អន្តរជាតិ
មេប៉ូលិសក្រុងសេអ៊ូលរងបទចោទធ្វេសប្រហែសពាក់ព័ន្ធនឹងការរត់ជាន់គ្នាក្នុងឆ្នាំ២០២២
20, Jan 2024 , 5:19 pm        
រូបភាព
ស្នងការប៉ូលិសក្រុងសេអ៊ូល លោក Kim Kwang-ho (ក្នុងរង្វង់) និងហេតុការណ៍អ្នកស្លាប់រត់ជាន់គ្នានៅតំបន់​ Itaewon ក្នុងក្រុងសេអ៊ូលកាលឆ្នាំ២០២២។ រូបភាព Yonhap និង Xinhua
ស្នងការប៉ូលិសក្រុងសេអ៊ូល លោក Kim Kwang-ho (ក្នុងរង្វង់) និងហេតុការណ៍អ្នកស្លាប់រត់ជាន់គ្នានៅតំបន់​ Itaewon ក្នុងក្រុងសេអ៊ូលកាលឆ្នាំ២០២២។ រូបភាព Yonhap និង Xinhua
រដ្ឋអាជ្ញាកូរ៉េខាងត្បូង នៅថ្ងៃទី១៩ ខែមករា បានចោទស្នងការប៉ូលិសក្រុងសេអ៊ូល ពីបទធ្វេសប្រហែសក្នុងការបំពេញការងារ ពាក់ព័ន្ធនឹងករណីរត់ជាន់គ្នាក្នុងពិធីបុណ្យ Halloween នៅតំបន់Itaewon កាលពីឆ្នាំ២០២២។ យ៉ាងណាមិញ ក្រុមគ្រួសារអ្នកស្លាប់ បានចាត់ទុកចំណាត់ការរបស់រដ្ឋអាជ្ញាមានភាពយឺតយ៉ាវ និងទទូចឱ្យប្រធានាធិបតីដកតំណែងលោកស្នងការ។

 
កាលពីឆ្នាំ២០២២ នៅយប់ពិធីបុណ្យ Halloween ក្នុងតំបន់Itaewon មនុស្សបានរត់ជាន់គ្នា ដែលបានបង្កឱ្យមានអ្នកស្លាប់លើសពី ១៥០នាក់។ នេះជាសោកនាដកម្មមួយរបស់កូរ៉េខាងត្បូង ក្រោយពេលរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានពិធីជួបជុំបន្ទាប់ពីផ្ទុះជំងឺឆ្លងសកល។ 
 
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បានសម្រេចចោទប្រកាន់មេប៉ូលិសក្រុងសេអ៊ូល លោក Kim Kwang-ho ជាផ្លូវការ ក្រោយពីមានការស៊ើបអង្កេតកន្លងមក។ លោក Kim បានរងបទចោទពីការធ្វេសប្រហែសក្នុងការងារ និងមិនបានដាក់ចេញវិធានការចាំបាច់។
 
ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាចេញនៅថ្ងៃទី១៩ ខែមករា លោក Kim មិនបានដាក់ចេញវិធានការចាំបាច់ ដូចជាពង្រាយកម្លាំងប៉ូលិសគ្រប់គ្រាន់ និងគ្រប់គ្រងនៅតំបន់កើតហេតុឱ្យបានត្រឹមត្រូវឡើយ បើទោះលោកស្នងការប៉ូលិស អាចយល់ឃើញពីហានិភ័យ ដែលបង្កដោយចំនួនមនុស្សដ៏ច្រើនសន្ធឹកនៅតំបន់ Itaewon ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើទោះរដ្ឋអាជ្ញាបានចោទប្រកាន់លើលោកKim ដែលនៅតែបន្តកាន់តំណែងជាស្នងការប៉ូលិសក៏ដោយ ក្រុមគ្រួសារជនរងគ្រោះ បានត្រឹមបង្ហាញការសោកស្តាយ ដោយចាត់ទុកចំណាត់ការរដ្ឋអាជ្ញាមានភាពយឺតយ៉ាវ និងប្រើរយៈពេលយូរ ដើម្បីចោទលើមេប៉ូលិសក្រុងសេអ៊ូល។ ក្រៅពីបង្ហាញការសោកស្តាយ ក្រុមគ្រួសារអ្នកស្លាប់ក្នុងយប់ថ្ងៃបុណ្យ Halloween ក៏បានអំពាវនាវឱ្យប្រធានាធិបតី យូន សុកយ៉ល ដកតំណែងស្នងការរូបនេះភ្លាមៗដែរ។ 
 
បន្ថែមពីនេះ រដ្ឋអាជ្ញាបានចោទមេប៉ុស្តិ៍សង្កាត់ Yongsan, ប្រធានការិយាល័យ Yongsan Ward និងមន្រ្តីផ្សេងទៀត ពាក់ព័ន្ធករណីរត់ជាន់គ្នានៅតំបន់ Itaewon។ លោក គីម ជាមន្រ្តីប៉ូលិស មានឋានៈខ្ពស់ជាងគេបំផុត ដែលត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងហេតុការណ៍ខាងលើ៕ 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com