ជាតិ
ប្រឆាំងពុករលួយ៖ ថវិកាជាតិជាង១,៨លានដុល្លារលើបេសកកម្មពិសេសចារកម្ម និងស៊ើបអង្កេតសម្ងាត់
06, Jan 2024 , 9:43 am        
រូបភាព
ដោយ: រួបរួម
គម្រោងចំណាយថវិកាស្ថាប័នប្រឆាំងអំពើពុករលួយសម្រាប់ឆ្នាំ២០២៤ មានចំនួន ៥២ ៥៤៩លានរៀល (ជាង១២,៧៩លានដុល្លារអាម៉េរិក) ដែលក្នុងនោះ ៧ ៥០០លានរៀល (ជាង១,៨លានដុល្លារអាម៉េរិក) នឹងត្រូវប្រើប្រាស់សម្រាប់បេសកកម្មពិសេសចារកម្ម និងស៊ើបអង្កេតសម្ងាត់។

 
របាយការណ៍ថវិកាសង្ខេបឆ្នាំ២០២៤ (Budget in Brief, Fiscal Year 2024) ផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ស្ថាប័នប្រឆាំងអំពើពុករលួយ មានគម្រោងចំណាយថវិកាចំនួនពីរកម្មវិធី ក្នុងនោះរួមមានទឹកប្រាក់ ២ ៩៥៨លានរៀលសម្រាប់កម្មវិធីវិធានការអប់រំបង្ការទប់ស្កាត់ និងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ និងកម្មវិធីពង្រឹងសេវាកម្មគាំទ្រទួទៅ ដែលមានកញ្ចប់ថវិកាចំនួន ៤៩ ៥៩១លានរៀល។
 
កម្មវិធីទីមួយ អំពីវិធានការអប់រំបង្ការទប់ស្កាត់ និងអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ នឹងចំណាយច្រើនបំផុតទៅលើការងារអប់រំ បង្ការ និងទប់ស្កាត់ បន្ទាប់មក ការងារសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ រួមទាំងការគ្រប់គ្រងពាក្យប្តឹង ការទទួល ការពិនិត្យ និងចំណាត់ការពាក្យប្តឹង។ គម្រោងថវិកាចំនួន ៤៥៨លានរៀល ក៏នឹងត្រូវប្រើប្រាស់ផងដែរសម្រាប់ ការងារបច្ចេកទេស និងស៊ើបអង្កេតបទល្មើសពុករលួយ។
 
សម្រាប់កម្មវិធីសេវាកម្មគាំទ្រទូទៅវិញ ការលើកកម្ពស់លក្ខខណ្ឌការងារ និងសមត្ថភាពមន្ត្រីរាជការ នឹងត្រូវប្រើប្រាស់គម្រោងថវិកា ៣៣ ៦៦៨លានរៀល ការបង្កើនប្រសិទ្ធភាព និងគុណភាពសេវារដ្ឋបាលសាធារណៈ នឹងចំណាយក្នុងខ្ទង់ ៨៤២៣លានរៀល ខណៈ ៧ ៥០០លានរៀល នឹងប្រើប្រាស់សម្រាប់បេសកកម្មពិសេសចារកម្ម និងស៊ើបអង្កេតសម្ងាត់។
 
ស្ថាប័នប្រឆាំងអំពើពុករលួយរួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាព ប្រឆាំងអំពើពុករលួយ។ លោក តុប សំ ជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្តេច ម៉ែន សំអន ជាអនុប្រធាន រីឯលោក ឱម យ៉ិនទៀង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU)៕
 

Tag:
 ថវិកាជាតិ
  ពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com