អន្តរជាតិ
អាម៉េរិកចង់យកកន្លែងផលិតនាវាជប៉ុនទុកនាវាចម្បាំងសម្រាប់ប្រយុទ្ធនៅតំបន់អាស៊ី
20, Jan 2024 , 11:59 am        
រូបភាព
រូបភាព Reuters
រូបភាព Reuters
អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅជប៉ុន លោក Rahm Emanuel នៅថ្ងៃទី១៩ ខែមករាបានលើកឡើងពីលទ្ធភាព ដែលអាម៉េរិក និងជប៉ុនកំពុងសម្លឹងមើលការធ្វើកិច្ចព្រមព្រៀងមួយ ដើម្បីយកកន្លែងផលិតនាវាជប៉ុន ដើម្បីជួសជុល និងថែទាំនាវាចម្បាំងរបស់កងទ័ពជើងទឹកអាម៉េរិកជាទៀងទាត់។ ប្រសិនបើកិច្ចព្រមព្រៀងនេះសម្រេចបាន វានឹងអនុញ្ញាតឱ្យនាវាទាំងនោះ អាចបង្ហាញនៅក្នុងដែនទឹកអាស៊ី ដែលត្រៀមខ្លួនសម្រាប់ជម្លោះអាចកើតមាន។

 
«ចិនឃ្លាំមើលថានាវាណាចូល នាវាណាចេញ។ ការឃ្លាំងមើលនេះមិនមែនដូចជាការសម្ងាត់ទេ ពួកគេដឹងថាមានអ្វីកើតឡើង។ ដូច្នេះហើយ ពួកគេប៉ាន់ប្រមាណពីការវាយបកបាន»។ អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅជប៉ុន លោក Rahm Emanuel បានប្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពជើងទឹក Yokosuka ក្បែរទីក្រុងតូក្យូបែបនេះ នៅថ្ងៃទី១៩ ខែមករា។ 
 
ការលើកឡើងរបស់មន្រ្តីទូតអាម៉េរិកបែបនេះ គឺចង់សំដៅលើភាពតានតឹង និងដែនទឹក ដែលមានជាច្រើនទសវត្សរ៍មកហើយរវាងបណ្តាប្រទេសអាស៊ី និងចិន។ 
 
លោក Emanuel បញ្ជាក់ផងដែរថា ការប្រើប្រាស់ផែស្ងួតរបស់ជប៉ុននឹងបន្ធូរបន្ថយសម្ពាធ លើយានដ្ឋានរបស់អាម៉េរិកដែលកំពុងប្រឈមនឹងបន្ទុកថែទាំរហូតដល់ ៤ពាន់ថ្ងៃ ហើយអនុញ្ញាតឱ្យពួកគេផ្តោតលើការសាងសង់នាវាដែលនឹងអនុញ្ញាតឱ្យអាម៉េរិកពង្រីកកងនាវារបស់ខ្លួន។ លោកមានប្រសាសន៍បន្ថែមថា ក្រុងវ៉ាស៊ីនតោន និងទីក្រុងតូក្យូបានបង្កើត ក្រុមប្រឹក្សាមួយ ដើម្បីរៀបចំផែនការរួមគ្នាសម្រាប់ការងារថែទាំ។
 
ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់Mitsubishi ដែលផលិតនាវាចម្បាំង និងនាវាមុជទឹកសម្រាប់ កងកម្លាំងការពារស្វ័យការពារជប៉ុន បានទទួលបន្ទុកថែទាំលើនាវាកងទ័ពជើងទឹកអាម៉េរិកកន្លងមក។
 
ជប៉ុន ជាប្រទេសដែលទទួលកម្លាំងយោធាអាម៉េរិកធំជាងគេមួយ រួមទាំងក្រុមនាវាវាយប្រហារ ដែលប្រតិបត្តិការពីមូលដ្ឋាន Yokosuka ។ នាវាចម្បាំងនោះ ជាផ្នែកមួយនៃកងនាវាចរទីប្រាំពីរដែលបញ្ជានាវាចម្បាំង និងនាវាមុជទឹករហូតដល់ ៧០ គ្រឿងពីទីស្នាក់ការកណ្តាល នៅឯមូលដ្ឋានទ័ពជើងទឹកជប៉ុន។
 
តាមរបាយការណ៍ប្រចាំឆ្នាំដែលចេញផ្សាយដោយមន្ទីរបញ្ចកោណក្នុងខែតុលា ចិនមាន នាវាចម្បាំង និងនាវាមុជទឹកជាង ៣៧០ គ្រឿង កើនឡើងពីចំនួន ៣៤០ គ្រឿងក្នុងឆ្នាំ ២០២៣។ ចំនួននេះធ្វើឱ្យ ចិនក្លាយជាកងទ័ពជើងទឹកមាននាវាមុជទឹកច្រើនជាងគេនៅលើពិភពលោកដែលបង្កក្ដីបារម្ភដល់អាម៉េរិកដែលមានប្រតិបត្តិការនាវាចរណ៍សំខាន់ៗនៅតំបន់អាស៊ី៕
 

Tag:
 ជប៉ុន
  អាស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com