ជាតិ
មន្ត្រីប្រឆាំងផលិតផលក្លែងក្លាយ៤រូបទៀត ត្រូវបានបណ្ដេញពីក្របខណ្ឌ និងកាត់ផ្ដាច់ប្រាក់បៀវត្ស
23, Jan 2024 , 11:28 am        
រូបភាព
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា សម្រេចបណ្ដេញមន្រ្តីនគរបាល៤រូបទៀត ចេញពីក្របខណ្ឌ។ មន្រ្តីនគរបាលទាំង៤រូបនេះ បំពេញការងារនៅក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាព នៃក្រសួងមហាផ្ទៃ។



សេចក្តីប្រកាសរបស់លោក ស សុខា ចុះថ្ងៃទី១៨ មករា បានសម្រេចដកហូតតំណែង ឋានន្តរស័ក្តិ និងបណ្ដេញមន្ត្រី៤រូបនេះ ពីក្របខណ្ឌនគរបាល ក្រោមមូលហេតុល្មើសវិន័យកងកម្លាំង។ 
 
មន្ត្រីទាំង៤រូបនេះ រួមមានលោកពលបាលត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន, លោកពលបាលត្រី តាំង គង់ អនុប្រធានលេខាធិការដ្ឋាន ,លោកពលបាលត្រី ជូ ផល្លីឌីន អនុប្រធានលេខាធិការដ្ឋាន និងលោកពលបាលត្រី ខៃ វណ្ណៈ អនុប្រធានលេខាធិការដ្ឋាន។
 
ដោយឡែកប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗទៀត ត្រូវបានកាត់ផ្ដាច់ និងលុបចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចាប់ខែមេសា ២០២៤ទៅ។ នេះបើតាមសេចក្តីសម្រេចរបស់លោក ស សុខា។
 
គិតមកដល់ពេលនេះ មន្ត្រីនគរបាល មិនក្រោម៥០នាក់ទេ ដែលត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ក្រោមហេតុផលប្រើប្រាស់គ្រឿងញៀន ល្មើសវិន័យ និងបង្កបញ្ហាផ្សេងៗ។

អត្ថបទទាក់ទង
 

Tag:
 ស សុខា
  មន្ត្រីនគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com