កីឡាជាតិ
ជាតិ
ប្រធាន APC ត្រេកអរ ដែលកម្ពុជាព្រមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦
14, Jan 2024 , 7:39 pm        
រូបភាព
កម្ពុជា នឹងធ្វើជាផ្ទះការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ (AYPG) បន្ទាប់ពីការរៀបចំកីឡាយុវជនអាស៊ី លើកទី៥ (AYG) ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ។ លោក Majid Rashed ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអាស៊ី (APC) បង្ហាញក្តីរំភើបរីករាយ ដែលរដ្ឋាភិបាលកម្ពុជាយល់ព្រមរៀបចំព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីនេះ។

«សូមអរគុណបំផុតជូនចំពោះ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានឯកភាព ទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ បន្តពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៥ ឆ្នាំ២០២៩»។ នេះជាសារលិខិតរបស់ គណៈកម្មការជាតិប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ចុះថ្ងៃទី១២ ខែមករា ដែលត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផ្សាយនៅថ្ងៃទី១៣ ខែមករា ដោយសំណេរនេះជាការឆ្លើយតបរបស់លោក Rashed ប្រធាន APC ជូនសម្តេច ហ៊ុន ម៉ាណែត។
 
កម្ពុជា បានរៀបធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររួចមកហើយអំឡុងខែឧសភា និងមិថុនា។ ទោះជាលើកដំបូងក្តី ប៉ុន្តែកម្ពុជាទទួលបានការសារទរ និងលើកសរសើរពីបណ្តាប្រទេសតំបន់អាស៊ីអាគ្ហេយ៍ ដែលអាចរៀបចំកីឡាតំបន់អាស៊ាននេះបានយ៉ាងល្អ។
 
ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩ ក៏ត្រូវបានក្រុម​ប្រឹក្សា​អូឡាំពិកអាស៊ី (OCA) ផ្តល់សិទ្ធឱ្យកម្ពុជារៀបចំផងដែរ ដោយទទួលបានការសាទរ ពីបណ្តាប្រទេស៤៥ នៃ​ទ្វីបអាស៊ី កាលពីឆ្នាំ២០២១។
អ្វីដែលពិសេសទៅទៀត រដ្ឋាភិបាលកម្ពុជា ក៏បានយល់ព្រម ទទួលរៀបចំកម្មវិធីកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ឆ្នាំ២០២៩ បន្ថែមទៀត បន្តពីកីឡាអាស៊ី។ ប្រធាន APC លោក Rashed រីករាយចំពោះការទទួលរ៉ាប់រងរៀបកីឡានេះ និងប្តេជ្ញាសហការជាមួយ រដ្ឋាភិបាលកម្ពុជា NPCC និង NOCC ដើម្បីដំណើរការប្រកួតប្រកបដោយជោគជ័យ។
 
លោក Majid Rashed ក៏នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា នាខែមីនា ឆ្នាំ២០២៤ ដើម្បីសុំជួបសម្តេច ហ៊ុន ម៉ាណែត ផង និងចុះហត្ថលេខាជាផ្លូវការជាមួយភាគីកម្ពុជា លើកិច្ចព្រមព្រៀង ទទួលសិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមលើកទី៦ ឆ្នាំ២០២៩ នៅរាជធានីភ្នំពេញ៕
 

Tag:
 កីឡាយុវជនអាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com