ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សំណេរមួយអំពីប្រាសាទអង្គរវត្ត បានធ្វើឱ្យលោក ឡុង ណារី បំពេញការងារនៅប្រាសាទ ៣៦ឆ្នាំ
22, Jan 2024 , 9:29 am        
រូបភាព
យលោក ឡុង ណារី កំពុងព្យាបាលថ្ម
យលោក ឡុង ណារី កំពុងព្យាបាលថ្ម
ប្រាសាទបន្ទាយសំរ៉ែ ខេត្តសៀមរាប៖ «វេជ្ជបណ្ឌិតថ្ម» ជាពាក្យមួយសំដៅលើអ្នកជំនាញជួសជុលថ្ម និងអភិរក្ស មួយរូបនៃអាជ្ញាធរជាតិអប្សរា។ នៅពេលនិយាយពាក្យនេះ ជាមួយសហការីនានា ដែលបានជួសជុលប្រាសាទ ភាគច្រើន គេនឹងស្គាល់ថា គឺជាលោក «ឡុង ណារី»។

 
ខ្ញុំ បានស្គាល់លោក ឡុង ណារី រួចមកហើយ តាមរយៈបទសម្ភាសរបស់លោក ជាមួយលោក លាង ដឺលុច និងលោក គី សុខលីម។ ក្នុងបទសម្ភាសទាំងនោះ ខ្ញុំ បានស្ដាប់ជាច្រើនដង ដោយសារការប្រើពាក្យថា «វេជ្ជបណ្ឌិតថ្ម»។ ខ្ញុំ តែងតែមានបំណងជួបជជែក និងសម្ភាសជាមួយលោក ឡុង ណារី ឱ្យបានម្ដងក្នុងពេលខ្ញុំ កំពុងបំពេញបេសកកម្ម «អង្គរ និងលើសពីនេះ» នៅរមណីយដ្ឋានអង្គរ។ 
 
មានថ្ងៃមួយ ខ្ញុំ បានណាត់សម្ភាសលោក ឡុង ណារី ប៉ុន្តែពេលវេលាមិនសមស្រប កិច្ចសម្ភាសនោះ មិនបានកើតឡើងឡើយ។ ជាការពិត លោក ណារី មានការងារច្រើន និងរវល់ខ្លាំង តែចុងក្រោយ ខ្ញុំ ក៏បានសម្ភាសលោកនៅ ប្រាសាទបន្ទាយសំរ៉ែ ដូចបំណង។ 
 
ខ្ញុំ និងសហការី សារព័ត៌មានឌីជីថលថ្មីៗ បានដើរទៅការដ្ឋានរបស់លោកមុន និងរង់ចាំលោក ចប់កិច្ចប្រជុំ។ ប្រមាណ៣០នាទីក្រោយមក ខ្ញុំ ក៏ទទួលបានសារថា «ខ្ញុំ (ឡុង ណារី) បានមកដល់ប្រាសាទបន្ទាយសំរ៉ែហើយ។» 
 
ខ្ញុំ មានអារម្មណ៍អាណិតលោក ឡុង ណារី នៅពេលឃើញលោកដំបូង។ លោកមានបញ្ហាសុខភាព ដោយពិបាកដើរ ប៉ុន្តែលោកនៅតែមកផ្ដល់បទសម្ភាស។ ខ្ញុំ បានផ្ដើមកិច្ចសន្ទនាជាមួយលោកនៅកន្លែងការដ្ឋានផ្ទាល់តែម្ដង។ ខ្ញុំ សូមរៀបរាប់ចំណុចសំខាន់ៗមួយចំនួនប៉ុណ្ណោះ ក្នុងអាជីពជាអ្នកអភិរក្ស និងព្យាបាលថ្ម របស់លោក។ 
 
 
យុវសិស្សនៅកំពង់ចាម ចង់ទៅទស្សនាអង្គរវត្ត
 
មានស្រុកកំណើតនៅខេត្តកំពង់ចាម យុវសិស្ស ឡុង ណារី តែងតែមានបំណងទស្សនា ប្រាសាទអង្គរវត្ត ផ្ទាល់ភ្នែក។ យុវជនរូបនេះ បានចាប់ចិត្តស្រឡាញ់ប្រាសាទអង្គរវត្តតាមរយៈសំណេរក្នុងសៀវភៅសិក្សាមួយ ដែលនិយាយអំពីអង្គរវត្ត។ យុវសិស្សរូបនេះ បានស្រមៃអំពីសម្រស់ប្រាង្គប្រាសាទអង្គរវត្ត និងងឿងឆ្ងល់ថា ហេតុអ្វីប្រាសាទមួយនេះ ល្បីល្បាញយ៉ាងនេះ? 
 
ដើម្បីសម្រេចបំណង រហូតដល់ឆ្នាំ១៩៨៧ យុវជន ដែលមានសេចក្ដីស្នេហាលើអង្គរវត្តរូបនេះ បានធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្ត លើដំបូងក្នុងឆាកជីវិត។  ដោយចិត្តតែងតែប្រតិព័ទ្ធលើប្រាង្គប្រាសាទ យុវជន ឡុង ណារី បានសម្រេចបំណងមកបំពេញការងារជាមួយអ្នកជំនាញឥណ្ឌា នៅឆ្នាំ១៩៨៨។ 


 
«ខ្ញុំ មិននឹកស្មានថា ខ្ញុំរស់នៅឆ្ងាយសោះ បានមកធ្វើការនៅប្រាសាទ រស់នៅក្នុងប្រាសាទ (សម្រាកពេលរសៀល)។ ខ្ញុំ មានមោទកភាពក្នុងជីវិតខ្លាំង ទោះបីជាកាលហ្នឹង ខ្ញុំ មិនទទួលបានប្រាក់ខែច្រើន។» នេះជាការរម្លឹកពីការបំពេញការងារដំបូងរបស់លោក ឡុង ណារី។ 
 
ពីគ្មានជំនាញ រហូតក្លាយជាអ្នកជំនាញខ្មែរ 
 
ផ្ដើមការងារដំបូងជាមួយអ្នកជំនាញឥណ្ឌា លោក ណារី បានរៀនសូត្រខ្លះៗ តាមរយៈការអនុវត្តជាក់ស្ដែង។ លោក ឡុង ណារី បានលាងស្លែនៅតាមជើងសសរប្រាសាទអង្គរវត្តជាមួយឥណ្ឌា។ ការងារដំបូងនេះ អ្នកកំពង់ចាមរូបនេះ ទទួលបានបទពិសោធន៍ច្រើន។
 
ពេលវេលាចេះតែទៅមុខ លោក ណារី ក៏បានបំពេញការងារជាមួយក្រុមអ្នកជំនាញបរទេសជាច្រើនទៀត។ បុរសរូបនេះ បានរៀនសូត្រច្រើនបំផុតពីអ្នកជំនាញ អាល្លឺម៉ង់។ ណារី តែងតែមានសៀវភៅមួយ ដើម្បីកត់ត្រាសេចក្ដីណែនាំអំពីការងារ។ ភាពល្អិតល្អន់ និងហ្មត់ចត់លើការងារ នាំឱ្យ ណារី ទទួលបានឳកាសកាន់តែច្រើន។ 


 
ជាអ្នកស្រឡាញ់ប្រាសាទបុរាណ ណារី បានសិក្សាជំនាញ មគ្គុទេសក៍បន្ថែម។ ចំណេះដឹងប្រវត្តិសាស្ត្រទាំងនោះ ក៏បានក្លាយជាស្ពានមួយ សម្រាប់លោកក្នុងការបំពេញការងារផងដែរ។ អ្នកជំនាញរូបនេះ បានស្វែងយល់កាន់តែច្បាស់អំពីការងារផ្នែកអភិរក្សតាមរយៈការងារនៅការដ្ឋានផ្ទាល់ និងប្រឹងប្រែងស្វែងយល់បន្ថែមអំពីអ្នកជំនាញបរទេសនានា។ 
 
៣៦ឆ្នាំ នៃការងារនៅតាមប្រាសាទនានា បុរស ដែលមានមាឌតូច រាងកាយមាំមួន និងម៉ឺងមាត់រូបនេះ តែងតែគិតថា លោកកំពុងស្ថិតនៅក្នុងការយល់សុបិន។ អ្នកជំនាញ ដែលបានជួសជុលរូបអប្សរាប្រមាណ ១៨០០រូប នៅប្រាសាទអង្គរវត្ត តែងតែគិតថា លោកមាននិស្ស័យពីអតីតជាតិ។ 
 
ព្យាបាលថ្មប្រាសាទ ដូចព្យាបាលមនុស្សចាស់
 
មិនខុសពីមនុស្ស ថ្មប្រាសាទ ក៏មានជំងឺច្រើនប្រភេទផងដែរ។ ឆ្លងកាត់ពេលវេលាចាប់ពីចុងសតវត្សរ៍ទី៩ មក ប្រាសាទខ្លះ មានអាយុកាលជាង១ពាន់ឆ្នាំនៅក្នុងរមណីយដ្ឋានអង្គរ។ វ័យកាន់តែចាស់ ថ្មប្រាសាទ កាន់តែជរា ដែលទាមទារការថែរក្សា និងព្យាបាលជំងឺ។
 
បញ្ហាអាកាសធាតុ និងភាពចាស់ នៃថ្ម បណ្ដាលឱ្យកើតជំងឺសើរស្បែកជាច្រើន។ ជំងឺសើរស្បែកនេះ នឹងធ្វើឱ្យថ្មប្រាសាទពុកផុយផ្នែកខាងក្រៅបន្តិចម្ដងៗ។ អ្នកជំនាញ ត្រូវព្យាបាលថ្ម ដោយប្រើប្រាស់ថ្នាំបែបវិទ្យាសាស្រ្ត។


 
ដើម្បីព្យាបាលថ្មប្រាសាទបាន អ្នកជំនាញ ត្រូវដើរសង្កេតមើលថ្មជាប្រចាំ។ លោក ណារី យល់ថា ការព្យាបាលថ្ម ពិបាកជាងព្យាបាលមនុស្ស ថ្វីបើមនុស្ស ឈឺអាចរត់ទៅរកពេទ្យ។ ប៉ុន្តែថ្ម មិនអាចនិយាយ និងដើរទៅរកគ្រូពេទ្យបានទេ។ 
 
«ការព្យាបាលថ្ម ត្រូវធ្វើដោយថ្នមៗ ដូចមនុស្សចាស់។ ថ្ម កាលណាវាចាស់ និងពុកផុយទៅហើយ យើងមិនអាចប៉ះធ្ងន់ៗបានទេ។ យើងថ្នមដូចមនុស្សចាស់ចឹង។ យើង អាចទ្រាប់ថ្ម កុំឱ្យបាក់បែក ដោយប្រើកម្លាំងតិចៗ»។ នេះជាការពន្យល់របស់លោក ឡុង ណារី។ 
 
បណ្ដុះបណ្ដាល ជំនាញអភិរក្សថ្ម បន្តដល់កូនខ្មែរជំនាន់ក្រោយ
 
ការងារអភិរក្សប្រាសាទ ជាការងារដ៏សំខាន់បំផុតមួយ ដើម្បីឱ្យប្រាសាទទាំងអស់នៅឈរបានបន្តទៅអនាគត។ កិច្ចការអភិរក្សប្រាង្គប្រាសាទ ត្រូវបានយកចិត្តទុកដាក់ខ្លាំងពីអាជ្ញាធរជាតិអប្សរា និងអ្នកជំនាញបរទេស។ អ្នកជំនាញផ្នែកអភិរក្ស កំពុងខ្វះខាត ដែលធ្វើឱ្យអាជ្ញាធរជាតិអប្សរា សម្រេចបណ្ដុះបណ្ដាលអ្នកជំនាញជនជាតិខ្មែរបន្ថែម។ 
 
បច្ចុប្បន្ន លោក ឡុង ណារី កំពុងបណ្ដុះបណ្ដាលសិស្សជំនាញអភិរក្សថ្ម ចំនួន២០នាក់ ដែលមានសិស្សស្រី ៦នាក់។ បើតាមគ្រូបណ្ដុះបណ្ដាលរូបនេះ ជំនាញអភិរក្សថ្ម ទើបបណ្ដុះបណ្ដាលសិស្សបាន២ជំនាន់តែប៉ុណ្ណោះ។
 
ចំណេះ និងជំនាញមួយនៅក្នុងការងារអភិរក្សថ្ម គឺសិស្ស ត្រូវសិក្សាពីការព្យាបាលជំងឺថ្មប្រាសាទ។ ប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ បានឆ្លងកាត់ការប្រែប្រួលអាកាសធាតុ ភ្លៀងធ្លាក់ និងកម្ដៅ អស់រយៈពេលប្រមាណ១ពាន់ឆ្នាំ។ ថ្មនៃប្រាសាទទាំងនោះ សុទ្ធតែមានបញ្ហាផ្សេងៗ ដែលត្រូវការព្យាបាល តាមបែបវិទ្យាសាស្រ្ត។


 
«ការងារអភិរក្ស ត្រូវការអ្នកជំនាញផ្នែក អភិរក្ស ដែលប្រៀបដូចជា ពេទ្យ និង វេជ្ជបណ្ឌិត ពីព្រោះមុនពេលយើងព្យាបាល យើងត្រូវសិក្សាជំងឺរបស់ថ្មហ្នឹង។ ថ្ម មានជំងឺច្រើន ដូច្នេះយើងត្រូវពិនិត្យ និងវាយតម្លៃ ដើម្បីរកថ្នាំព្យាបាលឱ្យត្រូវ។» នេះជាការពន្យល់របស់លោក ឡុង ណារី។ 
 
«ជាតិមុន ខ្ញុំ អាចជាអ្នកកសាងប្រាសាទ»
 
បំពេញការងារ៣៦ឆ្នាំមកហើយ កូនខ្មែររូបនេះ បានគិតថា ខ្លួនជាចំណែកមួយក្នុងការចូលរួមកសាងប្រាសាទកាលពីអតីតជាតិ។ ជាអ្នកអភិរក្សប្រាសាទ ណារី យល់ថា ការងារនេះ ជានិស្ស័យរបស់លោកពីមុន។ បុរសរូបនេះ ចំណាយពេលនៅជាមួយប្រាសាទច្រើន ជាងផ្ទះរបស់លោករយៈពេលជិតពាក់កណ្ដាលជីវិតទៅហើយ។ 
 
«ខ្ញុំតែងតែគិតថា ប្រហែលពីជាតិមុន កាលជំនាន់ស្ដេច យើងជាមនុស្សម្នាក់នៅតាមបម្រើស្ដេច ឬខ្លួនឯង ជាចំណែកមួយ ដែលបានកសាងប្រាសាទកាលពីជាតិមុន។ ដូច្នេះ ខ្ញុំ ហាក់មាននិស្ស័យជាមួយប្រាសាទ។» លោក ឡុង ណារី ថ្លែងយ៉ាងរីករាយដូច្នេះ។ 
 
ទោះបីមានវ័យចាស់ លោក ណារី នៅតែធ្វើដំណើរមកការដ្ឋាននៅតាមប្រាសាទដដែល។ លោក កំពុងបណ្ដុះបណ្ដាលសិស្សជំនាញ អភិរក្សថ្ម នៅប្រាសាទបន្ទាយសំរ៉ែ។ អ្នកជំនាញព្យាបាលថ្មរូបនេះ ចង់បំពេញការងារជាមួយប្រាសាទរហូតដល់ពេលចូលនិវត្តន៍៕ 
 
 

Tag:
 ព្យាបាលថ្ម
  អភិរក្សប្រាសាទ
  រមណីយដ្ឋានអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com