ជាតិ
គម្រោង​ថវិកា​៩លាន​ដុល្លារ ដើម្បីពង្រឹងការអនុវត្ត​គោលនយោបាយ «ភូមិ-ឃុំ-មាន​សុវត្ថិភាព»
11, Jan 2024 , 9:09 am        
រូបភាព
ដោយ: រួបរួម
កញ្ចប់​ថវិកា​ចំនួន ៣៨,១ប៊ីលាន​រៀល (ប្រមាណ​៩លាន​ដុល្លារអាម៉េរិក) ត្រូវបាន​គ្រោង​ប្រើ​ប្រាស់​ដើម្បីពង្រឹងការអនុវត្ត​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មាន​សុវត្ថិភាព»។ នេះ​បើតាម​របាយការណ៍​ថវិកា​សង្ខេបឆ្នាំ​២០២៤​(Budget in Brief, Fiscal Year 2024) ដែលផ្សព្វ​ផ្សាយ​ដោយក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 
គម្រោង​ថវិកា​៩លាន​ដុល្លារនេះ នឹង​ផ្តោត​ការ​យកចិត្តទុកដាក់ ជាពិសេសលើការកាត់បន្ថយ និង ឈានទៅដល់ការលុបបំបាត់ ការជួញដូរ និង ប្រើប្រាស់គ្រឿងញៀន នៅតាម​សហគមន៍ ដែល​ជាផ្នែកមួយនៃ​វិធាន​ការគន្លឹះ​ចំនួន​៥របស់​រដ្ឋាភិបាលអណត្ត​ទី៧។
 
ជាមួយគ្នានេះ ដើម្បីពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវាសាធារណៈ និង​អភិវឌ្ឍន៍​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ អាទិភាព​ចំណាយឆ្នាំ​២០២៤ នេះ ​ក៏ត្រូវបាន​ផ្តល់​ដល់​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​ជូន​ពី​ថ្នាក់ដឹកនាំភូមិ ដល់​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត។
 
របាយការណ៍​បាន​បង្ហាញថា ប្រាក់​បំណាច់មុខ​ងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ សុទ្ធតែកើន​ឡើង​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០២៣ ដោយ​ប្រធាន​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ឡើង​ដល់​១,៦៥លាន​រៀល, សមាជិកក្រុម​ប្រឹក្សា​រាជធានីឡើង​ដល់ជាង ១,២៤លាន​រៀល, ប្រធាន​ក្រុម​ប្រឹក្សាក្រុង-ស្រុក-ខណ្ឌ កើន​ដល់ជាង​១,៣៦លាន​រៀល, សមាជិក​ក្រុម​ប្រឹក្សាក្រុង-ស្រុក​-ខណ្ឌ កើន​ដល់ ១,០២លាន​រៀល។
 
ប្រធាន​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ កើន​ដល់ ១,៣២លាន​រៀល, ជំទប់​ទី១, ទី២, ចៅ​សង្កាត់រងទី១, ទី២ កើន​ដល់ ៩៨ម៉ឺន​រៀល, មេភូមិ កើន​ដល់​៥៥ម៉ឺន​រៀល, អនុប្រធាន​ភូមិ កើនដល់ ៤៣ម៉ឺន​រៀល រីឯ​សមាជិកភូមិ កើន​ពី​៣៦ម៉ឺន​រៀល ដល់​៤០ម៉ឺន​រៀល។
 
ថវិកា​សង្ខេបឆ្នាំ​២០២៤ បាន​បង្ហាញថា ការ​ឧបត្ថម្ភដល់​រដ្ឋ​បាល​ខណ្ឌ, ក្រុង-ស្រុក, ឃុំ​សង្កាត់ សុទ្ធ​តែ​មាន​កំណើន បើ​បធៀបនឹង​ច្បាប់ឆ្នាំ២០២៣។ ជាមួយគ្នានេះ ការ​ឧបត្ថម្ភមូលនិធិអភិវឌ្ឍន៍ឃុំ-សង្កាត់ មាន​ចំនួន ២៥៥ ៦៤៤ លានរៀល, ស្មើនឹង ០,១៨% នៃ ផ.ស.ស., មានកំណើន ១៥, ៤% ធៀបនឹងច្បាប់ឆ្នាំ ២០២៣, ដែល ជាការផ្ទេរធនធានបន្ថែមជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ 
 
ការឧបត្ថម្ភធនបន្ថែមនេះ នឹងធ្វើឱ្យរដ្ឋបាលឃុំ សង្កាត់នីមួយៗ ទទួលបានថវិកា សរុបជាមធ្យមប្រមាណ ៧៦៣ លានរៀល ឬសមមូលស្មើនឹង ១៨៨ ៣០០ ដុល្លារ អាមេរិក ក្នុងនោះ ថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់នីមួយៗ ទទួល បានជាមធ្យមប្រមាណ ៤១០ លានរៀល ឬសមមូលស្មើនឹង ១០១ ០០០ ដុល្លារ អាម៉េរិក ក្នុង ១ ឆ្នាំ, កើនឡើង ១៤,៥% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២៣៕

Tag:
 ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com