អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រទេសកោះណូរូ ផ្តាច់ការទូតជាមួយតៃវ៉ាន់ ហើយងាករកចិនវិញ ទង់ជាតិតៃវ៉ាន់ និងណូរូ ។ រូបភាព ៖ CNA
× ពីរថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តៃវ៉ាន់ ក៏បាត់បង់សម្ព័ន្ធមិត្តមួយភា្លមដែរ បន្ទាប់ពីប្រទេសកូនកោះណូរូ បោះដៃរកចិនវិញ។
ភ្លាមក្រោយណូរូកាត់ផ្ដាច់ការទូត តៃវ៉ាន់ក៏ឆ្លើយតបវិញដូចគ្នាដែរ។ ប្រទេសកោះនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះ សម្រេចចិត្តដើរចេញពីតៃវ៉ាន់ ហើយងាកទៅបង្កើតទំនាក់ទំនងជាមួយចិនវិញ។
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៥ ខែមករា រដ្ឋាភិបាលណូរូបាននិយាយថា ខ្លួនបានចាត់ទុកកោះតៃវ៉ាន ជាផ្នែកមិនអាចបំបែកបានពីទឹកដីរបស់ចិន ហើយនឹងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយតៃវ៉ាន់នៅចាប់ពីថ្ងៃនេះ។ នេះបើយោងតាមសារព័ត៌មាន Reuters ។
បើតាមសេក្តីប្រកាសខាងលើ ការស្វែងរកការស្តារឡើងវិញនូវទំនាក់ទំនងការទូតពេញលេញជាមួយចិន គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់រដ្ឋ និងប្រជាជននៃកោះមួយនេះ។ រដ្ឋាភិបាលណូរូ បានសង្កត់ធ្ងន់ថា ៖«ការផ្លាស់ប្តូរនេះ មិនមានចេតនាប៉ះពាល់ដល់ទំនាក់ទំនងដ៏កក់ក្តៅរបស់យើង ជាមួយប្រទេសដទៃទៀតនោះទេ។ ណូរូ នៅតែជាប្រទេសដែលមានអធិបតេយ្យភាព និងឯករាជ្យ ហើយចង់រក្សាទំនាក់ទំនងមិត្តភាព ជាមួយប្រទេសដទៃទៀត»។
ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលណូរូ ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីជាមួយណូរូ ដោយផ្អែកលើគោលការណ៍ចិនតែមួយ។
ភ្លាមៗក្រោយការប្រកាសរបស់ណូរូ លោក Tien Chung-kwang អនុរដ្ឋមន្រ្តីកិច្ចការបរទេសតៃវ៉ាន់ បាននិយាយថា តៃវ៉ាន់ នឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះណូរូជាបន្ទាន់ ដើម្បីការពារកិត្តិយស។
ចំណាត់ការខាងលើ បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងនីតិប្បញ្ញត្តិរបស់តៃវ៉ាន់ កាលពីចុងសប្តាហ៍។ លោក William Lai បានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ ប៉ុន្តែគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាចរបស់លោក បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។
ណូរូ ជាប្រទេសតូចបំផុតមួយរបស់ពិភពលោក ដែលមានប្រជាជនប្រមាណតែ ១២ ៥០០នាក់ប៉ុណ្ណោះ។ ពីមុន ហុងឌូរ៉ាស ជាប្រទេសចុងក្រោយគេ ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ កាលពីខែមីនា ឆ្នាំ២០២៣។
បច្ចុប្បន្ន តៃវ៉ាន់មានសម្ព័ន្ធមិត្តការទូតផ្លូវការចំនួន១២។ ទាំងនេះ គឺជាប្រទេសដែលទទួលស្គាល់សាធារណរដ្ឋចិនតៃវ៉ាន់ (ROC) ជារដ្ឋាភិបាលស្របច្បាប់ និងរក្សាទំនាក់ទំនងការទូតពេញលេញជាមួយតៃវ៉ាន់ រួមមានទាំងស្ថានទូត៕
© រក្សាសិទ្ធិដោយ thmeythmey.com