ជាតិ
មេដឹកនាំបក្សកាន់អំណាចកម្ពុជា និងរុស្ស៊ី រួមគ្នាប្រឆាំងបដិវត្តន៍ព័ណ៌ និងការជ្រៀតជ្រែកផ្ទៃក្នុងរដ្ឋដទៃ
23, Jan 2024 , 9:58 am        
រូបភាព
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសន្ទនាជាមួយលោក ឌីម៉េទ្រី ម៉េដវេដេវ (Dimitri Medvedev) ប្រធានគណបក្សរុស្ស៊ីរួបរួម តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២២ មករា។ មេដឹកនាំបក្សកាន់អំណាចប្រទេសទាំងពីរ បានឯកភាពរួមគ្នាប្រឆាំងបដិវត្តន៍ព័ណ៌ និងការជ្រៀតជ្រែកផ្ទៃក្នុងប្រទេសដទៃ។



ជំនួបពិភាក្សា រយៈពេល២០នាទី រវាងសម្ដេច ហ៊ុន សែន និងលោក ម៉េដវេដេវ បានវាយតម្លៃខ្ពស់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី កន្លងមក។ មេដឹកនាំទាំងពីរ ក៏បានគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខណ្ឌវេទិកាទ្វេភាគី ,វេទិកាពហុភាគី និងវេទិកាតំបន់ ដែលជាកិច្ចពិភាក្សាស៊ីជម្រៅ នៅក្នុងការរួបរួមគ្នា ជាពិសេសការពារផលប្រយោជន៍នៃតំបន់រៀងៗខ្លួន ។ 
 
មេដឹកនាំបក្សកាន់អំណាចប្រទេសទាំងពីរ ក៏ប្ដេជ្ញាពង្រឹងកិច្ចសហការពហុភាគីនិយមឱ្យបានត្រឹមត្រូវនៅក្នុងតំបន់ និងក្នុងពិភពលោកទៀតផង។«កិច្ចសហប្រតិបត្តិការពហុភាគីនិយម នឹងបង្កើតបរិយាកាសឲ្យយើងអាចយោគយល់គ្នា នឹងជួយគ្នាទៅវិញទៅមក ទៅតាមភាពចាំបាច់ ស្របតាមច្បាប់ ដែលយើងបានគោរពនៅក្នុងអង្គការសហប្រជាជាតិ»។ នេះបើតាមហ្វេសប៊ុកសម្ដេច ហ៊ុន សែន ដែលបានស្រង់សម្តីនៅក្នុងជំនួបសន្ទនាជាមួយលោក មេដវេដេវ។
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន និងលោក ម៉េដវេដេវ ក៏បានមើលឃើញពីភាពចាំបាច់ នៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងបដិវត្តន៍ព័ណ៌ និងលុបបំបាត់គំនិតជ្រៀតជ្រែកផ្ទៃក្នុងប្រទេសដទៃ។ មេដឹកនាំទាំងពីរ ចាត់ទុកបញ្ហានេះ គឺជាចំណុចមួយ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ។
 
«ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺជាចំណុចមួយនៃការគំរាមកំហែងដល់សន្តិសុខជាតិរៀងៗខ្លួន ដូច្នេះយើងនឹងរួបរួមគ្នា ដើម្បីធ្វើយ៉ាងណាក៏ដោយ កុំឱ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយជួយមើលគ្នា និងចែករំលែកបទពិសោធន៍តាមភាពចាំបាច់»។ នេះជាសម្តីនៃកិច្ចសន្ទនារវាងមេដឹកនាំទាំងពីរ។
 
ទន្ទឹមនេះសម្ដេច ហ៊ុន សែន និងលោក ម៉េដវេដេវ ក៏បានគាំទ្រទៅលើកិច្ចសហប្រតិបត្តិការ និងកិច្ចពិភាក្សាផ្សេងៗ នៅវេទិកាធំៗ ដែលជាគំនិតផ្ដួចផ្ដើមរបស់រុស្ស៊ី រួមមាន សហគមន៍ប៊្រិដ (BRICS) ,សហគមន៍អឺរ៉ាស៊ី និងសហគមន៍រុស្ស៊ី-មេគង្គ ជាដើម ដែលភាគីទាំងពីរ នឹងផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការជាក់ស្ដែង។ មេដឹកនាំគណបក្សទាំងពីរ ក៏បានឯកភាពពិនិត្យមើលលើការងារណា ដែលអាចសហប្រតិបត្តិការលើកិច្ចព្រមព្រៀងចាស់ និងបង្កើននូវកិច្ចព្រមព្រៀងថ្មីទៅតាមលទ្ធភាព ៕

Tag:
 ហ៊ុន សែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com