អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រទេស​កោះ​ណូរូ ផ្តាច់ការទូត​ជាមួយ​តៃវ៉ាន់ ​ហើយងាករក​ចិនវិញ
15, Jan 2024 , 4:49 pm        
រូបភាព
ទង់ជាតិតៃវ៉ាន់ និងណូរូ ។ រូបភាព ៖ CNA
ទង់ជាតិតៃវ៉ាន់ និងណូរូ ។ រូបភាព ៖ CNA
ពីរថ្ងៃក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តៃវ៉ាន់ ក៏បាត់បង់សម្ព័ន្ធមិត្តមួយភា្លមដែរ បន្ទាប់ពីប្រទេសកូនកោះណូរូ បោះដៃរកចិនវិញ។

 
ភ្លាមក្រោយណូរូកាត់ផ្ដាច់ការទូត តៃវ៉ាន់ក៏ឆ្លើយតបវិញដូចគ្នាដែរ។ ប្រទេសកោះនៅប៉ាស៊ីហ្វិកខាងត្បូងមួយនេះ សម្រេចចិត្តដើរចេញពីតៃវ៉ាន់ ហើយងាកទៅបង្កើតទំនាក់ទំនងជាមួយចិនវិញ។ 
 
នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៥ ខែមករា រដ្ឋាភិបាលណូរូបាននិយាយថា ខ្លួនបានចាត់ទុកកោះតៃវ៉ាន ជាផ្នែកមិនអាចបំបែកបានពីទឹកដីរបស់ចិន ហើយនឹងកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ ជាមួយតៃវ៉ាន់នៅចាប់ពីថ្ងៃនេះ។ នេះបើយោងតាមសារព័ត៌មាន ​​Reuters ។
 
បើតាមសេក្តីប្រកាសខាងលើ ការស្វែងរកការស្តារឡើងវិញនូវទំនាក់ទំនងការទូតពេញលេញជាមួយចិន គឺជាផលប្រយោជន៍ដ៏ល្អបំផុតរបស់រដ្ឋ និងប្រជាជននៃកោះមួយនេះ។ រដ្ឋាភិបាលណូរូ បានសង្កត់ធ្ងន់ថា ៖«ការផ្លាស់ប្តូរនេះ មិនមានចេតនាប៉ះពាល់ដល់ទំនាក់ទំនងដ៏កក់ក្តៅរបស់យើង ជាមួយប្រទេសដទៃទៀតនោះទេ។ ណូរូ នៅតែជាប្រទេសដែលមានអធិបតេយ្យភាព និងឯករាជ្យ ហើយចង់រក្សាទំនាក់ទំនងមិត្តភាព ជាមួយប្រទេសដទៃទៀត»។
 
ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលណូរូ ហើយបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ខ្លួន ក្នុងការបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគីជាមួយណូរូ ដោយផ្អែកលើគោលការណ៍ចិនតែមួយ។
 
​​ភ្លាមៗ​ក្រោយការប្រកាសរបស់ណូរូ លោក Tien Chung-kwang អនុរដ្ឋមន្រ្តី​កិច្ចការ​បរទេសតៃវ៉ាន់ ​បាន​និយាយ​ថា តៃវ៉ាន់​ នឹង​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​កោះណូរូជា​បន្ទាន់​ ដើម្បី​ការពារ​កិត្តិយស។
 
ចំណាត់ការខាងលើ បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ និងនីតិប្បញ្ញត្តិរបស់តៃវ៉ាន់ កាលពីចុងសប្តាហ៍។ លោក William Lai ​បានជាប់ឆ្នោតជាមេដឹកនាំតៃវ៉ាន់ ប៉ុន្តែគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលកំពុងកាន់អំណាចរបស់លោក បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។
 
ណូរូ ជា​ប្រទេស​តូច​បំផុត​មួយ​របស់​ពិភពលោក ដែល​មាន​ប្រជាជន​ប្រមាណ​តែ ១២ ៥០០​នាក់​ប៉ុណ្ណោះ។ ពីមុន ហុងឌូរ៉ាស ជាប្រទេសចុងក្រោយគេ ដែលកាត់ផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់ កាលពីខែមីនា ឆ្នាំ២០២៣។ 
 
បច្ចុប្បន្ន តៃវ៉ាន់មានសម្ព័ន្ធមិត្តការទូតផ្លូវការចំនួន១២។ ទាំងនេះ គឺជាប្រទេសដែលទទួលស្គាល់សាធារណរដ្ឋចិនតៃវ៉ាន់ (ROC) ជារដ្ឋាភិបាលស្របច្បាប់ និងរក្សាទំនាក់ទំនងការទូតពេញលេញជាមួយតៃវ៉ាន់ រួមមានទាំងស្ថានទូត៕

Tag:
 តៃវ៉ាន់
  ចិន
  ណូរូ
© រក្សាសិទ្ធិដោយ thmeythmey.com