ជាតិ
បេះដូងឪពុក! លោក សារឿន ជិះម៉ូតូឌុបកូនស្រីពីស្វាយរៀងទៅចូលរួម «សំណេរអង្គរ» នៅសៀមរាប
22, Jan 2024 , 12:18 pm        
រូបភាព
ដោយ៖ ហេង ស្រីលីន និងសែម ប្រាក់ដាវ
 
«ពាក្យថាឪពុកទុកជាចំណង ដូចខ្សែរឹតចងភ្ជាប់នឹងវាសនា ឧបសគ្គលំបាកមិនអាចតវ៉ា ទោះក្ស័យសង្ខារធ្វើដើម្បីកូន»។ ហទ័យដ៏ធំធេងរបស់លោក អ៊ឹម សារឿន ចំពោះយុវតី ប៉ុល សុវណ្ណដា មិនខុសពីអត្ថន័យនៃបទចម្រៀង «បេះដូងឪពុក» របស់លោក ដួង វីរៈសិទ្ធនោះឡើយ។ ដើម្បីលើកទឹកចិត្តកូនស្រីដែលស្រឡាញ់អក្សរសាស្ត្រ បុរសម្នាក់នេះ បានជិះម៉ូតូឌុបកូនពីខេត្តស្វាយរៀងទៅកាន់ខេត្តសៀមរាប ដើម្បីចូលរួមកម្មវិធីសរសេរតាមអាន «សំណេរអង្គរ»។

 
កញ្ញា ប៉ុល សុវណ្ណដា ស្ថិតក្នុងចំណោមបេក្ខជនជាង៧០០រូបដែលបានចូលរួមប្រឡងសរសេរតាមអាន «សំណេរអង្គរ» ជាលើកដំបូងនៅកម្ពុជា នាថ្ងៃទី២១ ខែមករា។ ជាអតីតទាហានមួយរូបដែលធ្លាប់ឈរជើងនៅខេត្តសៀមរាប លោក អ៊ឹម សារឿន បានស្ម័គ្រចិត្តដោយឥតលក្ខខណ្ឌដើម្បីជិះម៉ូតូឌុបកូនស្រី ពីខេត្តស្វាយរៀង លើចម្ងាយជាង៣០០គីឡូម៉ែត្រ ឆ្ពោះទៅកាន់ទឹកដីនៃបេតិកភណ្ឌពិភពលោក។

អត្ថបទទាក់ទង
 
លើកទឹកចិត្តកូនជានិច្ច រាល់ការសិក្សារៀនសូត្រ និងការដកបទពិសោធន៍ចំណេះវិជ្ជា

«ខ្ញុំរំភើបចិត្តដែលកូនតស៊ូរៀនសូត្រ ស្រឡាញ់ការសិក្សា អក្សរសាស្ត្រខ្មែរ ខ្ញុំជួយលើកតម្កើង លើកទឹកចិត្តគ្នា កុំឱ្យកូនខ្ញុំខំប្រឹងរៀនហើយ អត់មានអ្នកលើកទឹកចិត្ត»។ លោក សារឿន បានបញ្ជាក់យ៉ាងដូច្នេះក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ដោយលោកបានចេញដំណើរខេត្តស្វាយរៀងនៅម៉ោង៣យប់ ហើយបានទៅដល់ខេត្តសៀមរាបនៅម៉ោង១រសៀល នារយៈពេលមួយថ្ងៃ មុនដំណើរការប្រកួតប្រជែងសរសេរតាមអាន។
 

 
«បេះដូងឪពុកផ្ទុកការស្រឡាញ់ រុំដោយសំណាញ់ព្រហ្មវិហារធម៌ ឪពុកអ្នកមាន ឬក៏អ្នកក្រ ចង់ឲ្យកូនល្អ រស់មានកិត្តិយស»។ ជាឃ្លោងឃ្លាក្នុងបទចម្រៀងរបស់លោក ដួង វីរៈសិទ្ធ ក៏ពិតមែន ប៉ុន្តែវាតំណាងឱ្យអ្វីគ្រប់យ៉ាងដែលឪពុកបានធ្វើចំពោះកូនស្រី ប្រៀបដូចជាកាយវិការរបស់លោក សារឿន ចំពោះ សុវណ្ណដា យ៉ាងដូច្នេះដែរ។

តើមានអ្វីត្រូវថ្លែងទៅកាន់លោកឪពុកដែរឬទេ? «អរគុណគាត់ខ្លាំងមែនទែន គាត់ជិះមករងាណាស់ ហើយគាត់បាំងខ្យល់ឱ្យទៀត»។ សុវណ្ណដា បានបញ្ជាក់យ៉ាងដូច្នេះ មកកាន់សារព័ត៌មានឌីជីថលថ្មីៗ ដោយក្រសែភ្នែករំពៃទៅមើលឪពុកប្រកបដោយស្នាមញញឹម។
 

 
សម្រាប់លោក សារឿន វិញ ចម្លើយគឺដដែលពោលគឺគ្មានអ្វីដែលហួសពីការលើកទឹកចិត្តនោះឡើយ។ «ខ្ញុំគ្មានអ្វីក្រៅតែពីលើកទឹកចិត្តទេ! ហើយខ្ញុំស្រឡាញ់កូន និងលើកទឹកចិត្តកូនក្នុងការរៀនសូត្រ។  ខ្ញុំសប្បាយចិត្តពេលឃើញកូនខំសិក្សា»។ 
 

អតីតទាហានរូបនេះ បានបញ្ជាក់ថា លោកមិនខ្លាចនឿយហត់នោះឡើយ កូនចង់ទៅណាក៏ដោយ ឱ្យតែទាក់ទងនឹងការសិក្សារៀនសូត្រ និងការដកបទពិសោធន៍ចំណេះវិជ្ជា គឺលោកតាមកូនជានិច្ច។ លោក សារឿន ក៏បានសំណូមពរដល់ឪពុកម្តាយអាណាព្យាបាលទាំងអស់ នាំគ្នាលើកទឹកចិត្តកូនដែលខំប្រឹងប្រែងសិក្សារៀនសូត្រ កុំឱ្យគ្នាបាក់ទឹកចិត្ត។ លោកបន្ថែមថា ការរៀនសូត្រ ឬការប្រកួតប្រជែងនានា ជាប់ និងមិនជាប់ជារឿងធម្មតា ដូចជាអ្នកប្រដាល់ដែលមានឈ្នះ មានចាញ់ ចាញ់យ៉ាងដូច្នេះដែរ ជាក់ស្តែងការរៀនសូត្រ មិនមែនមានតែយើងទេ គេក៏ខំប្រឹងរៀនដូចគ្នា។
 
នឹកទិដ្ឋភាពសរសេរតាមអានកាលពីថ្នាក់ទី៩ចុះ..
គោលដៅយកលេខ១? សុវណ្ណដា ស្គាល់សមត្ថភាពរបស់ខ្លួនឯងច្បាស់។ សម្រាប់បេក្ខនារីរូបនេះ វត្តមានរបស់ខ្លួនក្នុងកម្មវិធី «សំណេរអង្គរ» ក្រៅពីការលើកទឹកចិត្តពីសំណាក់ឪពុក និងស្មារតីស្រឡាញ់អក្សរសាស្ត្រខ្មែរ គឺនាងចង់រំលឹកនូវអ្វីដែលខ្លួនធ្លាប់បានអនុវត្តកន្លងមកនៅសាលារៀនមុនចូលថ្នាក់ទី១០។


 
«ចាប់ពីថ្នាក់ទី១០ឡើងទៅ គេលែងសរសេរតាមអានហើយ អ៊ីចឹងទៅ ខ្ញុំនឹកឃើញទិដ្ឋភាពកាលនៅថ្នាក់ទី៩ ចុះ។ ខ្ញុំចង់ចូលរួម»។ សុវណ្ណដា បានបញ្ជាក់យ៉ាងដូច្នេះ ដោយបច្ចុប្បន្ននាងកំពុងសិក្សាជំនាញពីរនៅសាកលវិទ្យាល័យស្វាយរៀង គឺជំនាញអក្សរសាស្ត្រខ្មែរ និងជំនាញអក្សរសាស្ត្រអង់គ្លេស។
 
ក្នុងចំណោមបេក្ខជនជាង៧០០អង្គ/នាក់ ដែលមានអាយុចាប់ពី១០ឆ្នាំ ដល់ជាង៦០ឆ្នាំ លទ្ធផលដែលសុវណ្ណដា ទទួលបានពិតជាពិសេសខ្លាំងសម្រាប់នាង។ បេក្ខនារីវ័យ១៩ឆ្នាំរូបនេះ ស្ថិតក្នុងចំណោម២២រូបដែលទទួលបានរង្វាន់លួងចិត្ត។ ទៅតាមលំដាប់លំដោយ សុវណ្ណដា ស្ថិតក្នុងចំណោមបេក្ខជន១០រូប ទទួលបានសៀវភៅស្តីពីព្រះរាជទស្សនកិច្ចទៅកាន់ប្រទេសបារាំងរបស់ព្រះបាទ ស៊ីសុវត្ថិ។
 


«ការមកសរសេរតាមអាននេះ ធ្វើឱ្យខ្ញុំកាត់បន្ថយការសរសេរខុសច្រើន ហើយអ្នកផ្សេងក៏បានរៀនសូត្រពីប្រព្រឹត្តិការណ៍នេះ ដែរ»។ នេះជាការលើកឡើងរបស់ សុវណ្ណដា ដែលចងចាំថា ខ្លួនសរសេរខុស៥ពាក្យ ហើយចង់ឱ្យមានកម្មវិធីប្រកួតសរសេតាមអានបែបនេះនៅតាមបណ្តាខេត្តសម្រាប់ឆ្នាំក្រោយៗទៀត។ 
 
ចេង រតនា ម្ចាស់ជ័យលាភី ដោយសរសេរខុសតែ២ពាក្យ
កម្មវិធី«សំណេរអង្គរ» គឺជាការប្រឡងសរសេរតាមអានជាសាធារណៈលើកទី១ ដែលធ្វើឡើងនៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត កាលព្រឹកថ្ងៃទី២១មករា។ លទ្ធផលប្រកាសដោយគណៈកម្មការ បានបង្ហាញថា បេក្ខជន ចេង រតនា គឺទទួលបានជ័យលាភីលេខ១ ដោយបេក្ខជនរូបនេះ សរសេរខុសតែ២ពាក្យប៉ុណ្ណោះ បេក្ខជន វ៉ន រីដា ទទួលបានជ័យលាភីលេខ២ សរសេរខុស ៣ពាក្យ និងលេខ៣ បានលើទៅបេក្ខនារី យ៉ោប សុឃាក់។ បេក្ខនារីរូបនេះ សរសេរខុសតែ ៣ពាក្យដូចគ្នា។
 
ផ្តួចផ្តើមឡើងដោយ លោក លីម ប៊ុនហុក រួមទាំងក្រុមការងារសារព័ត៌មានឌីជីថលថ្មីៗ កម្មវិធី «សំណេរអង្គរ» ទទួលបាននូវការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរជាតិអប្សរា, សាកលវិទ្យាល័យអង្គរ, អង្គការស៊ីប៉ា, ភាគីពាក់ព័ន្ធ និងម្ចាស់ឧបត្ថម្ភកម្មវិធីជាច្រើនទៀត៕
 






Tag:
 សំណេរអង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com