កីឡាជាតិ
ជាតិ
CPL៖ បឹងកេត ដង្កោសែនជ័យ និងទ័ព ប្រដេញគ្នាប្រជែងតំណែង Top 4
15, Jan 2024 , 4:19 pm        
រូបភាព
រូបភាព៖ CPL
រូបភាព៖ CPL
បឹងកេត បានឡើងទៅឈរចំណាត់ថ្នាក់ទី៤វិញ ក្រោយឈ្នះអាយអេសអាយ ដង្កោសែនជ័យ ៤-១ ក្នុងការប្រកួតលីគកំពូលកម្ពុជា (CPL) សប្តាហ៍ទី១៧ នៅថ្ងៃទី១៤ ខែមករា។ ដង្កោសែនជ័យ ធ្លាក់ទៅលេខរៀងទី៥វិញ ដោយមាន២៤ពិន្ទុស្មើបឹងកេត​ នាំមុខកងយោធពលខេមរភូមិន្ទ ដែលនៅលេខ៦ ចំនួន៣ពិន្ទុ។



ក្នុងជំនួបសប្តាហ៍ទី១៧នេះ បឹងកេត ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន ហុង ផេង ពិតជាធ្វើបានល្អនៅទឹកដីខ្លួននាកីឡដ្ឋានជាតិអូឡាំពិក។ TAKAHASHI MAHIRO ស៊ុតបាល់ពីចម្ងាយដើម្បីជួយបឹងកេតនាំដង្កោសែនជ័យ នៅនាទី៤៣ និង៣គ្រាប់ទៀតដោយ វ៉ាន់ តៃឡាម៊ី ចន្ថា ចន្ទាកា និង ចាន់ វឌ្ឍនាកា។ មួយគ្រាប់របស់ ដង្កោសែនជ័យ សម្រេចដោយ អ៊ុន សុទ្ធរិទ្ធ។
 
តាមរយៈជ័យជម្នះនេះ បានជួយបឹងកេតឈានជើងចូលតំបន់ Top 4 លើកដំបូងនៅរដូវកាលនេះ ដោយរកបាន២៤ពិន្ទុ ពីការប្រកួត១៧លើក។ ឡើងទៅលេខ៤ ជំនួសដង្កោសែនជ័យដែលធ្លាក់ទៅលេខ៥ បានធ្វើឱ្យការប្រកួតប្រជែងដើម្បីដណ្តើមតំណែងលេខ៤ ក្នុងតារាងពិន្ទុខេមបូឌៀរព្រីមៀរលីគ កាន់តែស្វិតស្វាញ។ 
  


បឹងកេត និងដង្កោសែនជ័យមាន២៤ពិន្ទុដូចគ្នា ដោយនាំមុខកងយោធពលខេមរភូមិន្ទ (ទ័ព) ដែលនៅលេខ៦ តែ៣ពិន្ទុប៉ុណ្ណោះ។ ស្មើណាហ្គាវើលដ៍ ១-១ នៅជំនួបសប្តាហ៍ទី១៧ ទ័ពដែលមាន លោក ភា សុភ័ក្ដ្រា ជាគ្រូបង្វឹករកបាន ២១ពិន្ទុ។
 
ព្រះខ័នរាជស្វាយរៀង រួមជាមួយម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន និងវិសាខា នៅតែរក្សាចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ របស់ខ្លួនដដែល ក្រោយបន្តរកបាន៣ពិន្ទុរៀងខ្លួន។ ស្វាយរៀង ឈ្នះគិរីវង់សុខសែនជ័យ ៤-០ ភ្នំពេញក្រោន ឈ្នះ ព្រៃវែង ៣-០ និងវិសាខា ឈ្នះ អង្គរថាយហ្គឺរទាំងប្រផិតប្រផើយ ៤-៣។
 
ព្រៃវែង ឈរលេខ៧ មាន១៨ពិន្ទុ នាំមុខ ណាហ្គាវើលដ៍ ដែលនៅលេខ៨ ២ពិន្ទុ និងអង្គរថាយហ្គឺរលេខ៩ ចំនួន៤ពិន្ទុ។ គិរីវង់ នៅបាតតារាងមាន១០ពិន្ទុ៕

Tag:
 CPL
© រក្សាសិទ្ធិដោយ thmeythmey.com