ជាតិ
សេដ្ឋកិច្ច
Trip.com ប្តេជ្ញានាំអ្នកទេសចរនៅជុំវិញពិភពលោកមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើន
17, Jan 2024 , 10:00 am        
រូបភាព
 លោកស្រី  Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចាប់ដៃជាមួយ សម្តេច ហ៊ុន ម៉ាណែត នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាថ្ងៃទី១៦មករា។ រូបថត PM
លោកស្រី Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com ចាប់ដៃជាមួយ សម្តេច ហ៊ុន ម៉ាណែត នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាថ្ងៃទី១៦មករា។ រូបថត PM
ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com​ ​ប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ​ ដើម្បីនាំអ្នកទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។​ លោកស្រី  Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានថ្លែងបែបនេះនៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត នាឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាថ្ងៃទី១៦មករា​។

 
អគ្គនាយិកាក្រុមហ៊ុន Trip.com រូបនេះ បានលើកសរសើរពីកម្ពុជា ថា​ ជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។  ជាពិសេស​ភាពល្អឯករបស់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ​ រួមទាំងតំបន់ទេសចរណ៍វប្បធម៌ ​និងធម្មជាតិជាច្រើនទៀត បានធ្វើឱ្យអ្នកស្រី Jane Sun ប្តេជ្ញាចិត្តនាំអ្នកទេសចរមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។​
 
ជុំវិញការតាំងចិត្តរបស់ក្រុមហ៊ុន Trip.com ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា​ ប្រមុខរដ្ឋាភិបាលសម្តេ​ច ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្វាគមន៍ចំពោះក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា។ សម្តេច លើកទឹកចិត្តឱ្យក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោកមួយនេះ បង្កើនកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
 
Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា៖ សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅកម្ពុជាបាន តាមរយៈវេបសាយ Trip.com ។​
 
ដោយឡែក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាប ផងដែរ ៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com