ជាតិ
២០២៤៖ ​ថវិកា​រដ្ឋសម្រាប់ព្រះរាជកិច្ចព្រះមហាក្សត្រ និង​ព្រះវររាជមាតាមានជាង​២២,៥លានដុល្លារ
04, Jan 2024 , 3:59 pm        
រូបភាព
ដោយ: រួបរួម
សម្រាប់ឆ្នាំ២០២៤ នេះ កញ្ចប់​ថវិកាដែល​រដ្ឋាភិបាល​ត្រៀម​ចំណាយ​ក្រសួង​ព្រះបរម​រាជវាំង​មាន​ចំនួន​ ៩២ ៤៤៣លាន​រៀល (ជាង​២២,៥លាន​ដុល្លារអាម៉េរិក)។ នេះ​បើតាមរបាយការណ៍ថវិកា​សង្ខេប​ឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024)។

 
ថវិកា​សង្ខេប​ដែលចងក្រងដោយ​នាយកដ្ឋាន​ថវិកានីយកម្ម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា គម្រោង​ចំណាយ​ថវិកា​ក្រសួងព្រះ​បរមរាជវាំង គឺ​លើ​កម្មវិធី​ «ព្រះរាជ​កិច្ចព្រះករុណា និងព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ»។
 
កម្ម​វិធី​នេះ មាន​អនុកម្ម​វិធី​៣ ដោយក្នុង​ចំណោម​ថវិកា ៩២ ៤៤៣លាន​រៀល។ ថវិកា ៣០ ៩៣០​លាន​រៀល ចំណាយ​លើ​ព្រះរាជសកម្មភាព​ក្នុង​វិស័យ​សង្គម​កិច្ច មនុស្ស​ធម៌ វប្បធម៌ និង​សាសនា, ៤ ២១០លាន​រៀល​លើ​ព្រះរាជ​បេសកម្ម​ក្រៅ​ប្រទេស និង ៥៧ ៣០៣លាន​រៀល លើ​កិច្ច​ការ​គាំទ្រថ្វាយ​ព្រះរាជកិច្ច និង​ការ​គ្រប់​គ្រង​រដ្ឋបាល​ទូទៅ។
 


ក្រសួងព្រះបរមរាជវាំង ស្ថិតក្នុងចំណោម​ក្រសួង​ ស្ថាប័ន ដែល​បានអនុវត្ត​ថវិកាកម្ម​វិធីពេញលេញចាប់ពី​ឆ្នាំ​២០១៨មក។ គម្រោង​ចំណាយនេះ មានគោល​បំណង​បម្រើការងារ​ឱ្យ​កាន់តែប្រសើរ​ថ្វាយព្រះមហាក្សត្រ និង​សម្តេចព្រះមហាក្សត្រី ក្នុងការបំពេញព្រះរាជ​បេសកកម្ម​បម្រើ​ប្រទេសជាតិឱ្យមាន​ការអភិវឌ្ឍន៍ និង​មាន​កិត្តិយស​លើ​ឆាកអន្តរជាតិ តាមព្រះរាជ​កិច្ច​របស់​ព្រះ​អង្គ ដែល​រដ្ឋធម្មនុញ្ញ​បានកំណត់។
 
កាលពី​ឆ្នាំ​២០២៣ គម្រោង​ថវិកា​ជាតិ​សម្រាប់​ក្រសួងព្រះបរមរាជវាំង មាន​៨៥ ៩០៣លាន​រៀល ហើយ​គម្រោង​ចំណាយ​ដែល​ខ្ពស់​បំផុត​សម្រាប់ព្រះមហាក្សត្រ និង​សម្តេចម៉ែ គឺ​ក្នុង​ឆ្នាំ​២០០០ ដែលមាន​ ១០២ ៨១៥លាន​រៀល៕
 




Tag:
 ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com