សេដ្ឋកិច្ច
អន្តរជាតិ
ប្រាក់វ៉ុនកូរ៉េខាងត្បូង អាចទូទាត់ពាណិជ្ជកម្មជាមួយអាស៊ានចាប់ពីពាក់កណ្តាលឆ្នាំ២០២៤
14, Jan 2024 , 9:29 am        
រូបភាព
រូបិយប័ណ្ណកូរ៉េខាងត្បូង ។ រូបភាព ៖ AFP
រូបិយប័ណ្ណកូរ៉េខាងត្បូង ។ រូបភាព ៖ AFP
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូងនៅថ្ងៃទី៩ ខែមករា បានប្រកាសថា ប្រាក់វ៉ុន អាចទូទាត់ក្នុងប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអាស៊ានចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ។

 
អាជីវកម្មកូរ៉េខាងត្បូងអាចទូទាត់ជាប្រាក់វ៉ុនជាមួយដៃគូពាណិជ្ជកម្មនៅបណ្តាប្រទេស អាស៊ានចាប់ពីឆមាសទី២ ឆ្នាំ២០២៤។ នេះជាផ្នែកមួយនៃការកាត់បន្ថយថ្លៃប្រតិបត្តិការ នៅពេលប្តូរប្រាក់វ៉ុនទៅជារូបិយប័ណ្ណផ្សេងទៀត ឬប្ដូរទៅលុយវ៉ុនវិញ ដែលអាចកាត់បន្ថយហានិភ័យជុំវិញអត្រាប្តូរប្រាក់ដែលមិនមានស្ថេរភាព។ 
 
ផែនការនេះត្រូវបានលើកឡើងនៅក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ចឆ្នាំ២០២៤ ដែលប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង (MOEF) និងក្រសួងពាក់ព័ន្ធផ្សេងទៀតកាលពីសប្តាហ៍មុន។ ក្រសួងដដែលនេះ កំពុងកែលម្អបទប្បញ្ញត្តិនៃការផ្លាស់ប្តូររូបិយប័ណ្ណនេះ ដើម្បីអនុវត្តផែនការនេះ។
 
បើតាមសារព័ត៌មាន The Korea Times ករណីប្រតិបត្តិការពាណិជ្ជកម្មដោយប្រើប្រាក់វ៉ុនជាមួយដៃគូគឺកម្រណាស់សម្រាប់កូរ៉េខាងត្បូង។ នេះជាវិធីសាស្ត្រទូទាត់ថ្មីដែលបង្ហាញថាប្រាក់វ៉ុនត្រូវបានចាត់ទុកថាជារូបិយប័ណ្ណដែលអាចទុកចិត្តបាន និងមានស្ថិរភាពជាមួយនឹងរូបិយប័ណ្ណផ្សេងទៀត។
 
ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ ឥណ្ឌូណេស៊ី​ត្រូវ​ជា​ប្រទេស​មាន​សក្តានុពល​ដំបូង​គេ​ដែល​ទទួល​យក​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ដោយ​ប្រើ​ប្រាក់​វ៉ុន​ជាមួយកូរ៉េខាងត្បូង។ ហ្វីលីពីន និង​វៀតណាម​កទំនងអាច​ជា​សមាជិកបន្ទាប់។
 
នៅពេលដែលវិធីសាស្រ្តថ្មីនៃការទូទាត់ត្រូវបានអនុម័ត ក្រុមហ៊ុនកូរ៉េអាចផ្តល់ ឬទទួលបរិមាណប្រតិបត្តិការជាប្រាក់វ៉ុនតាមរយៈសាខាធនាគារទីក្រុងសេអ៊ូលពីបណ្តាប្រទេសអាស៊ានដែលសហប្រតិបត្តិការជាមួយគ្នា៕ 
 

Tag:
 ពាណិជ្ជកម្ម
  អាស៊ាន
  ប្រាក់វ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com