ជាតិ
អ្នកវិនិយោគនៅស្វីស ប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីគម្រោងរកស៊ីលើកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មនៅកម្ពុជា
17, Jan 2024 , 5:05 pm        
រូបភាព
អ្នកវិនិយោគនៅប្រទេសស្វីសជាច្រើន បានជួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត នៅក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នាថ្ងៃទី១៦ និង១៧ មករានេះ។ ពួកគេទាំងនោះ សុទ្ធតែអះអាងពីបំណងចង់មករកស៊ីនៅក្នុងប្រទេសកម្ពុជា។



គម្រោងរកស៊ីលើវិស័យកសិកម្ម បច្ចេកវិទ្យា និងសេវាកម្មនៅកម្ពុជា ត្រូវបានប្រធាន និងតំណាងក្រុមហ៊ុនធំៗ ដែលកំពុងឈរជើងនៅក្នុងប្រទេសស្វីស រៀបរាប់ប្រាប់សម្ដេច ហ៊ុន ម៉ាណែត។ ឭដំណឹងនេះភ្លាម សម្ដេចនាយករដ្ឋមន្រ្តី ក៏លើកទឹកចិត្ត និងជំរុញឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនទាំងនោះ ស្វែងរកដៃគូសហការនៅកម្ពុជា ខណៈរដ្ឋាភិបាលក៏មានគោលនយោបាយអនុគ្រោះ ដល់អ្នកវិនិយោគទៀតផង។
 
ក្រុមហ៊ុន Wilmar សម្លឹងមើលឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា

ក្រុមហ៊ុន Wilmar International Group មានបំណងចង់វិនិយោគលើដំណាំស្រូវ និងអំពៅនៅកម្ពុជា។ លោក Kuok Khoon Hong ប្រធានអគ្គនាយកក្រុមហ៊ុន Wilmar បានប្រាប់ពីបំណងនេះ ទៅកាន់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។
 
លោក Kuok Khoon Hong បាននិយាយថា ក្រុមហ៊ុនកំពុងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ជាពិសេសខ្សែច្រវាក់ផលិតកម្មទាំងមូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។



បំណងរបស់ប្រធានអគ្គនាយករូបនេះ ស្របតាមគោលគំនិតរបស់សម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងជំរុញនិងលើកកម្ពស់ផលិតកសិកម្មនៅកម្ពុជា។ សម្ដេច ក៏បានប្រាប់ឱ្យក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និងជាអាទិភាព ស្របតាមគោលនយោបាយរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង ។
 
គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុងវិស័យកសិកម្ម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ។ ក្រុមហ៊ុនមានបច្ចេកទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និងការចែកចាយយ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេងធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ។
 
ក្រុមហ៊ុនHawkEye 360  កំពុងស្វែងយល់ពីកម្ពុជា ដើម្បីវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្ត្រ

លោក John Serafini នាយកប្រតិបត្តិក្រុមហ៊ុន HawkEye 360 Inc ក៏បានបង្ហើបពីបំណងចង់វិនិយោគនៅកម្ពុជា លើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្ត (geospatial information solution) ផងដែរ ។ នាយកប្រតិបត្តិរូបនេះ កំពុងសិក្សា និងស្វែងយល់បន្ថែម ដើម្បីវិនិយោគលើបច្ចេកវិទ្យាព័ត៌មាន នៅកម្ពុជា។
 
ថ្លែងក្នុងជំនួបសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក John Serafini បានរៀបរាប់ពីសកម្មភាពអាជីវកមុ្មរបស់ក្រុមហ៊ុន ដែលបានបង្កើតឡើងជិត១០ឆ្នាំនេះ ទទួលបានជោគជ័យ គួរឱ្យកត់សម្គាល់។ 





ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែត បានប្រាប់ឱ្យក្រុមហ៊ុន HawkEye 360 Inc សហការវិនិយោគជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក ។ សម្ដេច ក៏ជំរុញឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគលើបច្ចេកវិទ្យាព័ត៌មានលំហភូមិសាស្រ្តនេះ ។
 
HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្ម ពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់វិទ្យុ ដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក។
 
ក្រុមហ៊ុន Shenzhen Power Solution កំពុងសិក្សាពីលទ្ធភាពបោះទុនមកកម្ពុជា

ផលិតផលបន្ទះសូឡា និងឧបករណ៍ដើរដោយពន្លឺព្រះអាទិត្យ គឺជាផលិតផលរបស់ក្រុមហ៊ុន Shenzhen Power Solution។ ថ្លែងក្នុងជំនួបសម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ មករា លោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុននេះ បានរៀបរាប់ថា ក្រុមហ៊ុន បានជួយកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជន នៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទ ដែលដើរដោយថាមពលព្រះអាទិត្យ ។
 
លោកស្រី បានបន្ថែមថា ផលិតផលទាំងនោះ មានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើន សម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។



សម្ដេច ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ របស់ក្រុមហ៊ុន Shenzhen Power Solution ។ សម្ដេច បានលើកទឹកចិត្តក្រុមហ៊ុន ឱ្យចាប់ដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ ។
 
គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ និងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅទីក្រុងស៊ិនជិន ប្រទេសចិន ។
 
Trip.com ប្តេជ្ញានាំអ្នកទេសចរនៅជុំវិញពិភពលោកមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើន
 
ក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោក Trip.com​ ​ប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមហ៊ុនដៃគូ​ ដើម្បីនាំអ្នកទេសចរឱ្យបានកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។​ លោកស្រី  Jane Sun អគ្គនាយិកាក្រុមហ៊ុន Trip.com បានថ្លែងបែបនេះនៅចំពោះមុខសម្តេច ហ៊ុន ម៉ាណែត ។
 
អគ្គនាយិកាក្រុមហ៊ុន Trip.com រូបនេះ បានលើកសរសើរពីកម្ពុជា ថា​ ជាប្រទេសដ៏ស្រស់ស្អាត និងមានគោលដៅទេសចរណ៍ ដែលមានភាពទាក់ទាញខ្លាំង។  ជាពិសេស​ភាពល្អឯករបស់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានានៅរមណីយដ្ឋានអង្គរ​ រួមទាំងតំបន់ទេសចរណ៍វប្បធម៌ ​និងធម្មជាតិជាច្រើនទៀត បានធ្វើឱ្យអ្នកស្រី Jane Sun ប្តេជ្ញាចិត្តនាំអ្នកទេសចរមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។​



ជុំវិញការតាំងចិត្តរបស់ក្រុមហ៊ុន Trip.com ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា​ ប្រមុខរដ្ឋាភិបាលសម្តេ​ច ហ៊ុន ម៉ាណែត បានបង្ហាញនូវការស្វាគមន៍ចំពោះក្រុមហ៊ុនក្នុងការពង្រីកសកម្មភាពវិនិយោគនៅកម្ពុជា។ សម្តេច លើកទឹកចិត្តឱ្យក្រុមហ៊ុនទេសចរណ៍លំដាប់ពិភពលោកមួយនេះ បង្កើនកិច្ចសហការជាមួយនឹងបណ្តាក្រុមហ៊ុនដៃគូក្នុងស្រុក ស្របពេលដែលរាជរដ្ឋាភិបាលកំពុងដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់ សំដៅជំរុញកំណើននៃវិស័យទេសចរណ៍ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ។
 
Trip.com គឺជាវេបសាយធ្វើដំណើរមួយឈានមុខគេលើពិភពលោក ដោយរួមបញ្ចូលនូវកញ្ចប់ផលិតផល និងសេវាកម្មទេសចរណ៍ដ៏ទូលំទូលាយ សម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ អ្នកទេសចរទូទាំងពិភពលោក ក៏អាចកក់សេវាកម្មទេសចរណ៍ ដូចជា៖ សំបុត្រយន្តហោះ កន្លែងស្នាក់នៅ និងសំបុត្ររថយន្តជាដើម នៅកម្ពុជាបាន តាមរយៈវេបសាយ Trip.com ។​
 
ដោយឡែក កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Cambodia Angkor Air របស់កម្ពុជា ក៏បានចុះអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូជាមួយនឹង Trip.com ក្នុងការបង្កើតអាកាសយានដ្ឋានឆ្លាតវៃ (smart airport) នៅក្នុងខេត្តសៀមរាប ផងដែរ ។
 
ក្រុមហ៊ុន Grab ប្តេជ្ញាផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជននៅកម្ពុជា
 
លោក Anthony Tan នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Grab ប្តេជ្ញាផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជននៅកម្ពុជា។ លោក ថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាជាមួយសម្ដេច ហ៊ុន ម៉ាណែត។
 
ក្រុមហ៊ុន Grab ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ជាក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រព័ន្ធទូរស័ព្ទឆ្លាត (Smart phone) ដែលផ្តល់សេវាកម្មដឹកជញ្ជូន និងការទូទាត់តាមប្រព័ន្ធឌីជីថល សម្រាប់អ្នកបើកបរ ដៃគូពាណិជ្ជករ និងអ្នកប្រើប្រាស់។ សព្វថ្ងៃ ក្រុមហ៊ុន Grab មានវត្តមានអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា  សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។ 



ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានអរគុណក្រុមហ៊ុន Grab ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យដឹកជញ្ជូន ។ សម្ដេច បន្ថែមថា គម្រូអាជីវកម្មរបស់ Grab បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងទាក់ទាញ និងប្រមូលផ្តុំប្រតិបត្តិករក្រៅប្រព័ន្ធ ជាពិសេសផ្នែកដឹកជញ្ជូន ឱ្យចូលមកក្នុងថ្នាលឌីជីថលរបស់ Grab ដែលកំពុងតែអភិវឌ្ឍន៍ និងទំនើបកម្មជាលំដាប់ ។  នាយករដ្ឋមន្រ្តី បានគាំទ្រចំពោះការប្តេជ្ញារបស់ក្រុមហ៊ុន Grab ក្នុងការជំរុញអ្នកប្រកបអាជីវកម្មដោយប្រើថ្នាលឌីជីថល Grab ធ្វើជាគម្រូក្នុងការគោរពច្បាប់ចរាចរណ៍ ការផ្តល់សុវត្ថិភាព និងផាសុកភាពដល់អតិថិជនរបស់ខ្លួន ជាប់ជាប្រចាំ ។
 
ក្រុមហ៊ុន Goldman Sachs ចង់បោះទុននៅកម្ពុជា

ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ។ ក្រុមហ៊ុនមួយនេះ ក៏មានបំណងចង់បោះទុនមកកម្ពុជាដែរ។



ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន លោក Jared Cohen បានបង្ហាញការជឿជាក់ថា សម្ដេច ហ៊ុន ម៉ាណែត នឹងបន្តការអភិវឌ្ឍស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ ។ 
ចំពោះគម្រោងវិនិយោគនេះ សម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការជាមួយភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការសិក្សានិងស្វែងយល់អំពីសក្តានុពល និងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង។
 
ក្រុមហ៊ុន Goldman Sachs Group, Inc. បានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម ។
 
អង្គការ OECD បន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេស សម្រាប់កសាងគោលនយោបាយនានា

អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ( Organization for Economic Cooperation and Development-OECD) នៅតែបន្តគាំទ្រកម្ពុជាលើផ្នែកបចេ្ចកទេស សម្រាប់កសាងគោលនយោបាយនានា ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ។
 
លោក Mathias Cormann អគ្គលេខាធិការអង្គការ OECD គាំទ្ររដ្ឋាភិបាលកម្ពុជា ចំពោះគោលនយោបាយ និងការកំណត់ទិសដៅវិស័យសេដ្ឋកិច្ច និងបរិស្ថាន ។ ថ្លែងក្នុងជំនួបសម្ដេច ហ៊ុន ម៉ាណែត លោក Mathias ជឿជាក់ថា កម្ពុជានឹងកាន់តែអភិវឌ្ឍរីកចម្រើន និងឈានទៅសម្រេចបាននូវចក្ខុវិស័យខ្លួន ។



សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុកជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការ OECD ជាការពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកថ្មីបន្ថែមទៀត ។ ជាពិសេសការជួយជ្រោមជ្រែងរដ្ឋាភិបាលកម្ពុជា នៅក្នុងការពិនិត្យឡើងវិញ អំពីគោលនយោបាយនានា រួមទាំងគោលនយោបាយពាណិជ្ជកម្ម និង គោលនយោបាយជាតិគាំពារសង្គមជាដើម ។ 
 
គួរបញ្ជាក់ថា អង្គការ OECD ជាអង្គការអន្តររដ្ឋាភិបាល ដែលមានប្រទេសសមាជិក ចំនួន៣៨ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ ដើម្បីជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ។ អង្គការនេះត្រូវបានទទួលស្គាល់ថា ជាអ្នកបោះពុម្ពផ្សាយ ដែលមានឥទ្ធិពលខ្ពស់ នៃទិន្នន័យសេដ្ឋកិច្ចភាគច្រើន តាមរយៈការបោះពុម្ព ក៏ដូចជាការវាយតម្លៃប្រចាំឆ្នាំ និងចំណាត់ថ្នាក់របស់ប្រទេសជាសមាជិក ។

ក្រុមហ៊ុន Lippo Group ស្វែងរកឱកាសវិនិយោគលើវិស័យសុខាភិបាល និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន Lippo Group បានបង្ហាញពីបំណងក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group បានប្រាប់ពីបំណងខ្លួន ទៅកាន់សម្ដេច ហ៊ុន ម៉ាណែត។
 
ក្រុមហ៊ុន Lippo Group កំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើន នៅក្នុងតំបន់ និងជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ។ 
 
លោកនាយកប្រតិបត្តិ បានប្រាប់សម្ដេច ហ៊ុន ម៉ាណែត ពីបំណងចង់វិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យ ដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបនៅកម្ពុជា។  

 
ក្នុងជំនួបនោះ សម្ដេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយដៃគូនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀត។
 
«ផ្អែកលើបទពិសោធន៍របស់ក្រុមហ៊ុន ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ប្រពៃណី និងបែបផែនទីផ្សាររបស់កម្ពុជា និង ឥណ្ឌូណេស៊ី ក្រុមហ៊ុននឹងមានលទ្ធភាពយល់ដឹងច្រើនពីឱកាសនៃការពង្រីកទីផ្សារវិនិយោគក្នុងព្រះរាជាណាចក្រកម្ពុជា»។ នេះជាការបញ្ជាក់របស់សម្តេច ដែលបានប្រាប់លោកនាយកប្រតិបត្តិ ពីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលរដ្ឋាភិបាលកម្ពុជា ផ្ដោតអាទិភាពលើការកសាងធនធានមនុស្ស ជាពិសេសលើវិស័យសុខាភិបាល វិស័យអប់រំ បច្ចេកវិទ្យាឌីជីថល និងវិស័យអាទិភាពផ្សេងៗ។
 
រដ្ឋាភិបាល ក៏មានគោលនយោបាយ និងការលើកទឹកចិត្តចំពោះវិនិយោគិនបរទេសទៀតផង៕
 
 

Tag:
 ហ៊ុន ម៉ាណែត
  នយោបាយ
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com