ជាតិ
ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ឯកភាពបែងចែកភារកិច្ច និងទទួលខុសត្រូវលើទីផ្សារ និងតម្លៃកសិផល
22, Jan 2024 , 8:19 pm        
រូបភាព
ក្រសួងពីរ បានប្រជុំរកដំណោះស្រាយ និងអភិវឌ្ឍន៍លើការងារផលិតផលកសិកម្ម និងទីផ្សារ សម្រាប់ប្រជាពលរដ្ឋ នៅថ្ងៃទី២២ មករា នាទីស្តីការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។



តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារក្រសួងទាំងពីរ បានឯកភាពគ្នា លើការបែងចែកភារកិច្ច និងការទទួលខុសត្រូវ លើខ្សែច្រវាក់ផលិតកម្ម ទីផ្សារ និងថ្លៃកសិផល ។ ជាពិសេសរៀបចំឱ្យមានកិច្ចប្រជុំក្រុមការងារចម្រុះ ដោយត្រូវអញ្ជីញអភិបាលរងខេត្តទទួលបន្ទុកិច្ចការនេះ និងមន្ទីរពាក់ព័ន្ធទាំងពីរ មកចូលរួម ដើម្បីរៀបចំក្រុមការងារចម្រុះនៅតាមខេត្តជាដើម។
ជាមួយគ្នានេះ តំណាងក្រសួងទាំងពីរ ក៏បានពិភាក្សាគ្នា ពីការបង្កើតក្រុមការងារមួយដើម្បីចូលរួមអនុវត្តន៍កម្មវិធីគោលនយោបាយអាទិភាពទី៥ របស់រដ្ឋាភិបាល។ 
 
ដោយឡែកស្ថានភាពផលិតកម្មដំណាំស្រូវ ការប្រមូលទិញស្រូវ ការរក្សាទុក ការកែច្នៃការនាំចេញអង្ករ សន្តិសុខស្បៀង ការបែងចែកការងារអនុវត្តបន្ត និងរៀបចំឱ្យមានក្រុមការងារពិសេសមួយ ដើម្បីពិនិត្យនិងពិគ្រោះយោបល់ សំដៅរកវិធីសាស្ត្រលើកកម្ពស់ការប្រើប្រាស់ប្រភេទពូជស្រូវក្នុងស្រុក ក៏ត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំផងដែរ។
 
កាលពីឆ្នាំ២០២៣ កម្ពុជាបាននាំចេញកសិផលសរុបចំនួន ៨ ៤៤៩ ៤១៤,៣៦តោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះការនាំចេញអង្ករមានចំនួន ៦៥៦ ៣២៣,០០តោន កើនឡើង៣ភាគរយ និងស្រូវ ២ ៧៣០ ៨២៥,០០តោន កើនឡើង២៤ភាគរយ។​ ដ្បិតការនាំចេញស្រូវអង្ករមានការកើនឡើង ប៉ុន្តែ ការនាំចេញកសិផលជារួម ថយចុះជិត២ភាគរយ។ 
 
តាមការប៉ាន់ប្រមាណ កម្ពុជាទទួលបានចំណូល ៤ ៣០៦ ៨១០ ២៦៨,៥០ដុល្លារ ពីការនាំចេញកសិផលទាំងនេះ ក្នុងនោះតម្លៃបានពីការនាំចេញអង្ករមានចំនួន ៥៦៧ ៧១៩ ៣៩៥ដុល្លារ, ស្រូវ ៩៣៩ ៩៦៥ ៦៨២ដុល្លារ និងកសិផលក្រៅពីស្រូវ-អង្ករ ២ ៧៩៩ ១២៥ ១៩១,៥០ដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេល១២ ខែឆ្នាំ២០២៣នេះ ៕
 

Tag:
 កសិកម្ម
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com