ជាតិ
សង្គមជាតិ
រដ្ឋ បង្កើតក្រុង«រុនតាឯកតេជោសែន» ​ ដោយកាត់យកឃុំរុនតាឯក និងឃុំបល្ល័ង្ក
16, Jan 2024 , 5:52 pm        
រូបភាព
ភូមិធម្មជាតិរុនតាឯកថតពីលើអាកាសដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ថតនៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៣
ភូមិធម្មជាតិរុនតាឯកថតពីលើអាកាសដែលកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ថតនៅថ្ងៃទី២២ ឧសភា ឆ្នាំ២០២៣
ប្រមុខរដ្ឋាភិបាលសម្រេច ហ៊ុន ម៉ាណែត សម្រេចបង្កើត «ក្រុងរុនតាឯកតេជោសែន»​ ឡើងដោយសង្កាត់ចំនួន២ ដោយក្នុងនោះមានសង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្ក។ នេះបើយោងតាមសេចក្តីសម្រេចរបស់លោក ហ៊ុន ម៉ាណែត នាថ្ងៃទី១១មករា។

 
ការបង្កើត«ក្រុងរុនតាឯកតេជោសែន»​ នៃខេត្តសៀមរាបនេះ គឺបានកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្ក ពីស្រុកប្រាសាទបាគង។ សេចក្តីសម្រេចដដែលបានបញ្ជាក់ថា ទីតាំងរដ្ឋបាលក្រុងរុនតាឯកតេជោសែន ស្ថិតនៅក្នុងសង្កាត់រុនតាឯក។​
 
ក្រុងនេះត្រូវបានបង្កើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសនឹងកែប្រែតំបន់ជនបទទៅជាទីក្រុងមួយ កាលពីជាង១ឆ្នាំមុន។ នា​ជំនួប​សំណេះសំណាលផ្ទាល់ជាមួយពលរដ្ឋស្ម័គ្រ​ចិត្តនៅ​ទីតាំង​រុន​តាឯកផ្ទាល់​នាព្រឹកថ្ងៃទី​១៣ ខែកញ្ញា ២០២៣ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល​ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន នឹងកែប្រែរុនតាឯក ពីជនបទ ឲ្យទៅជាទីក្រុង​មួយ។
 
សម្តេច​បាន​លើកឡើងពី​ការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតំបន់នេះ ដូចជាអគ្គិសនី ទឹកស្អាត​ ផ្លូវ ផ្សារ និង​សាលារៀន ដោយសម្តេច​បាន​លើកឡើងពីគម្រោង​បង្កើតថ្នាក់​កម្រិត​អនុវិទ្យាល័យ និងវិទ្យាល័យ​ នាពេល​ខាងមុខ។
 
សម្រាប់ផ្លូវលំ ចូលទៅតំបន់រុនតាឯក នឹងត្រូវរៀបចំចាក់កៅស៊ូ ហើយផ្លូវតភ្ជាប់ក្នុងភូមិផ្សេងទៀត ក៏នឹងឈូសឆាយធ្វើដែរ ដោយខ្លះនឹងចាក់បេតុង។ ផ្លូវដែលនឹងត្រូវអភិវឌ្ឍ មានប្រវែងប្រមាណ១៤០គីឡូម៉ែត្រ។ 
 
ចំពោះទឹក រដ្ឋនឹងរៀបចំប្រព័ន្ធទឹកស្អាតចេញពីទីរួមខេត្តទៅតំបន់រុនតាឯក ដែលគ្រោងនឹងចំណាយប្រមាណ៣លានដុល្លារ ដោយចំណាយពេល៨ខែ។ ចំណែក ប្រព័ន្ធអគ្គិសនី ក៏ត្រូវបានសម្ដេច ហ៊ុន សែន បញ្ជាឲ្យអាជ្ញាធររៀបចំដំណាលគ្នា ជូនពលរដ្ឋផងដែរ។ រីឯ សាលារៀន តំបន់រុនតាឯក នឹងមានសាលារៀនថ្នាក់បឋម អនុវិទ្យាល័យ វិទ្យាល័យ និង អគារស្នាក់នៅសម្រាប់គ្រូបង្រៀន។ ចំពោះ ពលរដ្ឋដែលស្ម័គ្រចេញពីតំបន់រមណីដ្ឋានអង្គរ ទៅរស់នៅតំបន់រុនតាឯក នឹងទទួលបានប័ណ្ណក្រីក្រ សម្រាប់ថែទាំសុខភាព រួមទាំងទទួលបានប្រាប់ឧបត្ថម្ភអំឡុងពេលរងវិបត្តិកូវីដ-១៩៕ 

Tag:
 សៀមរាប
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com