ជាតិ
គ្រឿងស្រវឹង! រដ្ឋមន្ត្រីព័ត៌មានហាមផ្សព្វផ្សាយអូសទាញហួសហេតុ ខណៈសុខាភិបាលបង្ហាញផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ
10, Jan 2024 , 9:48 am        
រូបភាព
លោក នេត្រ ភក្ត្រា (ឆ្វេង) រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
លោក នេត្រ ភក្ត្រា (ឆ្វេង) រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង​លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ដោយ: រួបរួម
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៩ ខែមករា បានណែនាំអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ជាមួយគ្នា ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។



ក្នុងលិខិតរបស់ខ្លួន រដ្ឋមន្ត្រីព័ត៌មាន បានកត់សម្គាល់ពីសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងការផ្តល់វង្វាន់យ៉ាងសន្ធឹកសន្ធាប់ ហើយក្នុងនោះក៏មានបទសម្ភាសអ្នកត្រូវរង្វាន់ ដោយប្រើសកម្មភាពជំរុញលើកទឹកចិត្ត ដើម្បីអូសទាញប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យឈ្លក់វង្វេង។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ផលប៉ះពាល់ដល់សង្គមមួយផ្នែកកើតចេញពីការទទួលទានគ្រឿងស្រវឹង ដោយខ្វះការទទួលខុសត្រូវ ដូចជាគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ សង្គម និងផលប៉ះពាល់សុខភាពជាដើម។

ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហាទាំងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំអង្គភាពប្រព័ន្ធផ្សព្វផ្សាយ ក្រុមហ៊ុនផលិត ចែកចាយ នាំចូល និងក្រុមហ៊ុនផ្តល់សេវាផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តតាមលិខិតជូនដំណឹង និងគោលការណ៍ក្រមប្រតិបត្តិស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

«ហាមផ្សាយពាណិជ្ជកម្មផ្តល់រង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬ អូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេង ផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក, ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ»។ ទាំងនេះ ជាការក្រើនរំលឹករបស់លោក នេត្រ ភក្ត្រា ដោយលោកណែនាំឱ្យដាក់សារព្រមាន «ពិសាគ្រឿងស្រវឹងសូមកុំបើកបរ» ឬ «ពិសាដោយការទទួលខុសត្រូវ» នារាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាមប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា។

ចំពោះស្ពតពាណិជ្ជកម្មដែលគោរពតាមការណែនាំ ក្រសួងព័ត៌មានទុកពេលឱ្យរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួល។ ក្នុងករណីមិនមានការអនុវត្តតាមលិខិតជូនដំណឹង ក្រសួងនឹងបញ្ឈប់ការផ្សាយស្ពតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើស ក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន។

នៅថ្ងៃទី៩ ខែមករា ដដែល ក្រសួងសុខាភិបាល ក៏បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីផលប៉ះពាល់សុខភាពដោយសារការប្រើប្រាស់គ្រឿងស្រវឹងផងដែរ។ បើតាមក្រសួង ជាតិអាល់កុលក្នុងផលិតផលគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។

ក្រសួងសុខាភិបាល បញ្ជាក់ថា ក្នុងរយៈពេលតែ២ទៅ៣នាទីតែប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញា ទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ ក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេក អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។

គ្រឿងស្រវឹងបង្ករផលប៉ះពាល់រយៈពេលវែង ដូចជា ជំងឺក្រិនថ្លើម ខូចថ្លើម, ជំងឺមហារីកមាត់ បំពង់ក បំពង់អាហារ ថ្លើម ពោះវៀនធំ សុដន់។ល។, ជំងឺមហារីកឈាម, ប្រព័ន្ធភាពស៊ាំចុះខ្សោយ ងាយធ្លាក់ខ្លួនឈឺដោយសារការបង្ករោគ, បញ្ហាសុខភាពផ្លូវចិត្ត៖ ជំងឺថប់បារម្ភ (Anxiety) ជំងឺធ្លាក់ទឹកចិត្ត (Depression) មានជំងឺវង្វេងពេលឈានចូលវ័យចំណាស់ (Dementia)។

អ្នកសេពគ្រឿងស្រវឹងច្រើនក្លាយជាបុគ្គលញៀនគ្រឿងស្រវឹង, អសមត្ថភាពផ្លូវភេទ, ជំងឺបេះដូង និងសរសៃឈាម,ជំងឺសរសៃឈាមខួរក្បាល (ស្ទះ ឬបែកសរសៃឈាមខួរក្បាល), ជំងឺខ្សោយសាច់ដុំ និងឆ្អឹង, ទារកមានការលូតលាស់មិនប្រក្រតីនៅក្នុងផ្ទៃស្ត្រីប្រើប្រាស់គ្រឿងស្រវឹងអំឡុងពេលពរពោះ។

ក្រៅពីនេះ អ្នកសេពគ្រឿងស្រវឹងក៏ប្រឈមកើតជំងឺមិនឆ្លងផ្សេងៗ ដូចជា លើសជាតិអាស៊ីត លើសសម្ពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម លើសជាតិស្ករ (ជំងឺទឹកនោមផ្អែម) អាចវិវត្តទៅរកផលវិបាក ធ្ងន់ធ្ងរ និងស្លាប់មុនអាយុ៕



© រក្សាសិទ្ធិដោយ thmeythmey.com