ជាតិ
ក្រសួងអប់រំ នឹងរើសសាលាសក្តានុពលពី៥០០ទៅ១០០០សាលា ដើម្បីអនុវត្តតាមស្តង់ដាសាលារៀនគំរូ
07, Jan 2024 , 8:39 pm        
រូបភាព
ភ្នំពេញ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ៥០០ ទៅ ១០០០សាលា។ ការជ្រើសរើសនេះ ដើម្បីទទួលការជួយគាំទ្រ និងវាយតម្លៃ ដោយរំពឹងថាសម្រេចតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល ២ឆ្នាំខាងមុខ។


 
ចាប់ពីឆ្នាំសិក្សា២០២៤នេះ ស្តង់ដាសាលារៀនគំរូចំនួន ៥ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការទូទាំង កម្ពុជា ដើម្បីលើកកម្ពស់គុណភាពបង្រៀន និងលទ្ធផលសិក្សាសិស្ស។ ស្ដង់ដាទាំង៥ រួមមានស្តង់ដាលទ្ធផលសិក្សារបស់សិស្ស, ការបង្រៀន និងរៀន, ការចូលរួមរបស់សហគមន៍, ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងគណនេយ្យភាពរបស់សាលារៀន។
បើតាមក្រសួងអប់រំ ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួង នឹងជ្រើសរើសសាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ៥០០ ទៅ ១០០០ សាលា ដើម្បីទទួលការគាំទ្រ និងវាយតម្លៃ។ ក្រោយជ្រើសរើស ក្រសួង រំពឹងថាអាចសម្រេចតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល ២ឆ្នាំខាងមុខ។ ជាមួយគ្នានេះ ក្រសួងនឹងវាយតម្លៃជ្រើសរើសសាលារៀនប្រមាណ ៥០ សម្រាប់ប្រកាសនៅក្នុងសន្និបាតអប់រំ ក្នុងខែមេសា ឆ្នាំ២០២៤ផងដែរ។


 
ដើម្បីសម្រេចតាមស្ដង់ដាសាលារៀនគំរូ ក្រសួងអប់រំ បានដាក់បញ្ចូលវិធានការគន្លឹះចំនួន៤ តបតាមអនុសាសន៍សម្តេច ហ៊ុន ម៉ាណែត ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា។ វិធានការទាំងនោះ មានការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្រប ទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង។
 
 លើសពីនេះ វិធានការ វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស, ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍។
 
ក្នុងពិធីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងផ្សព្វផ្សាយការអនុវត្តស្តង់ដាសាលារៀនគំរូក្នុងខេត្តកំពង់ចាម កាលពីថ្ងៃទី៦ មករា លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធសហការគ្នា ដោយរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា និងបំពេញគ្នា ដើម្បីកសាងសមត្ថភាពបច្ចេកទេស ការដឹកនាំ និងការគ្រប់គ្រងដល់មន្រ្តីរបស់ខ្លួន។ ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវយល់ដឹង និងចូលរួមអនុវត្តសកម្មភាពគម្រោងឱ្យប្រទាក់ក្រឡាគ្នា ជាមួយនឹងផែនការសកម្មភាពរបស់ខ្លួន៕
 


Tag:
 អប់រំ
  ហង់ជួន ណារ៉ុន
  ស្តង់ដាសាលារៀនគំរូ
© រក្សាសិទ្ធិដោយ thmeythmey.com