ជាតិ
បទសម្ភាសន៍
ទូតបារាំងពន្យល់ពីសារសំខាន់នៃទស្សនកិច្ចសម្តេច ហ៊ុន ម៉ាណែត ព្រោះកម្ពុជាគឺជាបេះដូងនៃតំបន់យុទ្ធសាស្ត្រមួយ​សម្រាប់បារាំង
13, Jan 2024 , 8:00 am        
រូបភាព
 សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងពីថ្ងៃទី១៨ ដល់ទី១៩ ខែមករា ខាងមុខ។ នេះក៏ជាដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងផងដែររបស់សម្តេច បើគិតចាប់តាំងពីចូលកាន់តំណែងផ្លូវការក្នុងខែសីហា ឆ្នាំ២០២៣។  ក្នុងបទសម្ភាសជាមួយលោក អ៊ឹង ចំរើន នាយកប្រតិបត្តិសារព័ត៌មានឌីជីថលថ្មីៗ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ពន្យល់អំពីសារសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។

 
លោក អ៊ឹង ចំរើន៖ បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២២ មក សម្តេច ហ៊ុន ម៉ាណែត គឺជាមេដឹកនាំកំពូលកម្ពុជាទី៣ ដែលត្រូវបានលោកប្រធានាធិបតីបារាំងអញ្ជើញឲ្យទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំង។ លោកឯកអគ្គរដ្ឋទូត តើលោកអាចរៀបរាប់ប្រាប់យើងបានទេ អំពីស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ក្នុងបរិបទនេះ?

លោក Jacques Pellet ៖ ពិតណាស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺជាឥស្សរជនកំពូលកម្ពុជាទី៣ ដែលនឹងបំពេញទស្សនកិច្ចនៅបារាំងក្នុងរយៈពេលត្រឹមតែ១៣ខែ បន្ទាប់ពីជំនួបរវាងលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី កាលពីខែធ្នូ ឆ្នាំ២០២២ និងជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៣។ នេះក៏នឹងក្លាយជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងផងដែររបស់សម្តេចនាយករដ្ឋមន្ត្រី នៅក្រៅតំបន់អាស៊ី។ 
 
ដំណើរទស្សនកិច្ចនេះពិតជាបានបង្ហាញនូវសញ្ញាដ៏រឹងមាំនៃទំនាក់ទំនងប្រកបដោយថាមពលរបស់យើង។ ដូចអ្វីដែលបានធ្វើកន្លងមក រួមមានដំណើរទស្សនកិច្ចទៅវិញទៅមកជាច្រើនលើករបស់រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់កាលពីឆ្នាំ២០២៣ មានការចាប់អារម្មណ៍កាន់តែខ្លាំងរបស់ដៃគូពាក់ព័ន្ធបារាំងសម្រាប់កម្ពុជា ជាពិសេសបណ្តាក្រុមហ៊ុនធំៗរបស់បារាំង ដែលមានបំណងមកដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា រួមទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ។

ផ្លែផ្កាទាំងនេះ ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំ៖ ប្រវត្តិសាស្ត្ររួម និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់យើងលើច្រើនវិស័យ រួមមាន កិច្ចការពារបេតិកភណ្ឌ, ការពារជាតិ, សុខាភិបាល, ឧត្តមសិក្សា, ការអភិវឌ្ឍប្រកបដោយចីរភាព, វប្បធម៌ (បារាំងជាសហប្រធានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរជាមួយជប៉ុនតាំងពីឆ្នាំ១៩៩៣មក), អភិបាលកិច្ច ។ល។ ក្រុមភ្នាក់ងារសាធារណៈដ៏ជិតស្និទ្ធមួយ បានរួមគ្នាក្រោមស្លាក «Team France» ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការរបស់យើង រួមទាំងគាំទ្រតួអង្គនានា ដែលនឹងចូលរួមកសាងអនាគតកម្ពុជា។ សហគមន៍ធុរកិច្ចបារាំង អង្គការក្រៅរដ្ឋាភិបាលបារាំង និងសហគមន៍បារាំង-កម្ពុជា ក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរក្នុងទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរ។
 
ឈរលើមូលដ្ឋាននៃទំនាក់ទំនងដ៏យូរអង្វែង និងជឿជាក់គ្នាយ៉ាងខ្លាំងនេះ បារាំងមិនស្ទាក់ស្ទើរក្នុងការបញ្ចេញមតិដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញកម្ពុជា អំពីការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងនយោបាយពហុភាគីនិយម ដោយចង់ឃើញមានការវិវឌ្ឍទៅមុខជាវិជ្ជមានលើបញ្ហាទាំងនេះ។
 
ចុងក្រោយ កម្ពុជាគឺជាបេះដូងនៃតំបន់យុទ្ធសាស្ត្រមួយសម្រាប់បារាំង ដែលបាន និងកំពុងពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ពិសេសជាមួយអាស៊ាន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
 
លោក អ៊ឹង ចំរើន៖ ក្នុងលិខិតអញ្ជើញរបស់ខ្លួន លោក អេម៉ានុយអែល ម៉ាក្រុង បង្ហាញពីបំណងធ្វើការជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាសកល រួមទាំងពិនិត្យមើលមធ្យោបាយនានាដើម្បីពង្រឹងសណ្តាប់ធ្នាប់ពិភពលោកផ្អែកលើច្បាប់។ តើលោកអាចពន្យល់លម្អិតបានទេអំពីរឿងនេះ?

លោក Jacques Pellet ៖ បញ្ហាប្រឈមសកលអាចដោះស្រាយបានតែតាមរយៈសកម្មភាពរួមប៉ុណ្ណោះ។ ការប្រែប្រួលអាកាសធាតុ, ការរិចរិលនៃបរិស្ថាន, ការបាត់បង់ជីវៈចម្រុះ, សុខភាពសកល, ការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ រួមទាំងសន្តិសុខអន្តរជាតិ ជាដើម..  បញ្ហាទាំងនេះទាមទារឱ្យមានកិច្ចប្រឹងប្រែងសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាក់ស្តែង  កិច្ចព្រមព្រៀងក្រុងប៉ារីសសម្រាប់មនុស្សលោក និងភពផែនដី (Pacte de Paris pour les Peuples et pour la Planète) ដែលត្រូវបានប្រកាសនៅខែមិថុនា ឆ្នាំ២០២៣ នៅក្រុងប៉ារីស ដោយប្រធានាធិបតីសាធារណរដ្ឋ មានគោលដៅ ៖ លុបបំបាត់ភាពក្រីក្រ ដោយត្រូវថែរក្សាការពារភពផែនដី តាមរយៈការកៀរគរគ្រប់ប្រភពហិរញ្ញវត្ថុកាន់តែបានកាន់តែប្រសើរឡើង។ 
 
ការចូលរួមយ៉ាងសកម្មក្នុងសម្ព័ន្ធពហុភាគី និងអង្គភាពនានារបស់អង្គការសហប្រជាជាតិ ផ្តល់វេទិកាសម្រាប់កម្ពុជាក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួន រៀបរាប់ពីកង្វល់របស់ខ្លួន ចូលរួមក្នុងរបៀបវារៈស្វែងរកដំណោះស្រាយ រួមទាំងបង្កើតភាពជាដៃគូដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ប្រទេសនេះ អាចរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការពារធនធានធម្មជាតិរបស់ខ្លួន ក៏ដូចជារួមចំណែកសម្រាប់ស្ថិរភាពអន្តរជាតិ និងតំបន់ ហើយចុងក្រោយ គឺធ្វើឱ្យប្រសើរឡើងនូវសុខមាលភាពរបស់ប្រជាពលរដ្ឋ។
 
សំឡេងរបស់កម្ពុជាត្រូវបានលឺនៅលើឆាកអន្តរជាតិ ជាក់ស្តែងដូចជានៅពេលដែលកម្ពុជាថ្កោលទោសសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការបញ្ជាក់ពីគោលជំហរប្រកាន់ខ្ជាប់ចំពោះគោលការណ៍នានារបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែកម្ពុជាបានធ្វើកិច្ចការច្រើនលើសពីនោះទៀត ជាពិសេសលើផ្នែកផ្លាស់ប្តូរថាមពល, គំនិតផ្តួចផ្តើមសុខភាពតែមួយ (One Health)  រួមទាំងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាពជាមួយសាលាក្តីខ្មែរក្រហម ឬការលុបបំបាត់ជាសកលនៃទោសប្រហារជីវិត ដែលត្រូវបានលុបចោលតាំងពីឆ្នាំ១៩៨៩ ដោយកម្ពុជាមានជំនាញ និងបទពិសោធន៍ជាច្រើនក្នុងការចែករំលែកជាមួយសហគមន៍អន្តរជាតិ។
 
លោក អ៊ឹង ចំរើន៖ កាលពីឆ្នាំមុន ទំនាក់ទំនងទ្វេភាគី មិនត្រឹមតែមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺការកើនឡើងនូវហិរញ្ញប្បទានរបស់បារាំងសម្រាប់គាំទ្រការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។ ចុះនៅឆ្នាំ២០២៤នេះវិញ?

លោក Jacques Pellet៖
បារាំងបង្កើតកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកនេះ។ សកម្មភាពទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍ(AFD) នៅកម្ពុជា មានគោលបំណងគាំទ្រដល់ប្រទេសនេះ ក្នុងការផ្លាស់ប្តូរកាបូនទាប, ធ្វើឱ្យទឹកដីកាន់តែមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ, ធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្ម និងការប្រកួតប្រជែងក្នុងតំបន់, លើកកម្ពស់សេដ្ឋកិច្ចបៃតង និងការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាព។ សកម្មភាពទាំងនេះគឺស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និងរួមបញ្ចូលបញ្ហាឆ្លងកាត់នានាដូចជា នវានុវត្តន៍, យេនឌ័រ, ការប្រែប្រួលអាកាសធាតុ, ប្រសិទ្ធភាពថាមពល និងវិធីសាស្ត្រ «សុខភាពតែមួយ»។
 
កាលពីឆ្នាំមុន AFD បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនជំនួយទ្វេដងដល់ការផ្លាស់ប្តូរនៅកម្ពុជា តាមរយៈការសន្យាផ្តល់ហិរញ្ញវប្បទានរហូតដល់៤០០លានអឺរ៉ូសម្រាប់គម្រោងឆ្នាំ២០២៣-២០២៤ ជាមួយការផ្តល់អាទិភាពលើវិស័យទឹក និងអនាម័យ កសិកម្ម ថាមពល និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ឆ្នាំ២០២៣ យើងបានឈានដល់កម្រិតជាប្រវត្តិសាស្ត្រនៃការផ្តល់ហិរញ្ញវត្ថុរបស់យើងរួចហើយ ដោយ AFD បានផ្តល់ជំនួយ២១៥លានអឺរ៉ូ សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងថាមពល។ ការគាំទ្ររបស់យើងចំពោះវិស័យកសិអេកូឡូស៊ីត្រូវបានពង្រីកយ៉ាងទូលំទូលាយជាមួយនឹងគម្រោងថ្មីៗរបស់ AFD, IRD និង CIRAD ដែលតែងតែមានកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា។
 
ចុងក្រោយ ការប្តេជាចិត្តរបស់បារាំងចំពោះការអភិវឌ្ឍប្រកបដោយចីរភាពក៏ផ្តោតផងដែរលើការជំរុញកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជន និងសាធារណៈក្នុងវិស័យអន្តរកាលថាមពល។
 
ការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យវប្បធម៌ និងបេតិកភណ្ឌវិញ គឺជាកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងមួយផ្សេងទៀតរវាងប្រទេសយើងទាំងពីរ ហើយក៏បន្តបោះជំហានទៅមុខផងដែរនៅឆ្នាំ២០២៤។ គិតចាប់តាំងពីឆ្នាំ១៩៩៣មក បារាំងបានផ្តល់ជំនួយជាង២៥លានដុល្លារអាម៉េរិកសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា រួមទាំងការផ្តល់ជំនួយសម្រាប់ការជួសជុលប្រាសាទបាពួន និងប្រាសាទមេបុណ្យខាងលិចនៅក្នុងតំបន់អង្គរ។ បារាំងត្រូវបានកម្ពុជាស្នើឱ្យគាំទ្រការងារជួសជុល និងពង្រីកសារមន្ទីរជាតិភ្នំពេញ ដោយកិច្ចព្រមព្រៀងអំពីការគាំទ្ររបស់បារាំងលើការសិក្សាលទ្ធភាពលើការជួសជុលសារមន្ទីរនឹងត្រូវចុះហត្ថលេខានាអំឡុងនៃទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី នៅបារាំង។
 
លោក អ៊ឹង ចំរើន៖ សំណួរចុងក្រោយពាក់ព័ន្ធនឹងហ្រ្វង់កូហ្វូនី ដែលព្រះករុណា សម្តេចព្រះវររាជបិតា នរោត្តម សីហនុ ជាសហស្ថាបនិកមួយអង្គ។ បច្ចុប្បន្ន រដ្ឋ និងរដ្ឋាភិបាលចំនួន៨៨ គឺជាសមាជិកនៃអង្គការហ្រ្វង់កូហ្វូនីអន្តរជាតិ (OIF)។ តើលោកមើលឃើញបែបណាដែរអំពីតួនាទីហ្វ្រង់កូហ្វូនីនៅកម្ពុជា?

លោក Jacques Pellet៖
ពិតណាស់ តួនាទីរបស់អង្គការអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង គឺដើម្បីលើកកម្ពស់ភាសាបារាំង និងនានាភាពនៃវប្បធម៌ និងជំរុញផងដែរលើផ្នែកនយោបាយ វប្បធម៌ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិក។ 

បារាំងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នៅបុរីអន្តរជាតិនៃភាសាបារាំង ពោលគឺនៅក្រុង Villers-Cotterêts ទីកន្លែងដែលឧទ្ទិសទាំងស្រុងចំពោះភាសាបារាំង និងវប្បធម៌ «ហ្វ្រង់កូហ្វូន»។

តាមទស្សនៈរបស់យើង ហ្វ្រង់កូហ្វូនីគួរតែបម្រើប្រជាជន តាមរយៈការបើកផ្លូវនៃការជជែកវែកញែក ការបង្កើត និងការងារ។ ពិភពអ្នកនិយាយភាសាបារាំង គឺជាប្រភពនៃទេពកោសល្យ និងឱកាស ដែលយើងគួរមានមោទកភាព។ ដូច្នេះ បារាំង និង OIF បានព្រមព្រៀងថា ការច្នៃប្រឌិត នវានុវត្តន៍ និងសហគ្រិនភាពក្នុងភាពចម្រុះនៃពិភពអ្នកនិយាយភាសាបារាំង នឹងក្លាយជាចំណុចស្នូលនៃកិច្ចប្រជុំកំពូលនេះ។ ខ្ញុំជឿជាក់ថា ប្រធានបទនេះត្រូវនឹងគោលដៅរបស់កម្ពុជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

ខ្ញុំរីករាយណាស់ ដែលកម្ពជាបានបង្ហាញពីបំណងរបស់ខ្លួនក្នុងការដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។ វានឹងបង្ហាញពីភាពរឹងមាំ និងសារសំខាន់របស់ហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ីប៉ាហ្វិក ដោយខ្ញុំជឿជាក់ថា កម្ពុជាគឺជាប្រទេសដ៏សកម្មបំផុតមួយក្នុងការលើកកម្ពស់ហ្វ្រង់កូហ្វូនី! ភាសាបារាំងដើរតួនាទីយ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្ម និងការទូត។ ជាការពិត ខ្ញុំអាចនិយាយថា រៀនភាសាបារាំងនៅតែទទួលបានការចាប់អារម្មណ៍ខ្ពស់ ហើយការលើកកម្ពស់ភាសាបារាំងគឺជាអាទិភាពមួយរបស់យើង។ មនុស្សជាង៤ម៉ឺននាក់កំពុងរៀនភាសាបារាំងនៅកម្ពុជា៖ នៅវិទ្យាស្ថានបារាំងក្នុងរាជធានីភ្នំពេញ និងបាត់ដំបង, នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពបារាំងនៅសៀមរាប និងនៅតាមសាលាបារាំង ឬបណ្តាវិទ្យាល័យនៅកម្ពុជា តាមរយៈកម្មវិធីសិក្សាពីរភាសា។ សាលា ដេកាត របស់បារាំងនៅភ្នំពេញទទួលបានសិស្សកាន់តែច្រើនជាបន្តបន្ទាប់ (បច្ចុប្បន្ន១២៥០នាក់)។ នៅកម្រិតឧត្តមសិក្សា សាកលវិទ្យាល័យមួយចំនួន ដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE), សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ឬសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) មានផ្តល់ការបណ្តុះបណ្តាលសម្រាប់សញ្ញាបត្រពីរភាសា ហើយស្ថានទូតបានជួយឧបត្ថម្ភ និងសហឧបត្ថម្ភសម្រាប់អាហារូបករណ៍ប្រមាណ៨០កន្លែងជារៀងរាល់ឆ្នាំសម្រាប់និស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតដើម្បីបន្តការសិក្សារបស់ពួកគេនៅប្រទេសបារាំង ដោយភាគច្រើនបំផុតគឺជានិស្សិតនិយាយភាសាបារាំង។ បច្ចុប្បន្ន និស្សិតខ្មែរជាង៨០០នាក់កំពុងសិក្សានៅប្រទេសបារាំង។
 
បន្ថែមពីលើនេះ ក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតកំពុងដឹកនាំគម្រោងគាំទ្រ និងពង្រឹងការបង្រៀនភាសាបារាំងនៅកម្ពុជា។ នៅឆ្នាំ២០២៣ យើងបានគាំទ្រការរៀបចំឡើងវិញនូវវគ្គបណ្តុះបណ្តាលដំបូងសម្រាប់គ្រូបង្រៀនភាសាបារាំង ជាពិសេសគ្រូបង្រៀនក្នុងថ្នាក់ពីរភាសា (ខ្មែរ-បារាំង) នៅទូទាំងប្រទសកម្ពុជា។ ក្នុងឆ្នាំ២០២៤នេះ យើងនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ភាសាបារាំងដែលជាប្រយោជន៍សម្រាប់ការសិក្សា និងការងារ។ សកម្មភាពទាំងអស់នេះនឹងត្រួសត្រាយផ្លូវសម្រាប់ការរួមចំណែកពង្រឹងភាសាបារាំងក្នុងចក្ខុវិស័យឆ្នាំ២០២៦៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com