កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ អារ៉ាប៊ីសាអូឌីត និងថៃ កក់កៅអីវគ្គ១៦ក្រុម
× អារ៉ាប៊ីសាអូឌីត ដែលមានគូ្របង្វឹកលោក Roberto Mancini បានឈានជើងឡើងវគ្គ ១៦ក្រុមចុងក្រោយ នៅក្នុងការប្រកួតពានរង្វាន់ AFC Asian Cup 2023 ក្នុងប្រទេសកាតាថ្ងៃទី២១ ខែមករា ក្រោយឈ្នះក្រុមកៀហ្ស៊ីស្ថាន លទ្ធផល ២-០ ។ ថៃ រកបានឱកាសក្នុងការឡើងទៅវគ្គបន្ទាប់ជាលើកទី២ ក្រោយបញ្ចប់លទ្ធផលស្មើ ០-០ ជាមួយនឹងអូម៉ង់។
ជ័យជម្នេះនេះ បានជួយឱ្យអារ៉ាប៊ីសាអូឌីត ចូលរួមជាមួយនឹងក្រុមម្ចាស់ផ្ទះកាតា, អ៊ីរ៉ង់, អ៊ីរ៉ាក់ និងអូស្ត្រាលី ដែលជាក្រុមកក់កៅអីទៅវគ្គបន្ទាប់ ក្រោយឆ្លងកាត់ការប្រកួតក្នុងវគ្គចែកពូល។
ចំណែកថៃ អាចទប់ទល់ជាមួយនឹងអូម៉ង់ ដោយលទ្ធផលស្មើគ្នានេះ បានធ្វើឱ្យលោក Masatada ដែលជាគ្រូបង្វឹករីករាយខ្លាំងចំពោះ កាលទទួលបាន១ពិន្ទុ ដើម្បីផ្តល់ឱកាសដល់ក្រុមអាចឡើងទៅវគ្គ ១៦ក្រុម បន្ទាប់ពីឆ្នាំ ២០១៩ ធ្លាប់សម្រេចបានម្ដងហើយ។
នៅក្នុងការប្រកួតអូម៉ង់ បានដាក់សម្ពាធខ្លាំងទៅលើជើងខ្លាំងមកពីតំបន់អាស៊ាន ដើម្បីស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេ បន្ទាប់ពីប្រកួតទីមួយ បានចាញ់ក្រោមថ្វីជើងអារ៉ាប៊ីសាអូឌីត។ តែយ៉ាងណាក្រុមរហស្សនាមដំរីចម្បាំង មិនបណ្តែតបណ្តោយឱ្យសំណាញ់ទីខ្លួនរបូតដោយងាយៗឡើយ ក្រោយពេលដែលពួកគេទើបរកបាន ៣ពិន្ទុ ពីការប្រកួតលើកទីមួយ ក្នុងពូលរួច។ អារ៉ាប៊ីសាអូឌីត មាន៦ពិន្ទុ ឈរកំពូលតារាង ខណៈថៃ មាន៤ពិន្ទុ ឈរលេខ២ ដែលជាក្រុមកក់កៅអីវគ្គ១៦ក្រុម។
ក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក៏មិនទាន់អស់សង្ឃឹមដែរ ព្រោះត្រូវប្រជែងក្នុងនាមជាក្រុមលេខ ៣ ល្អ ចំនួន ៤ក្រុម ដើម្បីទៅបំពេញវគ្គ ១៦ក្រុម។
សម្រាប់ការប្រកួតបន្ទាប់នៃជុំទី៣ វគ្គចែកពូល នាថ្ងៃទី២២ ខែមករា ម្ចាស់ផ្ទះកាតា ដែលឈ្នះបានកៅអីហើយនោះ ត្រូវជួបក្រុមចិន ដែលកំពុងមានប្រៀបទៅកាន់វគ្គបន្តក្នុងពូល A ។ ចំណែកលីបង់ ត្រូវជួបក្រុម តាជីគីស្ថាននៅក្នុងការប្រកួតនេះ ខណៈក្រុមទាំង ២ សុទ្ធសឹងតែមានឱកាសប្រជែងដូចគ្នា។
អារ៉ាប៊ីសាអូឌីត នឹងត្រូវប៉ះថៃ សម្រាប់ការប្រកួតចុងក្រោយក្នុងពូល F នៅថ្ងៃទី២៥ ខែមករា នៅវេលាម៉ោង ១០យប់ (ម៉ោងនៅកម្ពុជា) ខណៈដែលអូម៉ង់ ត្រូវប៉ះកៀហ្ស៊ីស្ថាន នៅវេលាដូចគ្នា ដែលជាការប្រកួតវគ្គចែកពូលចុងក្រោយ៕
© រក្សាសិទ្ធិដោយ thmeythmey.com