ជាតិ
សិល្បះ
លោក ព្រាប សុវត្ថិ អំពាវនាវឱ្យសិល្បករស្រុកខ្មែរ ធ្វើជាគំរូដល់មហាជន
17, Jan 2024 , 12:46 pm        
រូបភាព
កំពូលតារាចម្រៀងកម្ពុជា លោក ព្រាប សុវត្ថិ បានចេញសារអំពាវនាវឱ្យសិល្បករ ជាពិសេសតារាចម្រៀង ចេះស្រលាញ់ និងរួបរួមគ្នា ដើម្បីជាគំរូដល់មហាជន។ សំណេរលើហ្វេសប៊ុករបស់លោក ព្រាប សុវត្ថិ នាពេលនេះ ទំនងឃើញមានការជជែកវែកញែកគ្នាច្រើន លើបញ្ហាទម្រង់ និងស្ទីលច្រៀង ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្របតាមនិន្នាការសង្គម។

 
តាមរយៈសំណេរលើបណ្ដាញសង្គមនេះ លោក ព្រាប សុវត្ថិ ពិតជាមិនចង់ឃើញសិល្បៈខ្មែរ ត្រូវបានបែកបាក់គ្នានោះទេ។ តារាចម្រៀងល្បី តាំងពីទសវត្សរ៍៩០មករូបនេះ បានអំពាវឱ្យសិល្បៈខ្មែរទាំងអស់ ត្រូវចេះស្រលាញ់ និងជួយគាំទ្រគ្នាទៅវិញទៅមក។ «ចំណែកយើងអ្នកសិល្បៈ ក៏ជាអ្នកស្តាប់គ្នាទៅវិញទៅមក យើងមិនមែនស្ដាប់តែចម្រៀង យើងច្រៀងនោះទេ គឺគាំទ្រគ្នាទៅវិញទៅមកគ្រប់ទម្រង់ សិល្បៈក៏ជាទស្សនិកជនម្នាក់ក្នុងចំណោមអ្នកសិល្បករទាំងអស់ដែរ»។
 
ក្នុងអត្ថន័យណែនាំទៅសិល្បៈខ្មែរដទៃទៀត ក្នុងនាមជារៀមច្បង តារាចម្រៀងរូបនេះ បានពន្យល់ថា ភាពរីកចម្រើនរបស់អ្នកសិល្បៈទាំងអស់ បានមកពីការគាំទ្រពីមហាជនគ្រប់ស្រទាប់ ហើយមហាជនគឺជាកញ្ចក់ឆ្លុះបង្ហាញទាំងចំណុចល្អ និងចំណុចមិនល្អ ដែលអ្នកសិល្បៈត្រូវកែលំអ។ «សម្រាប់យើងជាអ្នកសិល្បៈករវិញត្រូវធ្វើជាគំរូល្អ ចេះរួបរួមគ្នា អធ្យាស្រ័យល្អរវាងគ្នា ក្នុងនាមជាអ្នកសិល្បៈរួមអាជីពផង ក្នុងនាមជាជនជាតិខ្មែរតែមួយដែលពោរពេញដោយស្នាមញញឹម ក្រោមដំបូលសន្តិភាពតែមួយ ដើម្បីរួបរួមគ្នាឆ្ពោះទៅមុខ ជាមួយគ្នានាំសិល្បៈកម្ពុជា អោយមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលអនាគត»។ នេះជាការលើកឡើងរបស់លោក ព្រាប សុវត្ថិ។
 
សិល្បៈតន្ត្រីនេះ ជាទម្រង់មួយ ក្នុងចំណោមទម្រង់សិល្បៈទាំងប្រាំពីរ ដែលត្រូវបម្រើអារម្មណ៍មហាជនអ្នកស្តាប់គ្រប់មនោសញ្ចេតនា កម្សត់ ស្នេហា កំប្លែង រីករាយ ស្រែកហ៊ោសប្បាយ​។​ នេះជាការលើកឡើងរបស់កំពូលតារាចម្រៀងកម្ពុជា។ 
 
កាលពីពេលថ្មីៗនេះ គេឃើញតារាចម្រៀង ខេមរៈ សិរីមន្ត និងតារាចម្រៀងរ៉េប ដែលគេស្គាល់ថា «ខ្មែរមួយជីវិត» បានចេញសារ និងពាក្យសម្តីឆ្លងឆ្លើយគ្នា លើបញ្ហាទម្រង់និងស្ទីលច្រៀងបទមនោសញ្ចេតនា បទHip Hop និងបទរ៉េប ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្របតាមនិន្នាការសង្គម៕

Tag:
 ព្រាប សុវត្ថិ
  សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com