ជាតិ
ជំនួបសម្ដេច ហ៊ុន ម៉ាណែត ជាមួយអ្នកវិនិយោគបារាំង សម្រេចបានMOU ៦ និងគម្រោងលើថាមពល និងសារមន្ទីរ 3D
16, Jan 2024 , 4:20 pm        
រូបភាព
២ថ្ងៃ នៃដំណើរទស្សនកិច្ចរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងប្រទេសបារាំង សម្រេចបានការចុះអនុស្សារណយោគយល់ ចំនួន៦ ។ ជាមួយគ្នានេះ អ្នកវិនិយោគបារាំង ក៏បង្ហើបពីគម្រោងចង់វិនិយោគលើវិស័យថាមពល សារមន្ទីរសប្បនិម្មិត ការដឹកជញ្ជូនតាមផ្លូវដែក និងការអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជា ជាដើម។



ឯកសារទាំង៦ ដែលបានចុះហត្ថលេខារវាងកម្ពុជា និងបារាំង ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន ម៉ាណែត នេះ រួមមាន អនុស្សរណៈយោគយល់រវាង សភាពាណិជ្ជកម្មកម្ពុជា និងសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន (APF)។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន Blue Circle ។ អនុស្សរណៈយោគយល់រវាង អាកាសយានដ្ឋានអន្តរជាតិតេជោ (OCIC) និង ក្រុមហ៊ុន Lagardere Travel Retail ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង Aloest Productions ។ អនុស្សរណៈយោគយល់រវាង ក្រុមហ៊ុន OCIC និង  Platform Impact (តំណាងដោយក្រុមហ៊ុន Ecole 42) និង អនុស្សរណៈយោគយល់រវាង LYP គ្រុប និងក្រុមហ៊ុន SEMMARIS។
 
អនុស្សរណៈយោគយល់នេះ នឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និង ប្រទេសនិយាយភាសាបារាំង ជាការរៀបចំជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ចនានា។ 
 
ក្រៅពីអនុស្សារណៈទាំងនេះ សម្ដេច ហ៊ុន ម៉ាណែត និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក៏បានជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុន និងភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
 
ក្រុមហ៊ុន Orange SA ចង់វិនិយោគលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាកម្ពុជា ទៅបណ្ដាប្រទេសលើពិភពលោក

លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group  បានជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៥ មករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុជំនួបនេះលោក Emmanuel បានបង្ហាញពីបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ 
 
លោកនាយកប្រតិបត្តិ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក  ហើយកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយមានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។ 
 
លោកបានបញ្ជាក់ថា៖« ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត  តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅ បណ្តាប្រទេសនានា »។  
 
សម្តេច ហ៊ុន ម៉ាណែត បានស្នើឱ្យក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាន។



Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣៦ ០០០នាក់ ដោយប្រតិបត្តិការ នៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូ អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់សេវាអន្តរជាតិទ្វេភាគី។
 
ក្រុមហ៊ុន Alstom ចាប់អារម្មណ៍លើការវិនិយោគរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជន ទៅតំបន់ផ្សេងៗនៅកម្ពុជា
 
នៅក្នុងជំនួបដោយឡែកមួយទៀត លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីបំណងចង់ដាក់ទុនវិនិយោគលើការតភ្ជាប់លើវិស័យដឹកជញ្ជូននៅកម្ពុជា។ លោក Philippe បានអះអាងថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនលើវិស័យនេះ ដោយកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ាន ដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។ 
 
លោក Philippe DELLEUR បានគូសបញ្ជាក់ថា «ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុនលើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ក្នុងការវិនិយោគលើការអភិវឌ្ឍន៍វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ។ ហើយក្រុមហ៊ុនចាប់អារម្មណ៍លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូនពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀតប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើងពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ»។


 
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀតជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សា នៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ។
 
សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមថា រដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ។ ជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ សម្ដេចបានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផលដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្តដល់ការវិនិយោគផ្ទាល់ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។
 
ក្រុមហ៊ុន Alstom គឺជាក្រុមហ៊ុនបារាំងដែលមានប្រតិបត្តិការនៅទូទាំងពិភពលោក ក្នុងទីផ្សារដឹកជញ្ជូនតាមផ្លូវដែក ការផលិតរថភ្លើងល្បឿនលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams) ផ្លូវរថភ្លើង រថភ្លើងក្រោមដី និងសេវាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ រួមទាំងរថភ្លើងអគ្គិសនីជាដើម ដែលប្រកបដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប។ ក្រុមហ៊ុន Alstom កំពុងប្រតិបត្តិការការងារ នៅក្នុងប្រទេសចំនួន៦៣ នៅទូទាំងពិភពលោក និងមានបុគ្គលិកប្រមាណ ៨០ ០០០នាក់ ដែលមានចម្រុះប្រមាណ ១៧៥ជាតិសាសន៍។
 
ក្រុមហ៊ុន Blue Circle ចាប់អារម្មណ៍វិនិយោគលើថាមពលកកើតឡើងវិញ ដើរដោយកម្លាំងខ្យល់នៅកម្ពុជា

ថាមពលកកើតឡើងវិញ ដើរដោយកម្លាំងខ្យល់នៅកម្ពុជា ជាគម្រោងវិនិយោគ ដែលលោកលោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle លើកយកមកពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ មករា។
 
នាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនរបស់លោក មានជំនាញ និងបទពិសោធន៍ក្នុងអាជីវកម្មថាមពលកកើតឡើងវិញ ពិសេសថាមពលដែលដើរដោយកម្លាំងខ្យល់ ។ កន្លងមកលោក ក៏បានធ្លាប់មកកាន់តំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ ដោយជួបពិភាក្សាជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ក្នុងការសិក្សាស្វែងយល់ពីស្ថានភាពភូមិសាស្រ្តនៅកម្ពុជា និងរកទីតាំងដែលសម្បូរខ្យល់ ក្នុងកម្រិតល្បឿនល្អ ដែលអាចផលិតជាថាមពលអគ្គីសនីបាន។ 
 
«ក្រោយពីការសិក្សាទៅលើស្ថានភាពភូមិសាស្រ្តរួចមក ខាងក្រុមហ៊ុន បានកត់សម្គាល់ទីតាំងមួយចំនួនដែលអាចផ្តល់លទ្ធភាពផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ រួមមាន តំបន់ភ្នំបូកគោ ក្នុងខេត្តកំពត និងខេត្តមណ្ឌលគីរី»។ នេះបើតាម Olivier ដោយបានបន្ថែមថា បើមានកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធ និងការគាំពារពីរាជរដ្ឋាភិបាល នោះក្រុមហ៊ុននឹងអាចផលិតថាមពលអគ្គិសនីបានច្រើន ។



តាមការប៉ាន់ស្មានក្នុងដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់ទៅថ្ងៃអនាគត ។ ក្នុងន័យនេះ កម្ពុជាអាចនឹងទទួលបានប្រភពថាមពលអគ្គិសនី ដែលកើតចេញពីប្រភពកកើតឡើងវិញកាន់តែច្រើន និងអាចនាំចេញថាមពលអគ្គិសនី ទៅក្រៅប្រទេសផងដែរ។ នេះបើតាមប្រធានក្រុមហ៊ុន Blue Circle។ 
 
សម្ដេច ហ៊ុន ម៉ាណែត គាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលចង់បោះទុនវិនិយោគនៅកម្ពុជា ។ សម្ដេចស្នើក្រុមហ៊ុនទាក់ទងជាមួយដៃគូ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកឱកាសរៀបចំគម្រោងផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល់នេះ ឱ្យសម្រេចបានជាផ្លែផ្កាជាក់ស្តែង។
 
ក្រុមហ៊ុន Blue Circle ជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្តល់ហិរញ្ញប្បទាន និងធ្វើប្រតិបត្តិការគម្រោងថាមពលកកើតឡើងវិញ នៅតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០១៣មក។ ក្រុមហ៊ុន Blue Circle បានបើកការិយាល័យដំបូង នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥ ដោយក្រុមហ៊ុនបានជ្រើសរើសយកខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍គម្រោងទីមួយរបស់ក្រុមហ៊ុន លើគម្រោងទាញយកថាមពលខ្យល់បំប្លែងជាអគ្គិសនី ដែលគ្រោងនឹងបើកដំណើរការចាប់ពីឆ្នាំ២០២៦ តទៅ។
 
ក្រុមហ៊ុន TotalEnergies បង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា
 
លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ក៏បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញដែរ។
 
ក្រុមហ៊ុន TotalEnergies មានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត នៅកម្ពុជា។ លោកប្រធាន និងជានាយកប្រតិបត្តិ បានប្រាប់សម្តេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន TotalEnergies មានកិត្តិនាមល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន នៅកម្ពុជា ។ ក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល និងអគ្គីសនីផងដែរ។ 
 
នាយកប្រតិបត្តិក្រុមហ៊ុន បានបញ្ជាក់ថា​៖«បច្ចុប្បន្ន ក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម»។ 



ចំពោះគម្រោងបោះទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យថាមពលកកើតឡើងវិញនេះ ទទួលបានការគាំទ្រពីសម្ដេច ហ៊ុន ម៉ាណែត។ សម្ដេច បានសង្កត់ធ្ងន់ថា កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេច ក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការ លើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនី ក្រោមបាតសមុទ្រពីកម្ពុជា ទៅសិង្ហបុរី ផងដែរ។ ជាមួយគ្នានេះ នាយករដ្ឋមន្រ្តីកម្ពុជា ជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពលកម្ពុជា។
 
ក្រុមហ៊ុនTotalEnergies បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធឈ្មោះ Total Cambodge នៅកម្ពុជា ដែលចែកចាយប្រេងឥន្ធនៈ និងប្រេងម៉ាស៊ីន ហើយកំពុងប្រតិបត្តិការចំនួន ៥៨ស្ថានីយ៍នៅរាជធានីភ្នំពេញ និងចំនួន ៤៩ផ្សេងទៀត នៅតាមបណ្តាខេត្តទាំង២៤។ ក្រុមហ៊ុន កំពុងប្រតិបត្តិការអាជីវកម្មរោងចក្រអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៦៥មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង និងកំពុងពិចារណាក្នុងការវិនិយោគបន្ថែមនៅកម្ពុជា ពិសេសក្នុងវិស័យថាមពលខ្យល់។
 
ក្រុមហ៊ុន EDF បង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជា
 
ក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) ក៏មានបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញ នៅកម្ពុជាដែរ។ លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំងនេះ បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុនកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងកំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ។ 
 
ជាមួយគ្នានេះ លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជា។ 



ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យលោកស្រី Makreeta LAHTI បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ។ នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានឆ្លៀតរម្លឹកពីច្បាប់វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូន នៅថ្ងៃអនាគត។
 
ក្រុមហ៊ុន EDF គឺជាក្រុមហ៊ុនរដ្ឋបារាំង ដែលវិនិយោគទៅលើវិស័យថាមពល (អគ្គិសនី, ឧស្ម័នធម្មជាតិ) និងមានអតិថិជនចំនួន ៤០,៣លាននាក់ទូទាំងពិភពលោក ដោយមានសមត្ថភាពផ្គត់ផ្គង់ដល់ ៤៣១,៧ TWh។ ក្រុមហ៊ុន EDF មានគោលដៅចម្បង ដើម្បីកសាងអនាគតថាមពលដែលបញ្ចេញកាបូនសូន្យប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយសន្សំសំចៃភពផែនដី និងជំរុញសុខុមាលភាព ដែលស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ និងមានការគិតគូរខ្ពស់ទៅលើបរិស្ថានបៃតង។ ក្រុមហ៊ុន EDF មានប្រតិបត្តិការសំខាន់ៗចំនួន ៤ រួមមាន៖ ១. ការផលិតអគ្គិសនី ២. ការដឹកជញ្ជូន និងចែកចាយថាមពលអគ្គិសនី ៣. ការផ្គត់ផ្គង់ថាមពល និង ៤. ការបង្កើនប្រសិទ្ធភាព និងការជួញដូរថាមពលអគ្គិសនី។
 
គម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D “Immersive Angkor” ដំបូងគេនៅកម្ពុជា

គម្រោងសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានលើកឡើង នាឱកាសដែល លោក Geoffrey Ladet នាយកប្រតិបត្តិក្រុមហ៊ុន Puy Du Fou ប្រចាំទ្វីបអាស៊ី បានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៥ ខែមករា។
 
លោក Geoffrey Ladet បានបញ្ជាក់ថា គម្រោង “Immersive Angkor” ជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌ខ្មែរ។ គម្រោង “Immersive Angkor”  នឹងក្លាយជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា។



PuyDuFou ជាក្រុមហ៊ុនវិនិយោគបារាំងទៅលើឧទ្យានកម្សាន្ត និងនិម្មិតបច្ចេកវិទ្យា។ សម្រាប់គម្រោង “Immersive Angkor” ក្រុមហ៊ុននេះ មានកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា ដោយសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា មានទីតាំងក្នុងខេត្តសៀមរាប។
 
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត “Immersive Angkor” ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀតអំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និងអាចផ្តល់នូវភាពងាយស្រួលសម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ។
 
ក្រុមហ៊ុន ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា នឹងរីកចម្រើន និងល្អប្រសើរ
 
លោកស្រី Maud BAILLY នាយិកាប្រតិបត្តិ Sofitel, MGallery  និង Emblems តំណាងឱ្យ ACCOR Group មានសុទិដ្ឋិនិយមថា វិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៤នេះ នឹងរីកចម្រើន ហើយល្អប្រសើរ ។ លោកស្រី បានបន្ថែមថា សណ្ឋាគារសូហ្វីតែល ដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍ មកទស្សនាខេត្តសៀមរាប នៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។
 
បើតាមលោកស្រី Maud BAILLY ក្រុមហ៊ុន ACCOR Group កំពុងវិនិយោគក្នុងវិស័យសណ្ឋាគារ ដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique Hotel ផ្សេងៗទៀត ដែលជាការលើកស្ទួយរូបភាពនិងកិត្យានុភាពនៃប្រទេសកម្ពុជា។ 



សម្តេច ហ៊ុន ម៉ាណែត បានបញ្ចាក់ថា រដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ ជាពិសេសបង្កើតការងារដល់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងជំនួបនេះដែរ សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ។
 
ACCOR Group ជាក្រុមហ៊ុនដែលប្រតិបត្តិការលើសេវាកម្មសណ្ឋាគារ ដែលគ្រប់គ្រងលើសណ្ឋាគារចំនួន ជាង៤០ម៉ាក (Brand) ទូទាំងពិភពលោក។ ក្នុងនោះ Group ACCOR ក៏បានដាក់ទុនវិនិយោគចំនួន ៩ទីតាំងនៅកម្ពុជា រួមមាននៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d'Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។
 
ក្រុមហ៊ុន VINCI ចាត់ទុកស្ថិរភាពនយោបាយនៅកម្ពុជា ជាលក្ខខណ្ឌអំណោយផលដល់ការវិនិយោគ
 
នាទីក្រុងប៉ារីស លោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group បានចូលជួបពិភាក្សា និងសួរសុខទុក្ខសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
 
ប្រធានក្រុមហ៊ុន VINCI ដែលបានដំណើរការរកស៊ីនៅកម្ពុជា លើវិស័យអាកាសចររូបនេះ ចាត់ទុកសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ជាលក្ខខណ្ឌអំណោយផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុន ។ លោកបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា ។



សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។ ប្រមុខរដ្ឋាភិបាល ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ​ឱ្យពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
 
VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។ 
 
VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក។
 
អគ្គលេខាធិការអង្គការអន្តរជាតិ គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦

កម្ពុជាបានស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី គាំទ្របេក្ខភាពកម្ពុជា។
 
ថ្លែងក្នុងជំនួបសម្ដេច ហ៊ុន ម៉ាណែត លោកស្រី ល្វីស បានស្នើរដ្ឋាភិបាលកម្ពុជា ឱ្យបន្តចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ដល់បណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងទ្វីបអាហ្វ្រិក និងបណ្ដាទ្វីបដទៃទៀត ក៏ដូចជាប្រទេសដែលមិនប្រើប្រាស់ភាសាបារាំងផងដែរ។ ជាពិសេសបេសកកម្មផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងផ្នែកសំខាន់ៗផ្សេងទៀត ព្រមទាំងបទពិសោធន៍នៃការថែរក្សាវប្បធម៌នៃការប្រើប្រាស់ភាសាបារាំង។ 
 
កម្ពុជាមានមោទនភាពដែលបានបន្តថែរក្សានូវមរតក ក៏ដូចជាវប្បធម៌ប្រើប្រាស់ភាសាបារាំង និងមានទំនាក់ទំនង និងកិច្ចសហការល្អជាមួយបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង។ សម្ដេច ហ៊ុន ម៉ាណែត បានឆ្លើយតបទៅលោកស្រី ល្វីស វិញយ៉ាងដូច្នេះ។



សម្ដេច ក៏បានថ្លែងទៀតថា ក្នុងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ មានថ្នាក់ដឹកនាំដែលអាចប្រើប្រាស់ភាសាបារាំង ប្រមាណ ៤០ភាគរយ  ដែលបង្ហាញថា កម្ពុជានៅតែបន្តចូលរួមយ៉ាងសកម្មនៅក្នុងការរក្សា និងនិយាយភាសាបារាំង ទាំងក្នុងកិច្ចរដ្ឋបាល និងការងារទំនាក់ទំនងជាមួយបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោក។
 
អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី មានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ ។ ក្នុងនោះមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ 
 
បេសកកម្មរបស់ Francophonie គឺដើម្បីផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា,លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។

សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) ប្ដេជ្ញាផ្សព្វផ្សាយទៅក្រុមហ៊ុនបារាំងពីឱកាសវិនិយោគនៅកម្ពុជា 
 
លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានប្ដេជ្ញាជួយផ្សព្វផ្សាយទៅក្រុមហ៊ុនបារាំងនានា ពីឱកាសវិនិយោគនៅកម្ពុជា។ ប្រធានសម្ព័ន្ធនិយោជករូបនេះ បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ថា នេះជាពេលវេលាដ៏សមស្របសម្រាប់ក្រុមហ៊ុនបារាំងពិចារណា និងស្វែងរកទីផ្សារបន្ថែមទៀត នៅក្នុងទ្វីបអាស៊ី ជាពិសេសនៅប្រទេសកម្ពុជា ដែលជាស្ថាបនិក នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី និងជាប្រទេសដែលបានដាក់បេក្ខភាពជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល នៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦។ 
 
លោកប្រធាន APF បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគនៅកម្ពុជា ទៅដល់ក្រុមហ៊ុនបារាំង ឱ្យបានដឹងកាន់តែច្បាស់បន្ថែមទៀត ព្រោះកម្ពុជាមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសុខសន្តិភាពពេញលេញ ។ លោកប្រធាន APF ក៏មានជំនឿថា ៖«នេះជាឱកាសល្អក្នុងការផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជាដល់ក្រុមហ៊ុនបារាំង ដោយសារតែកម្ពុជាអាចនឹងក្លាយជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ហើយកម្ពុជាក៏មានឱកាសបង្ហាញនូវភាពទាក់ទាញដល់វិនិយោគិន ជាមួយនឹងទំនាក់ទំនងដ៏ល្អរវាងបារាំង និងកម្ពុជា នាពេលកន្លងមក»។

 
បន្ថែមពីលើការលើកឡើងរបស់លោក Geoffroy Roux De Bezieux នេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមហ៊ុនបារាំងគួរតែពិចារណាស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដែលមានច្បាប់វិនិយោគ និងបរិស្ថានដ៏ល្អប្រសើរ ជាពិសេសលើវិស័យបច្ចេកវិទ្យា វិស័យថាមពលកកើតឡើងវិញ បចេ្ចកវិទ្យាឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យកសិកម្ម។ 

 
សម្ដេច ក៏អរគុណលោកប្រធាន APF សម្រាប់ការជួយផ្សព្វផ្សាយ និងការផ្តល់ព័ត៌មានជាច្រើនអំពីកម្ពុជាទៅដល់ក្រុមហ៊ុនបារាំង ដែលកម្ពុជាក៏មានបំណងផ្សារភ្ជាប់ខ្លួនទៅក្នុងច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោកផងដែរ។ ប្រមុខរដ្ឋាភិបាល សង្ឃឹមថា ៖«ក្រុមហ៊ុនបារាំងនឹងស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយរាជរដ្ឋាភិបាលបន្តអនុវត្តនូវអភិក្រមដែលមាន លក្ខណៈប្រាកដនិយម ក្នុងការគាំទ្រដល់ការធ្វើវិនិយោគ តាមរយ:ការបង្កើតបរិស្ថានអំណោយផល និងការផ្តល់ដំណោះស្រាយជាក់ស្តែងចំពោះវិស័យជាក់លាក់ ដើម្បីឱ្យអ្វីៗអាចដំណើរការបាន និងការធ្វើប្រតិបត្តិការអាជីវកម្មទទួលបានជោគជ័យ»។
 
សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) មានសមាសភាពអង្គការវិជ្ជាជីវៈចំនួន ៣៤ មកពីប្រទេសហ្រ្វង់កូហ្វូនចំនួន ៣១, សហគ្រាសជាង ៧០០ ០០០ដោយផ្ទាល់ និងសហគ្រាសចំនួន ១០លានសហគ្រាស ដោយប្រយោល៕
 
  


 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  សេដ្ឋកិច្ច
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com