ជាតិ
ខេត្តមណ្ឌលគិរី រតនគិរី និងព្រះវិហារ នឹង​ចុះត្រជាក់ដល់១៧អង្សា ពីថ្ងៃទី១៦-២១​​មករា
16, Jan 2024 , 2:38 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ធាតុអា​កាសនៅខេត្តមណ្ឌលគិរី ​រតនគិរី និង​ខេត្ត​ព្រះ​វិហារ នឹងចុះត្រជាក់ដល់​សីតុណ្ហភាព​​១៧-២០​អង្សា​នៅ​ពេលព្រឹក ពីថ្ងៃទី១៦-២១ខែមករា ​ខណៈ​សីតុណ្ហភាព​អប្បបរមា​នៅតំបន់​ខ្ពង់​រាប​ទាំងមូល ​មានពី១៧-២៣អង្សា និងអតិបរមាពី ៣២-៣៤​អង្សា។ ជាមួយគ្នានេះ ក៏​នឹងមានខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី ២-៤ម៉ែត្រក្នុងមួយវិនាទីផងដែរ។ នេះបើ​តាមសេចក្តីជូនដំណឹង​ស្តីពី​អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលបញ្ជាក់ថា កម្ពុជាកំពុងរងសម្ពាធខ្ពស់ពីប្រទេសចិន ​ ជាមួយនឹងខ្យល់មូសុងឦសាន​បក់​ខ្សោយ​។

 
ឥទ្ធិពលនេះ ក៏ធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមាពី២០-២៤អង្សា និង​សីតុណ្ហភាពអតិបរមាពី៣២-៣៤អង្សា ជាមួយនឹងខ្យល់បក់មកពីទិសឦសាន ក្នុង​ល្បឿនពី១-៣ម៉ែត្រក្នុងមួយវិនាទី ពីថ្ងៃទី១៦-២១ខែមករា។
 
នៅតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សា និងសីតុណ្ហភាព​អតិបរមា​​ពី៣២-៣៤អង្សា ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រក្នុងមួយ​វិនាទី។

រលកសមុទ្រ មានកម្ពស់ពី កន្លះម៉ែត្រ ទៅមួយម៉ែត្រ។ ​ក្រសួងធនធានទឹកបន្ថែមដូច្នេះ និងបន្តដោយការអំពាវនាវឱ្យ​ប្រជាពលរដ្ឋរស់នៅក្នុង​ភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន បង្កើនការ​ប្រុងប្រយ័ត្នថែរក្សាសុខភាព ក្នុងស្ថានភាពធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា៕
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com