កីឡាជាតិ
ជាតិ
លោក ឌី វិជ្ជា សម្រេចបង្កើតពាន ស្វាយរៀងស៊ុបភើខាប់ ពានក្រុមនារី និងកុមារ នៅស្វាយរៀង
12, Jan 2024 , 3:35 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកផេកលោក-ឌី-វិជ្ជា
រូបភាពពីហ្វេសប៊ុកផេកលោក-ឌី-វិជ្ជា
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «ស្វាយរៀងស៊ុបភើខាប់» (Svay Rieng Super Cup) នឹងត្រូវរៀបចំនៅក្នុងឆ្នាំ២០២៤ ក្រោយចប់ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ។ នេះជាការបញ្ជាក់របស់លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង។ ពានរង្វាន់កីឡាបាល់ទាត់ផ្នែកនារី និងកុមារ ក៏នឹងត្រូវបង្កើតឡើងនៅឆ្នាំ២០២៤ ក្នុងខេត្តស្វាយរៀងផងដែរ។



លោក ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហោះលើផេកហ្វេសប៊ុករបស់ខ្លួនម្តងរួចមកហើយ កាលពីថ្ងៃទី១១ ខែមករា ដោយលើកជាសំណួរបែបស្ទង់មតិទៅកាន់អ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅខេត្តស្វាយរៀង ជុំវិញការបង្កើតពានស្វាយរៀងស៊ុបភើខាប់នេះ។
 

ជាលទ្ធផល មានសារខាំមិនឆ្លើយតបគាំទ្រលើសលុបស្ទើរ១០០ភាគរយដើម្បីឱ្យមានការបង្កើតនេះឡើង។ ដោយមើលឃើញពីការគាំទ្រលើសលុប លោក ឌី វិជ្ជា ប្រធានក្លិបស្វាយរៀង និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានសម្រេចឱ្យបង្កើតពានស្វាយរៀងស៊ុបភើខាប់នេះតែម្តង។
 
«ក្រោយស្ទង់មតិ លើផេកហ្វេសបុគផ្ទាល់ខ្លួនរបស់ខ្ញុំ ចំពោះការរៀបចំការប្រកួតបាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់» ខ្ញុំបានកត់សម្គាល់ឃើញថា មតិរបស់បងប្អូនខេត្តស្វាយរៀង ភាគច្រើនបានគាំទ្រ ដូច្នេះខ្ញុំសម្រេចថា នឹងរៀបចំពានរង្វាន់ Svay Rieng Super Cup នៅក្នុងឆ្នាំ២០២៤ ក្រោយចប់ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ»។ នេះជាសំណេរលើផេកហ្វេសប៊ុកផ្លូវការរបស់លោក ឌី វិជ្ជា នៅរសៀលថ្ងៃទី១២ ខែមករា។
 
មិនត្រឹមតែរៀបចំ ពានស្វាយរៀងស៊ុបភើខាប់ឡើយ ការប្រកួតបាល់ទាត់ផ្នែកនារី និងកម្រិតកុមារ ក៏នឹងត្រូវធ្វើឡើងផងដែរនៅក្នុងឆ្នាំ២០២៤នេះ ក្រោយមានការសំណូមពរច្រើន។ ពានរង្វាន់កីឡាបាល់ទាត់នារី ដូចនេះ នឹងធ្វើឡើងនៅដើមខែមីនា ឆ្នាំ២០២៤។
 
ដោយឡែកពានរង្វាន់ផ្នែកកុមារ លោកឌី វិជ្ជា នឹងចាត់ឱ្យក្រុមការងារបច្ចេកទេស ចុះទៅពិភាក្សា និងសិក្សាឱ្យបានច្បាស់ជាមុនសិន មុននឹងសម្រេចដាក់កាលបរិច្ឆេតការប្រកួត។

Tag:
 លោក ឌី វិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com