ជាតិ
សេដ្ឋកិច្ច
បារាំង ផ្តល់កម្ចីជាង២០០លានដុល្លារដល់កម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត និងថាមពល
20, Jan 2024 , 4:39 pm        
រូបភាព
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ដៃជាមួយលោកស្រី Marie-Hélène Loison អគ្គនាយិការងទីភ្នាក់ងារ AFD មុនចុះហត្ថលេខាលើកិច្ចព្រមពៀងហិរញ្ញប្បទាន នៅទីក្រុងប៉ារីស៍ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៨មករា​។​
លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ដៃជាមួយលោកស្រី Marie-Hélène Loison អគ្គនាយិការងទីភ្នាក់ងារ AFD មុនចុះហត្ថលេខាលើកិច្ចព្រមពៀងហិរញ្ញប្បទាន នៅទីក្រុងប៉ារីស៍ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៨មករា​។​
ភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) សម្រេចផ្តល់ហិរញ្ញប្បទាន២១៥លានអឺរ៉ូ(ប្រមាណ២៣៥លានដុល្លារ) ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍវិស័យទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទំហំកម្ចីនេះ ត្រូវចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Marie-Hélène Loison អគ្គនាយិការងទីភ្នាក់ងារ AFD នៅទីក្រុងប៉ារីស៍ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៨មករា។

 
បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ទំហំថវិកាដែលកម្ពុជានឹងទទួលបានពីAFDនេះ ត្រូវបានបែកចែកយ៉ាងសម្រាប់ការអភិវឌ្ឍលើវិស័យនីមួយៗ។ ក្នុងនោះ មានថវិកាប្រមាណ១៣១លានដុល្លារ គឺសម្រាប់អភិវឌ្ឍវិស័យទឹកស្អាតក្នុងដំណាក់កាលទី៣ នៃរោងចក្រចម្រោះទឹកស្អាតបាក់ខែង គ្រប់គ្រងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ 
 
តាមរយៈជំនួយរបស់បារាំងនឹងអាចធ្វើឱ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុប៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។  ជាពិសេសនេះ រោងចក្រនេះនឹងក្លាយជាកន្លែងផលិតទឹកស្អាតធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាស្ថានីយ៍កម្រិតពិភពលោកមួយផងដែរ លើផ្នែកគុណភាពនៃសំណង់ បច្ចេកវិទ្យា ប្រសិទ្ធភាពថាមពល និង គុណភាពទឹកដែលត្រូវបានផលិត។ 
 
លើសពីនេះ AFD នឹងបន្ថែមថវិកាប្រមាណ៨០លានដុល្លារទៀត ដែលជាជំនួយឥតសំណង ដើម្បីបង្កើន ជួសជុល និងពង្រីកបណ្តាញបញ្ជូន និងចែកចាយទឹកស្អាត។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងបានបញ្ជាក់ថា ៖ «ជំនួយឥតសំណងរបស់គណៈកម្មការអឺរ៉ុបនេះ កំពុងត្រូវបានពិនិត្យ និងអនុម័តនៅឆ្នាំ២០២៤ ក្នុងគោលដៅបំពេញបន្ថែមហិរញ្ញប្បទាននេះ ដោយពង្រឹងការគិតគូរដល់ផលប៉ះពាល់លើសង្គម និងបរិស្ថាន រួមទាំងនិរន្តភាពនៃការវិនិយោគ ផងដែរ។ គម្រោងរបស់ក្រុមអឺរ៉ុប គឺស្ថិតក្នុងចំណោមគម្រោងចម្បងៗនៃក្របខ័ណ្ឌ Global Gateway របស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកម្ពុជា ដែលនឹងប្រកាសនៅឆ្នាំ២០២៤»។  


 
ជាមួយគ្នានេះ កម្ចីប្រមាណ៧៨លានដុល្លារដែលកម្ពុជានឹងទទួលបានAFD ត្រូវអភិវឌ្ឍលើវិស័យថាមពល។ ក្រោមកម្ចីនេះអគ្គិសនីកម្ពុជា (EDC) អាចបង្កើនទំនុកចិត្ត និងប្រសិទ្ធភាពបណ្តាញ ក្នុងការបញ្ជូនអគ្គិសនី តាមរយៈការដាក់ពង្រាយអនុស្ថានីយ៍ឌីជីថលទីមួយនៅកម្ពុជា។ 
 
គម្រោងនេះ នឹងធ្វើឲ្យអគ្គិសនីកម្ពុជា មានសមត្ថភាពខ្ពស់ក្នុងការស្តុកថាមពល (៧៥មេហ្កាវ៉ាត់ម៉ោង - គឺស្ថិតក្នុងចំណោមសមត្ថភាពស្តិកថាមពលខ្ពស់បំផុតក្នុងតំបន់) ដើម្បីពន្លឿនសមាហរណកម្មប្រភពថាមពលកកើតឡើងវិញ ដូចជា ថាមពលព្រះអាទិត្យ និងថាមពលខ្យល់។ ក្នុងន័យនេះ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជានឹងកាន់តែការពារបរិស្ថាន និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។   នេះបើសេចក្តីប្រកាសព័ត៌មានដដែល។
 
ដោយឡែក កម្ចីចំនួន២៧លានដុល្លារក្នុងចំណោម២៣៥លានដុល្លារ នឹងត្រូវយកទៅអភិវឌ្ឍលើការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ក្នុងកម្រិតខ្ពស់មួយ  តាមរយៈក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្ចីនេះ ក៏ជួយអភិវឌ្ឍធនធានមនុស្ស និងគាំទ្រដល់ការបែ្រក្លាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើឧស្សាហកម្ម គាំទ្រដោយបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ផងដែរ។  ស្ថានទូតកម្ពុជាប្រចាំកម្ពុជា បានបញ្ជាក់ថា ការផ្តល់ហិញ្ញប្បទាននេះ នឹងជួយដល់ការបណ្តុះបណ្តាល ប្រជាពលរដ្ឋកម្ពុជា ដើម្បីទទួលបានការងារនៅពេលអនាគត ជាពិសេសក្នុងវិស័យការងារបៃតង និងមុខអាជីពឌីជីថល ក្នុងក្របខ័ណ្ឌនៃគម្រោង Global Gatway របស់សហភាពអឺរ៉ុបនៅកម្ពុជា ដែលមានឈ្មោះថា «ភាពជាដៃគូដើម្បីការអប់រំសម្រាប់ការងារបៃតង និងឌីជីថល»។  
 
បើតាមលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ទំហំហិរញ្ញប្បទានសម្បទានខាងលើនេះបានបង្ហាញឱ្យឃើញពីការបង្កើនហិរញ្ញប្បទានប្រចាំឆ្នាំរបស់ AFD ដល់កម្ពុជា ហើយឆ្លុះបញ្ចាំងពីគុណភាពនៃចំណងទាក់ទងរវាងបារាំង និងកម្ពុជា។ លោកបានបញ្ជាក់ថា ហិរញ្ញប្បទានទាំងនេះនឹងជួយទ្រទ្រង់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ច ដែលមានលក្ខណៈលូតលាស់ប្រកបដោយបរិយាប័ន្ន និងចីរភាព ក្នុងវិស័យអាទិភាពចំនួនបី ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ 


 
« ក្នុងពេលដែលកម្ពុជាបានឆ្លងកាត់ដំណាក់កាលដំបូងៗនៃការអភិវឌ្ឍ យើងកំពុងស្ថិតលើមាគ៌ាមួយដ៏ល្អប្រសើរ ដើម្បីធ្វើការលើវិស័យផ្គត់ផ្គង់ទឹកស្អាត ថាមពល និងការអភិវឌ្ឍមនុស្ស។ បញ្ហាប្រឈមនៃការអភិវឌ្ឍអាចត្រូវបានដោះស្រាយ ដើម្បីផ្តល់ផលវិជ្ជមានដល់កំណើនសេដ្ឋកិច្ចរបស់យើង។ ដោយមានការគាំទ្ររឹងមាំពី AFD សេដ្ឋកិច្ចកម្ពុជាកំពុង ត្រូវបានពង្រឹង បានឆ្លងកាត់បញ្ហាប្រឈមសាកល ហើយបន្តឆ្ពោះទៅមុខដើម្បីសម្រេចបានជោគជ័យថ្មីៗទៀត»។ លោក រស់ សីលវ៉ា បានថែ្លងបែបនេះក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិញ្ញប្បទានខាងលើ។  លោកបន្តរៀបរាប់ដោយបានអះអាងថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តផ្តល់ការគាំទ្រយ៉ាងសកម្មដល់វិស័យអាទិភាពនៃការអភិវឌ្ឍ ជាពិសេសឧស្សាហកម្មនុវានុវត្តន៍ ឌីជីថល និងបច្ចេកវិទ្យាខ្ពស់ ដែលតម្រូវឱ្យមានការបង្កើតថ្មី ឬការស្រាវជ្រាវ និងការអភិវឌ្ឍ ហើយទាក់ទាញការវិនិយោគពីវិស័យឯកជននៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់កម្ពុជា។  កម្ពុជាចង់ឃើញកិច្ចសហការថ្មីៗលេចចេញជារូបរាងឡើង ដើម្បីបង្កើតបរិស្ថានជីវិតមួយដ៏ខ្លាំងក្លា រឹងមាំ និងប្រកបដោយគុណភាពសម្រាប់ប្រជាពលរដ្ឋ។ 
 
សម្រាប់លោកស្រី Marie-Hélène Loison អគ្គនាយិការងទីភ្នាក់ងារ AFD គម្រោងទាំងបីនេះ គឺជាដំណាក់កាលថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយឆ្លុះបញ្ចាំងឱ្យឃើញពីឆន្ទៈរបស់ទី AFD ក្នុងការពង្រឹងភាពជាដៃគូជាមួយកម្ពុជា ដើម្បីគំាទ្រដល់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងមានភាពធន់ជាមួយអាកាសធាតុ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ អ្នកស្រីបាននិយាយដូច្នេះ៖ « នៅឆ្នាំ២០២៤ AFD នឹងបន្តសកម្មភាពរបស់ខ្លួននៅក្នុងវិស័យថាមពល ទឹក ទឹកស្អាត ធនធានមនុស្ស និងការអភិវឌ្ឍជនបទ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា»។ 
 
គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩៣មក AFD បានដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្ពុជា ដោយបានផ្តល់ហិរញ្ញប្បទានសរុបជាង១,៥ពាន់លានអឺរ៉ូ (ប្រមាណ១,៦លានដុល្លារអាម៉េរិក)  រាប់បញ្ចូលទាំងហិរញ្ញប្បទានថ្មីៗ ផ្តល់ជូនសម្រាប់ឆ្នាំ២០២៣៕ 
 



Tag:
 ហិរញ្ញប្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com