អន្តរជាតិ
សម្ព័ន្ធណាតូរៀបចំសមយុទ្ធធំបំផុត ចាប់តាំងពីសង្គ្រាមត្រជាក់ជាមួយកងទ័ព ៩ម៉ឺននាក់
20, Jan 2024 , 9:39 pm        
រូបភាព
រូបភាព AP
រូបភាព AP
សម្ព័ន្ធយោធាណាតូ នឹងចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមត្រជាក់មក ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន និងសមត្ថភាពការពារនៅចំពោះមុខការឈ្លានពានរបស់រុស្ស៊ី។

 
មេបញ្ជាការកំពូលរបស់សម្ព័ន្ធយោធាណាតូ លោក Christopher Cavoli នៅថ្ងៃទី១៨ ខែមករា បានលើកឡើងថា កងទ័ពប្រហែល ៩ម៉ឺននាក់ នឹងចូលរួមសមយុទ្ធ Steadfast Defender ឆ្នាំ២០២៤ ដែលនឹងដំណើរការរហូតដល់ខែឧសភា។ សមយុទ្ធនេះនឹងមានវត្តមាន នាវាដឹកយន្តហោះចម្បាំង, នាវាពិឃាដជាង ៥០គ្រឿង, យន្តហោះចម្បាំងជាង ៨០គ្រឿង, ឧទ្ធម្ភាគចក្រ និងដ្រូនយ៉ាងហោចណាស់ ១១០០គ្រឿង, រថក្រោះចំនួន ១៣៣គ្រឿង និងរថយន្តដឹកទាហានថ្មើរជើងចំនួន ៥៣៣គ្រឿងផងដែរ។
 
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុងព្រុចសែល លោក Cavoli មានប្រសាសន៍ថា សមយុទ្ធនេះនឹងហាត់សមឡើងវិញអំពីការ អនុវត្តផែនការថ្នាក់តំបន់របស់ណាតូ ដែលជាផែនការការពារជាតិដំបូងដែលសម្ព័ន្ធមិត្តបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍។ មេបញ្ជាការយោធារូបនេះ ក៏បានបង្ហាញពីផែនការដែលសម្ព័ន្ធយោធា នៅចំពោះមុខការឈ្លានពានរុស្ស៊ីលើអ៊ុយក្រែនផងដែរ។ 
 
ទោះបីជាណាតូមិនបានលើកឡើងពីឈ្មោះរុស្ស៊ីក្នុងការប្រកាសរបស់ខ្លួនក៏ដោយ ប៉ុន្តែឯកសារយុទ្ធសាស្ត្រកំពូលកំណត់ថារុស្ស៊ីជាអ្នកគំរាមកំហែងដ៏សំខាន់ និងផ្ទាល់បំផុតចំពោះសន្តិសុខរបស់សមាជិកណាតូ។
 
«សមយុទ្ធ Steadfast Defender ២០២៤ នឹងបង្ហាញពីសមត្ថភាពរបស់ណាតូ ក្នុងការពង្រាយ កម្លាំងយ៉ាងឆាប់រហ័សពីអាម៉េរិកខាងជើង និងផ្នែកផ្សេងទៀតនៃសម្ព័ន្ធមិត្ត ដើម្បីពង្រឹងការការពារអឺរ៉ុប»។ នេះបើតាមការបញ្ជាក់របស់សម្ព័ន្ធយោធាដ៏ធំបំផុតរបស់ប្រទេសលោកខាងលិច។ 
 
សូមបញ្ជាក់ថា សមយុទ្ធដ៏ធំបំផុតចុងក្រោយ គឺReforger ត្រូវបានណាតូធ្វើឡើងក្នុងអំឡុងសង្គ្រាមត្រជាក់ក្នុងឆ្នាំ ១៩៨៨ ដែលមានកងទ័ពចូលរួម ១២៥០០០នាក់ ខណៈសមយុទ្ធ Trident Juncture ក្នុងឆ្នាំ២០១៨ មានកងទ័ពចូលរួមត្រឹមតែជាង ៥ម៉ឺននាក់ប៉ុណ្ណោះ៕ 
 

Tag:
 ណាតូ
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com