ជាតិ
សេដ្ឋកិច្ច
គម្រោង«ព្រែកជីកហ្វូណនតេជោ»តម្លៃ១​៧០០លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ នៅចុងឆ្នាំនេះ
17, Jan 2024 , 3:19 pm        
រូបភាព
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា
រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា
រដ្ឋាភិបាលត្រៀមបើកការដ្ឋានសាងសង់ គម្រោង«ព្រែកជីកហ្វូណនតេជោ» ឬ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ នាអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤។ នេះជាការលើកឡើងរបស់លោក​រដ្ឋមន្ត្រីសាធារណការ​ និងដឹកជញ្ជូន ប៉េង ពោធិ៍នា ដែលផែនការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលបានអនុម័តលើគម្រោងតម្លៃ១៧០០លានដុល្លារនេះ​ កាលពីថ្ងៃ១៩ឧសភា ឆ្នាំ២០២៣។

 
«យើងនឹងមាន គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា ដែលគ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះ»។ សម្រង់សម្តីរបស់លោក ប៉េង ពោធិ៍នា ត្រូវបានចុះផ្សាយលើទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧មករានេះ។ 
 
រដ្ឋាភិបាលសម្រេច​ការរៀបចំគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់នេះឡើង គឺដើម្បីពង្រីកវិសាលភាពនៃការប្រើប្រាស់សក្ដានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅលើការចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមួយកម្រិតថែមទៀត។ ពិសេសផ្ដល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈម និងឧបសគ្គនានា នៃវិស័យដឹកជញ្ជូនតាមផ្លូវទឹក  ដែលកម្ពុជាកំពុងតែជួបប្រទះនាពេលបច្ចុប្បន្ន។ 
 
តាមលទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនាផលប្រយោជន៍សេដ្ឋកិច្ច របស់ក្រសួងសាធារណការ បានបង្ហាញថា​ គម្រោងព្រែកជីកហ្វូណននេះ នឹងត្រូវចំណាយទុនវិនិយោគប្រមាណ១៧០០លានដុល្លារនិងចំណាយពេលសាងសង់ក្នុងរយៈពេល៤ឆ្នាំ។ បន្ទាប់ពីគម្រោងត្រូវបានសាងសង់រួចហើយនិងដំណើរការ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែប របស់វៀតណាមប្រមាណ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ 
 
ក្រសួងសាធារណការ ធ្លាប់បញ្ជាក់ថា គម្រោងនេះ ក៏នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតដល់ចរន្តសេដ្ឋកិច្ចផងដែរ ដូចជា៖ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ 
 
គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់នេះ ក្រសួងសាធារណការបានបែងចែកជា២ដំណាក់កាល ដោយដំណាក់កាលទីមួយ គឺជាការសិក្សាបឋម ប្រើរយៈពេល១៤ខែ និងដំណាក់កាលទីពីរ ជាការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល១២ខែ។​
 
គម្រោង​ព្រែកជីកនេះ ត្រូវបានក្រសួងសាធារណការ សិក្សាជាមួយក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ​(CRBC) និងក្រុមហ៊ុន CCCC Transportation Consultants Co., Ltdរបស់ប្រទេសចិន៕​

Tag:
 ព្រែកជីកហ្វូណនតេជោ
© រក្សាសិទ្ធិដោយ thmeythmey.com