ជាតិ
សេដ្ឋកិច្ច
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ទោះមានបញ្ហាប្រឈម
23, Jan 2024 , 10:40 am        
រូបភាព
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជ។ រូបពី CMA
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជ។ រូបពី CMA
ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានផ្ដួចផ្ដើម និងរៀបចំរបាយការណ៍ស្ដីពីឥទ្ធិពលមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​ ដោយឱ្យក្រុមហ៊ុន M-CRIL ជាអ្នកស្រាវជ្រាវ។ ក្រុមហ៊ុនស្រាវជ្រាវមួយនេះ រកឃើញថា វិស័យមីក្រូហិរញ្ញវត្ថុ បានជួយផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ច និងសង្គម ជាពិសេសអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG) នៅកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMA។

 
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការសិក្សាស្រាវជ្រាវនេះ បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់វិស័យមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់សិទ្ធិអំណាចផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ 
 
ក្រុមអ្នកជំនាញនៃអង្គភាពស្រាវជ្រាវនោះ បានចុះទៅប្រមូលព័ត៌មាននៅតាមមូលដ្ឋាន ជាង៤៥០ភូមិ ក្នុងខេត្តចំនួន១០ ដោយបានជួបសម្ភាសន៍ជាមួយអតិថិជន ៣២៦២នាក់។ ជាលទ្ធផល ២ភាគ៣ នៃពលរដ្ឋ ដែលបានខ្ចីកម្ចីទាំងនោះ មានភាពប្រសើរឡើង ក្នុងជីវិតរស់នៅ។ 
 
របាយការណ៍អង្គភាពស្រាវជ្រាវ បានបញ្ជាក់ថា មីក្រូហិរញ្ញវត្ថុផ្តល់សេវាជូនអតិថិជន ៥៨,៦ភាគរយ ហើយមាន៦៧ភាគរយ បានរាយកាណ៍ពីភាពប្រសើរឡើងយ៉ាងច្រើននៃជីវភាពប្រចាំថ្ងៃ។ ចំណុចជាវិជ្ជមាននេះ បានជួយកាត់បន្ថយភាពក្រីក្រ ជាពិសេសក្នុងចំណោមគ្រួសារក្រីក្រខ្លាំង។ វិស័យមីក្រូហិរញ្ញវត្ថុ បានចូលរួមចំណែកដោយផ្ទាល់ចំពោះសមភាពយេនឌ័រ ដោយចំនួន អ្នកទទួលកម្ចីជាស្ត្រី មានរហូតដល់ ៤៦ភាគរយ។ 
 
តាមរយៈកម្ចីរបស់មីក្រូហិរញ្ញវត្ថុ ក៏បានជួយពង្រីកអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូច ដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ ភាពល្អប្រសើរទាំងនេះ បានដើរស្របទៅនឹង SDG ជាច្រើនចំណុច ដូចជា SDGចំណុចទី១គ្មានភាពក្រីក្រ, SDG២គ្មានភាពអត់ឃ្លាន, SDG៣សុខភាពល្អ និងសុខុមាលភា, SDG៥សមភាពយេនឌ័រ, SDG៨ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច និងSDG១០កាត់បន្ថយវិសមភាពជាដើម។  នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CMA ដែលយល់ស្របតាមរបាយការណ៍នេះ។ 
 
ចំពោះរបាយការណ៍ដែល CMA រៀបចំឡើងនេះ ត្រូវបានលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ យល់ថា  CMA ផ្ដោតសំខាន់លើផលវិជ្ជមាន ព្រោះ CMA ស្ថិតក្នុងវិស័យមីក្រូហិរញ្ញវត្ថុដែរ។ យ៉ាងណា លោកពុំទាន់បានពិនិត្យឬឃើញរបាយការណ៍លម្អិត ស្ដីការសិក្សាស្រាវជ្រាវ នៃរបាយការណ៍នេះឡើយ។ 
 
ចំពោះស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានេះ អង្គការលីកាដូ អង្គការសមធម៌ និង BMZ របស់អាល្លឺម៉ង់ ធ្លាប់បានសិក្សាដែរ ហើយរកឃើញថា ស្ថានភាពពុំសូវល្អប្រសើរឡើង ពោលគឺអតិថិជនបានលក់អចលនទ្រព្យខ្លួន ដើម្បីដោះបំណុល ហើយអ្នកជាប់កម្ចីខ្លះ ក៏បានកាត់បន្ថយរបបអាហារផងដែរ។ លើសពីនេះ ក៏មានបញ្ហាប្រឈមជាច្រើន ដូចជា ពលកម្មកុមារ ការចំណាកស្រុក និងការរំលោភបំពាន់សិទ្ធិមនុស្សជាដើម។ នេះបើតាមលោក អំ សំអាត ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ ។  
 
បើតាមរបាយការណ៍សិក្សាខាងលើ ក៏បានបង្ហាញបញ្ហាខ្លះៗ ដូចលោក អំ សំអាត លើកឡើងដែរ។ ក្នុងរបាយការណ៍នោះ បង្ហាញថា ទំហំទឹកប្រាក់សម្រាប់ជនក្រីក្រដែលបានខ្ចី មានចន្លោះពី៣២០០ដុល្លារ ទៅ៦០០០ដុល្លារ។
 
រយៈពេល៥ឆ្នាំចុងក្រោយនេះ ជាមធ្យមអតិថិជនជាប់កម្ចីចំនួន៣ស្ថាប័ន ហើយក្នុងចំណោមពួកគេទាំងនោះ មាន៨៧ភាគរយ ដែលមិនទាន់សងកម្ចីទៅស្ថាប័នហិរញ្ញវត្ថុមួយ ឬពីរវិញឡើយ។ ជាមួយគ្នាដែរ ពលរដ្ឋមាន២៤ភាគរយ បានពន្យាការសងប្រាក់ ។ ក្នុងនោះ ពួកគេបានទៅខ្ចីមិត្ត សាច់ញាតិ សហការី និងពីអ្នកខ្ចីលុយ។ 
 
ទន្ទឹមនឹងនេះ មាន៥៩ករណី បានសម្រេចលក់ដីធ្លី ដើម្បីដោះបំណុល។ ក្រៅពីនេះ រកឃើញមានការរំលោភបំពានសិទ្ធិមនុស្ស ដោយបង្ខំឱ្យមានការសងប្រាក់ផងដែរ៕ 

Tag:
 CMA
© រក្សាសិទ្ធិដោយ thmeythmey.com