ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន Wilmar សម្លឹងមើលឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា
17, Jan 2024 , 3:39 pm        
រូបភាព
ក្រុមហ៊ុន Wilmar International Group មានបំណងចង់វិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា។ លោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar បានប្រាប់ពីបំណងនេះ ទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស កាលពីថ្ងៃទី១៦ មករា។

 
លោក Kuok Khoon Hong បាននិយាយថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ជាពិសេសខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។
 
បំណងរបស់ប្រធានអគ្គនាយករូបនេះ ស្របតាមគោលគំនិតរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងជំរុញនិងលើកកម្ពស់ផលិតកសិកម្មនៅកម្ពុជា។ សម្ដេច ក៏បានប្រាប់ឱ្យក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាអាទិភាព ស្របតាមគោលនយោបាយរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
 
គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ។ ក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយយ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ៕

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com