អន្តរជាតិ
ថៃរកឃើញសារធាតុសម្រាប់ផលិតអាគុយរថយន្តអគ្គិសនីជិត ១៥លានតោន
20, Jan 2024 , 6:29 pm        
រូបភាព
រូបភាព Facebook_BYD
រូបភាព Facebook_BYD
ថៃ បានរកឃើញសារធាតុLithium ដែលប្រើសម្រាប់ផលិតអាគុយលើរថយន្តអគ្គិសនី (EV) ជិត ១៥លានតោន នៅតំបន់ភាគខាងត្បូងប្រទេស។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាល ស្របពេលប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានដាក់ចេញគោលនយោបាយចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីដ៏ធំមួយនៅក្នុងតំបន់។

 
ក្នុងសេចក្តីប្រកាសរបស់លោកស្រី Rudklao Intawong Suwankiri អ្នកនាំពាក្យរងរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែមករា ថៃ បានរកឃើញសារធាតុ Lithium ក្នុងបរិមាណ ១៤,៨លានតោន នៅទីតាំងចំនួនពីរ ក្នុងខេត្តភាគខាងត្បូង Phang Nga។ សារធាតុ Lithium ត្រូវបានយកទៅផលិតអាគុយ ឬថ្ម ដែលអាចបំពាក់លើរថយន្តអគ្គិសនី ទូរសព្ទ និងសម្ភារអេឡិចត្រូនិចផ្សេងទៀត។ 
 
ការរកឃើញសារធាតុដ៏សំខាន់នេះ នឹងជួយពន្លឿនសេដ្ឋកិច្ចថៃបានមួយកម្រិតទៀត ស្របពេលរដ្ឋាភិបាលប្រទេសមួយនេះ បានដាក់ចេញគោលនយោបាយចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅក្នុងតំបន់។ 
 
កន្លងមក ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនដូចជាក្រុមហ៊ុន BYD ជាដើម បានបោះទន់ជាច្រើនលានដុល្លារ ដើម្បីធ្វើឱ្យថៃក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តប្រភេទ EV ដ៏ធំមួយក្នុងតំបន់។ 
 
យ៉ាងណាមិញ គេមិនទាន់បានដឹងច្បាស់ឡើយ ថាតើសារធាតុនោះ អាចត្រូវបានទាញយកពីក្រោមដីប៉ុន្មាន៕ 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com