ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន ម៉ាណែត៖ បារាំង ជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ក្នុងការជួយសេដ្ឋកិច្ចកម្ពុជា
16, Jan 2024 , 11:48 am        
រូបភាព
បារាំង ជាដៃគូអភិវឌ្ឍយ៉ាងសំខាន់ ក្នុងការជួយផ្នែកសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានជោគជ័យ។ សម្ដេច ហ៊ុន ម៉ាណែត ថ្លែងបែបនេះ នៅក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នាទីក្រុងប៉ារីស កាលពីថ្ងៃទី១៥ មករា។



ប្រមុខរដ្ឋាភិបាល បានថ្លែងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នាពិតមែន ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា ។
 
បើតាមសម្ដេច ហ៊ុន ម៉ាណែត កម្ពុជា-បារាំង កំពុងធ្វើដំណើរនៅលើគន្លងសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ជាអាទិ៍លើហិរញ្ញប្បទានដែលអាចឆ្លើយតបទៅនឹងសក្តានុពលរបស់កម្ពុជា, ការគោរពគោលការណ៍ចីរភាពដែលជួយជំរុញកំណើនប្រកបដោយ បរិយាប័ន្ន និងគុណតម្លៃរួមដែលជួយត្រួសត្រាយផ្លូវសម្រាប់អនាគតកាន់តែត្រចះត្រចង់ ជាដើម ។
 
ក្នុងដំណើរទស្សនកិច្ច នៅប្រទេសបារាំងនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានបន្ថែមថា៖«បារាំងគឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើងដល់ ៥១៥,២១ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ។ ហើយបារាំងក៏នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា ក្នុងទំហំពាណិជ្ជកម្មសរុបចំនួន ៤,៦ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣» ។
 
សម្ដេច ហ៊ុន ម៉ាណែត ក៏មើលឃើញថា ធុរកិច្ចបារាំងមានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម និងពង្រីកប្រតិបត្តិការនៅកម្ពុជា ក្នុងវិស័យដែលមានស្រាប់ និងវិស័យដែលអាចទាក់ទាញនវានុវត្តន៍ និងការវិនិយោគ ដូចជា វិស័យកសិកម្ម, កែច្នៃម្ហូបអាហារ, អគ្គិសនី និងអេឡិចត្រូនិច, ថាមពលកកើតឡើងវិញ, ការថែទាំសុខភាព, អប់រំ និងបច្ចេកវិទ្យាព័ត៌មាន។
 
ចំណែកវិស័យត្រួសត្រាយផ្លូវ ដែលអាចផ្តល់ផលប្រយោជន៍ដល់អ្នកចាប់ផ្តើមមុនគេ (first-mover advantage) មានដូចជាវិស័យយានយន្ត, នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល, បច្ចេកវិទ្យាបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព, ការថែទាំសុខភាព និងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ, និងឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត ។
 
បន្ថែមពីនេះ បារាំង ក៏បានផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាដល់និស្សិតកម្ពុជា លើមុខជំនាញផ្សេងៗ ដូចជាច្បាប់, វេជ្ជសាស្ត្រ, និងវិស្វកម្ម ជាដើម ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ឆ្លៀតរៀបរាប់ពីការអនុគ្រោះនានា សម្រាប់អ្នកវិនិយោគ ដើម្បីទាក់ទាញឱ្យពួកគេមករកស៊ីនៅកម្ពុជាផងដែរ។ សម្ដេច បានលើកយកអត្ថប្រយោជន៍ជាច្រើន ដល់វិនិយោគិន សម្រាប់ឧត្តមភាពប្រកួតប្រជែង និងកាលានុវត្តភាពពិសេស ដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញ ។
 
ទី១. រាជរដ្ឋាភិបាលការពារយ៉ាងម៉ឺងម៉ាត់នូវសន្តិភាព និងស្ថិរភាព ដែលជាគោលការណ៍ និងគុណតម្លៃស្នូល ហើយបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព សម្រាប់ប្រតិបត្តិការធុរកិច្ចយូរអង្វែង។ ទី២. កម្ពុជាស្ថិតនៅចំណុចកណ្តាល និងជាទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយការផ្តល់លទ្ធភាពចូលទៅក្នុងទីផ្សារតំបន់ប្រកបដោយចីរភាព ។ ទី៣. កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ទាំងទ្វេភាគី និងពហុភាគី ដែលអនុញ្ញាតឱ្យវិនិយោគិន អាចចូលទៅកាន់ទីផ្សារចម្រុះ ជាមួយនឹងការអនុគ្រោះ និងលទ្ធភាពអភិវឌ្ឍធុរកិច្ច ឱ្យឈានដល់កម្រិតខ្ពស់ ។ 
 
«ជាក់ស្តែង, វិនិយោគិននៅកម្ពុជាមានលទ្ធភាពចាប់យកទីផ្សារអនុតំបន់មេគង្គ ដែលមានប្រជាជនប្រមាណជាង ៣០០ លាននាក់, ទីផ្សារអាស៊ាន ដែលមានប្រជាជនប្រមាណជាង ៦៦០ លាននាក់ និងទីផ្សារនៃកិច្ចព្រមព្រៀងអាសិប (RCEP) ដែលមានប្រជាជនប្រមាណ ២,៣ ប៊ីលាននាក់ និងផ.ស.ស. សរុបចំនួន ២៥,៨ ទ្រីលានដុល្លារអាម៉េរិក »។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលបានបន្ថែមថា កម្ពុជាក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) ផងដែរ ៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com