ជាតិ
សម្តេច ហ៊ុន ម៉ាណែត៖ កំណែទម្រង់ប្រឡងជម្រុះវប្បធម៌អន្តរាគមន៍ជំនួសដោយការទទួលខុសត្រូវបុគ្គល
09, Jan 2024 , 9:40 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងពីកំណែទម្រង់ដ៏ជោគជ័យរបស់ក្រសួងអប់រំ យុវជន និងកីឡា លើការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់ពីឆ្នាំ២០១៤ មក។ ប្រមុខរដ្ឋាភិបាល បានថ្លែងបែបនេះ នាជំនួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ១៦៩១នាក់ ពីការប្រឡងបាក់ឌុប និងអប់រំបច្ចេកទេស ឆ្នាំសិក្សា២០២២-២៣ ព្រឹកថ្ងៃទី៩ ខែមករា នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។



កំណែទម្រង់ប្រឡងបាក់ឌុប បានជម្រុះចោលនូវវប្បធម៌អន្តរាគមន៍ និងជំនួសដោយការទទួលខុសត្រូវបុគ្គល។ បើតាមសម្តេច ហ៊ុន ម៉ាណែត មានការខិតខំប្រឹងប្រែងរបស់បុគ្គលប៉ុណ្ណោះ ដែលនាំឱ្យបេក្ខជនទទួលបានលទ្ធផលល្អពីការប្រឡង ដោយគ្មានឡើយវប្បធម៌អន្តរាគមន៍។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយប្រឡងជាប់បាក់ឌុប មានន័យថា ដំណើរជីវិតក៏ឈានដល់ផ្លូវបំបែកផងដែរ។ បំបែកក្នុងន័យនេះ គឺជាការដល់អាយុដែលអាចសម្រេចចិត្តដោយខ្លួន ជាពិសេសការជ្រើសរើសជំនាញសិក្សាបន្ត។

តាមរបាយការណ៍ដែលលើកឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនដែលប្រឡងជាប់បាក់ឌុបឆ្នាំសិក្សា២០២២-២៣ មាន ៩៨ ៤៦០នាក់ ស្មើនឹង៧២,៨៩ភាគរយ ដោយមាននិទ្ទេស A ១៦៧៣នាក់ ពោលគឺមាន២ភាគរយ។

សិស្សនិទ្ទេស A បាក់ឌុបទាំងនោះ មកពី៤២៣សាលា ក្នុងនោះសាលារដ្ឋ ៣០៩សាលា (១១៥១នាក់) សាលាឯកជន ១១៤សាលា (៥២២នាក់) ដែលស្ថិតនៅ២៣រាជធានី-ខេត្ត។

ជាមួយគ្នានេះ សិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មានចំនួន១៨នាក់ (ស្រី១៤នាក់) ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់ ៨៧៩នាក់។ ជ័យលាភីទាំងនោះ មាន១០នាក់ពីសាលារដ្ឋ និង៨នាក់ពីសាលាអង្គការ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជោគជ័យក្នុងកំណែទម្រង់ ដែលមានអ្នកជាប់បាក់ឌុបនិទ្ទេស A តែ១១នាក់នៅឆ្នាំ២០១៤ ឈានដល់រាប់ខ្ទង់ពាន់នាក់នៅឆ្នាំ២០២៣ គឺមានការចូលរួមពីតួអង្គដ៏ច្រើន រួមមាន សិស្សខ្លួនឯងផ្ទាល់, លោកគ្រូ-អ្នកគ្រូ, មាតាបិតាអាណាព្យាបាល, ក្រសួងអប់រំ យុវជន និងកីឡា, អាជ្ញាធរមូលដ្ឋាន, គណៈគ្រប់គ្រងសាលា និងភាគពាក់ព័ន្ធជាច្រើនទៀត។

ជ័យលាភីនិទ្ទេស A ទាំង១៦៩១នាក់ ទទួលបានម្នាក់ៗនូវកាក់រូបហង្សអនុស្សាវរីយ៍, សៀវភៅអាន, Galaxy Tab និងថវិកា២លានរៀល៕


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com