ជាតិ
សេដ្ឋកិច្ច
ផ្សារ​ដើម​គរ​ថ្មី​ នឹង​ក្លាយជាមជ្ឈមណ្ឌលបោះដុំកសិផលដ៏ធំរវាងកម្ពុជា-ចិន​
18, Jan 2024 , 2:45 pm        
រូបភាព
ផ្សារ​ដើម​គរ​ថ្មី ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ។ រូបថត៖ អ៊ូ សខុមាន
ផ្សារ​ដើម​គរ​ថ្មី ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ។ រូបថត៖ អ៊ូ សខុមាន
​ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ ឬ ​ផ្សារ​ដើម​គរ​ថ្មី ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដី៣០ហិកតា ក្នុងខណ្ឌព្រែកព្នៅ នឹង​បើក​ដំណើរការ​នៅពេល​ឆាប់ៗ​។ បន្ទាប់ពីដំណើរការ ផ្សារនេះនឹង​ក្លាយជាកន្លែងបោះដុំផលិតផលកសិកម្មដ៏ធំរវាងកម្ពុជា-ចិន​ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។

 
ផ្សារ​ដើម​គរ​ថ្មី ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ ដែលបច្ចុប្បន្នត្រូវ​បាន​សាងសង់​រួចក្នុង​ដំណាក់កាល​ទី​១​ដោយមាន​ស្តង់​លក់ដូរ ចំនួន ៦០០០ ​ស្តង់​។​ បើតាមលោក XIE LUPING អគ្គនាយកផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ  ផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ នឹងដាក់ឱ្យប្រើប្រាស់នាអំឡុងពាក់កណ្តាលឆ្នាំ២០២៤។ 
 
ក្នុងពិធីចុះហត្ថលេខាដៃគូពាណិជ្ជកម្មសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោជូនសហគ្រាស នាថ្ងៃទី១៨មករា លោក XIE LUPING  បានបញ្ជាក់ថា ផ្សារនេះ នឹងជួយជំរុញយ៉ាងខ្លាំងដល់ពាណិជ្ជកម្មកសិផលរវាងកម្ពុជា​-ចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជាមួយផលិតផលកសិកម្មដ៏សម្បូរបែប ដែលមានគុណភាព​ និងអនាម័យ។ 
  


លោកអគ្គនាយកផ្សា​របោះ​ដុំ​អាស៊ាន​-​អន្តរជាតិ បន្តនិយាយយ៉ាងដូច្នេះ៖ « យើងនឹងធ្វើការរួមគ្នាជាមួយដៃគូពាក់ព័ន្ធ ដើម្បីនាំយកកសិផល និងទំនិញដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យដល់ប្រជាជនប្រទេសទាំងពីរ និងជំរុញឱ្យកសិផលជាច្រើនរបស់កម្ពុជា ត្រូវបាននាំចេញទៅកាន់ទីផ្សារពិភពលោក តាមរយៈ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ»។​
 
​បើតាមលោក XIE LUPING  ប្រធានសភាពាណិជ្ជកម្មខេត្ត គ័ងស៊ី-កម្ពុជា ​ផ្សារ​បោះដុំធំជាងគេ​នៅ​កម្ពុជានេះ គឺអាច​ផ្ទុកទំនិញ​បានដល់ ៦ម៉ឺន​តោន ហើយ​នឹងមាន​ផលិតផល​ក្នុងស្រុក​(​កម្ពុជា​) និង​ផលិតផល​នាំចូល​ពី​ប្រទេស​នានា ពិសេស​ប្រទេសជិតខាង​ដូចជា ចិន វៀតណាម និង​ថៃ ជាដើម​។​
 


កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈយន្តការនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ បានជំរុញឱ្យមានការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្ម បន្ថែមទៀត។ នេះជាការលើកឡើងរបស់លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដោយបានបន្ថែមថា  ការវិនិយោគលើផ្សារបោះដុំនេះ មិនត្រឹមអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគិនក្រៅស្រុកប៉ុណ្ណោះទេ ក៏ប៉ុន្តែ​ វាថែមទាំងជួយគាំទ្រដល់ពាណិជ្ជករ នៅពេលផលិតបានហើយ យកមកលក់នៅរាជធានីភ្នំពេញ ផងដែរ។ 
 


របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានបង្ហាញថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំកសិផលទៅកាន់ទីផ្សារអន្តរជាតិបាន ៨ ៤៤៩ ៤១៤,៣៦តោន ដែលមានតម្លៃប្រមាណ៤ពាន់លានដុល្លារអាម៉េរិក។  កសិផលដែលត្រូវបាននាំចេញនោះមាន ស្រូវ អង្ករ ផ្លែចេកស្រស់ ស្វាយ គ្រាប់ស្វាយចន្ទី ពោត ដំឡូងមី កៅស៊ូ មៀន ដូងប្រេង ម្រេច និងបន្លែស្រស់.... ជាដើម។ 
 
ដោយឡែក ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានកើនដល់ទំហំជាង១២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ កើន ៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។​ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបានជិត១,៥ពាន់លានដុល្លារ កើន១៩,២ភាគរយ ខណៈនាំចូលពីប្រទេសចិនវិញកើនក្នុងអត្រា៣ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕ 





Tag:
 កសិកម្ម
  ពាណិជ្ជកម្ម
  ផ្សារដើមគរថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com