ជាតិ
គម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D “Immersive Angkor” ដំបូងគេនៅកម្ពុជា
16, Jan 2024 , 9:12 am        
រូបភាព
លោក Geoffrey Ladet នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី នាពេលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្រុង​ប៉ារីស កាលពីថ្ងៃទី​១៥ ខែមករា
លោក Geoffrey Ladet នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី នាពេលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្រុង​ប៉ារីស កាលពីថ្ងៃទី​១៥ ខែមករា
ដោយ: រួបរួម
គម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានលើកឡើង នាឱកាសដែល លោក Geoffrey Ladet នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា។



លោក Geoffrey Ladet បានបញ្ជាក់ថា គម្រោង “Immersive Angkor” ជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ខ្មែរ។ គម្រោង “Immersive Angkor”  នឹងក្លាយជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា។

PuyDuFou ជាក្រុមហ៊ុនវិនិយោគបារាំងទៅលើឧទ្យានកម្សាន្ត និងនិម្មិតបច្ចេកវិទ្យា។ សម្រាប់គម្រោង “Immersive Angkor” ក្រុមហ៊ុននេះ មានកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា ដោយសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា មានទីតាំងក្នុងខេត្តសៀមរាប។

សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត “Immersive Angkor” ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និងអាចផ្តល់នូវភាពងាយស្រួលសម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com