កីឡាជាតិ
ជាតិ
បង្កើត ខាន់ ចេសា ឱ្យបានច្រើននាក់ ជាមហិច្ឆតារបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
13, Jan 2024 , 3:39 pm        
រូបភាព
សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជឺជីតស៊ូនៅពេលឆាប់ៗនេះ។ លោក សេង ប៊ុនសុង ដែលបន្តធ្វើប្រធានសហព័ន្ធកីឡាជឺជីតស៊ូ អាណត្តិទី២ ប្រាប់ពីបំណងបង្កើតមជ្ឈមណ្ឌលនេះក្នុងគោលដៅបង្កើនធនធានកីឡាករ-ការីនីជឺជីតស៊ូ ជាពិសេសបង្កើត ខាន់ ចេសា ឱ្យបានច្រើន។


«យើងមិនមែនចង់បាន ចេសា តែម្នាក់ទេ គឺចង់បានចេសាច្រើននាក់។ យើងមិនមែនផ្តោតត្រឹមស៊ីហ្គេមនៅថៃនោះទេ ប៉ុន្តែយើងនឹងពង្រឹងកីឡាជឺជីតស៊ូ សម្រាប់កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ និងកីឡាអាស៊ី រហូតដល់អូឡាំពិក»។ នេះជាការបញ្ជាក់របស់លោក លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូ។
 
ប្រធានសហព័ន្ធ អាណត្តិទី២រូប ជឿជាក់ថា ជឺជីតស៊ូកម្ពុជា នឹងបង្កើត ខាន់ ចេសា បានច្រើនបន្ថែមទៀត ដ្បិតសព្វថ្ងៃសា្ថប័នមួយនេះ មានការកែប្រែរចនាសម្ព័ន្ធមួយចំនួន និងចាប់ផ្តើមបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជឺជីតស៊ូ ឆាប់ៗខាងមុខនេះផងដែរ។
 
មូលហេតុដែលនាំឱ្យមានការផ្លាស់ប្តូរសមាជិកក្នុងសហព័ន្ធ លោក សេង អះអាងប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចសម្ភាសថា ដោយសារកន្លងមកមានភាពរង្គោះរង្គើផ្ទៃក្នុងដោយសារការយល់ច្រឡំគ្នា រហូតធ្វើការមិនចុះសម្រុងគ្នា ហើយក្រោយផ្លាស់ប្តូរលោកសង្ឃឹមថា នឹងធ្វើឱ្យស្ថាប័នមានសាមគ្គីភាពឡើងវិញ ដើម្បីជាផ្លូវទៅពង្រឹងសម្ថភាព ឱ្យសម្រេចបានគោលដៅកីឡាករ-ការិនី មានគុណភាព។
 
ដោយឡែក សម្រាប់ការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជឺជីតស៊ូ លោកប្រធានសហព័ន្ធ រៀបរាប់ថា មិនត្រឹមពង្រឹងកីឡាជឺជីតស៊ូនោះទេ ប៉ុន្តែមជ្ឈមណ្ឌលនេះ ក៏នឹងរៀបចំហ្វឹកហាត់កីឡាគុនចម្រុះផងដែរ។ ការបញ្ចូលគ្នាពីរប្រភេទកីឡានេះនៅមជ្ឈមណ្ឌលថ្មី លោក ប៊ុនសុង ​ពន្យល់ថា​ ដោយសារទាំងជឺជីតស៊ូ និងគុនចម្រុះ មានប្រភពកំណើតតែមួយ ហើយក្រោយមកត្រូវបានបម្លែងក្បាច់ និងលក្ខខណ្ឌប្រកួតខុសគ្នាបន្តិចប៉ុណ្ណោះ។ ដូច្នេះកីឡាទាំងពីរអាចហ្វឹកហាត់ជាមួយគ្នាបាន។
 
បើទោះមានការផ្លាស់ប្តូររចនាសម្ព័ន្ធមួយចំនួន នឹងដំណើរការបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺន ប៉ុន្តែ ទីប្រឹក្សាជាន់ខ្ពស់ NOCC និងជាអតីតកីឡាករប្រដាល់ខ្មែររូបនេះ នៅតែសង្កត់ធ្ងន់លើបញ្ហាវិន័យ និងអារម្មណ៍របស់កីឡាករ​ កីឡាការិនី។ ត្រង់ចំណុចនេះ លោក ប៊ុន សុងសង្កត់ធ្ងន់ថា៖ «វិន័យសំខាន់ណាស់ បើសិនគ្មានវិន័យ នោះកីឡាករ-ការិនីក៏មិនខ្លាំងពូកែដែរ។ ទោះប្រឹងហ្វឹកហាត់ប៉ុណ្ណា តែបើមិនធ្វើតាមក្បួនវិន័យ និងមិនចេះប្រើស្មារតី ទោះខ្លាំង ក៏ចាញ់គេដែរ»៕
 

Tag:
 ខាន់ ចេសា
© រក្សាសិទ្ធិដោយ thmeythmey.com