវិញប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ 
 
វីដេអូនោះ ក៏មានភ្ជាប់មកជាមួយទង់ជាតិ និងស្តេចថៃផងដែរ រួមជាមួយនឹងការបញ្ចូលសំឡេង «សួស្តីប្រទេសថៃ»។ វីដេអូបែបនេះ បានបង្កឱ្យប្រជាជនវៀតណាម និងកម្ពុជារិះគន់យ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។​
 
ក្រោយការបង្ហោះវីដេអូដែលខុសបែបនោះ លោក Hua Quoc Anh ត្រូវបានអាជ្ញាធរវៀតណាមផាកពិន័យ។ តាមការប្រកាសរបស់អាជ្ញាធរហូជីមិញ នៅក្នុងថ្ងៃទី៣ ខែមករា លោក Hua Quoc Anh ត្រូវបានអាជ្ញាធរពិន័យក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៦ដុល្លារ និងព្រមានបុរសរូបនេះ ឱ្យរៀនពីកំហុស និងគោរពច្បាប់វៀតណាម នៅពេលប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម។ 
 
ចំណែកអាជ្ញាធរអប្សរា បានចាត់ទុកវីដេអូនោះប៉ះពាល់ដល់បេតិកភណ្ឌ និងវប្បធម៌កម្ពុជាយ៉ាងខ្លាំង។ ស្របគ្នានេះ អាជ្ញាធរកម្ពុជា ក៏បានស្នើបណ្តាញសង្គម TikTok បិទវីដេអូខាងលើថែមទៀត៕
 

Tag:
 វៀតណាម
  កម្ពុជា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com